Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី មានបេក្ខជន ជនជាតិដើមភាគតិច ជាង ៤០% ប្រឡងសញ្ញាបត្រទុតិយភូមិ

បានផុស

នៅ

ខេត្តរតនគិរី៖ កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ នៅ សាលប្រជុំសាលាខេត្តរតនគិរី នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបង្ហាញថា មានបេក្ខជន ជនជាតិដើមភាគតិច ជាង ៤០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ រៀបចំក្រោមអធិបតីភាពលោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ ប្រធានមន្ទីរសុខាភិបាល អភិបាលក្រុងស្រុក តំណាងស្នងការនគរបាល អាវុធហត្ថ និងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូប។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ ខេត្តរតនគិរី ឆ្នាំ ២០២១ នេះ សរុបមានចំនួន ១ ៣០៩ នាក់ មាន ស្រី ៦១១ នាក់។ ក្នុងនោះមានប្អូនៗជនជាតិដើមភាគតិចចំនួន ៥២៩ នាក់ ឬ ៤០,៤១ ភាគរយនៃបេក្ខជនសរុប ដោយមានស្រី ២២៣ នាក់។

លោក ខាត់ សាម៉ាល់ បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ មានចំនួន ២ មណ្ឌលប្រឡង។ ក្នុងនោះមាន មណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ស្ថិតក្នុងក្រុងបានលុង ថ្នាក់វិទ្យាសាស្រ្ដពិត មានចំនួន ១១ បន្ទប់ មានបេក្ខជនសរុប ២៧២ នាក់ ស្រី ១៥១ នាក់។ និងមណ្ឌលវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងក្រុងបានលុង ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន ៤២ បន្ទប់ មានបេក្ខជនសរុប ១ ០៣៧ នាក់ ស្រី ៤៦០ នាក់។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក គិត ទ្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យពិភាក្សាការងារចាំបាច់នានា ពិសេសលើផ្នែក សណ្ដាប់ធ្នាប់ សុវត្ថិភាពសុខាភិបាល ដើម្បីឱ្យសិស្សានុសិស្សទាំងអស់អាចប្រឡងបានដោយសុវត្ថិភាព និងដំណើរការបានជោគជ័យ និងមិនមានការរំខានពីជំងឺកូវីដ-១៩។

លោកក៏បានសំណូមពរដល់ភាគីអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តនូវបទដ្ឋានគតិយុត្តនានា និងយន្ដការកិច្ចការប្រឡង និងមានការពិនិត្យគាំទ្រជាប្រចាំ លើកិច្ចការគ្រប់គ្រងបច្ចេកទេស និងចុះពិនិត្យវាយតម្លៃដល់ទីតាំងមណ្ឌលប្រឡងផ្ទាល់ ដើម្បីពង្រឹងវិធានការអនាម័យ សុវត្ថិភាព សង្ឃឹមថាដំណើរការសំណេរខាងមុខ នឹងទទួលបានសុវត្ថិភាព សុខាមាលភាពតម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ (បេក្ខជនទាំងអស់បានជ្រើសរើសភាសាអង់គ្លេស)។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម