ព័ត៌មានជាតិ
វារីវប្បកររំពឹងការនាំចេញត្រីប្រាទៅទីផ្សារចិនមានទំហំធំខណៈកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរមិនទាន់មានពន្លឺ
វារីវប្បករ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចិញ្ចឹមត្រីប្រា ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន ក្រោយទទួលដំណឹងថា រដ្ឋាភិបាលប្រទេសទាំងពីរកំពុងសិក្សាពីលទ្ធភាពនៃការនាំចេញ។

គិតត្រឹមថ្ងៃទី ១៦ ខែធ្នូនេះ មានរយៈពេល ១០ថ្ងៃហើយ ដែលលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហើបដំណឹងការចរចាអំពីលទ្ធភាពនៃការនាំចេញត្រីប្រានេះ។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ទីផ្សារនាំទៅចិនមានទំហំធំ ដូច្នេះត្រីប្រាកម្ពុជា អាចនឹងនាំចេញបានច្រើន នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរចូលជាធរមាន។ លោកបន្តថា «កន្លងមកដោយសារវិបត្តិកូវីដ យើងចិញ្ចឹមខ្វះទីផ្សារ ចំណីក៏ថ្លៃ លក់ចេញបានតិចតួច អត់មានអ្នកទិញ ប៉ុន្តែបើរដ្ឋប្រកាសអំពីការនាំចេញច្បាស់លាស់ យើងទុកចិត្ត យើងមានលទ្ធភាពក្នុងផ្គត់ផ្គង់ការនាំចេញ»។
បើតាមលោក សុខ រ៉ាដែន បច្ចុប្បន្នត្រីប្រាមានតម្លៃ ៤១០០រៀល ទៅ ៤២០០រៀល ក្នុងមួយគីឡូ។ ប្រធានសមាគមវារីវប្បករកម្ពុជា រូបនេះថ្លែងថា បច្ចុប្បន្នកសិករ មានបទពិសោធន៍ និងបច្ចេកទេសក្នុងការចិញ្ចឹមច្បាស់លាស់ ដូច្នេះមិនខ្វះត្រីសម្រាប់ការងារនាំចេញនោះទេ។ ប៉ុន្តែអ្វីដែលពិបាក លោក រ៉ាដែន សង្កត់ធ្ងន់ថា« ទី១ គឺយើងនាំពូជចូលពីប្រទេសជិតខាង, ទី២ ចំណីសឹងតែ ១០០%នាំចូលពីប្រទេសគេ ហើយតម្លៃចំណីក៏ថ្លៃ …ហើយយើងត្រូវមានរចនាសម្ព័ន្ធប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ដែលជាមធ្យោបាយធ្វើឲ្យបានល្អ»។

កម្ពុជាថ្មី ព្យាយាមទាក់ទងមន្រ្តីនៃក្រសួងកសិកម្ម ប៉ុន្តែមិនទាន់មានការឆ្លើយតប។ ទោះយ៉ាងណា លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម ធ្លាប់បានប្រាប់កម្ពុជាថ្មីយ៉ាងខ្លីថា ក្រសួងកំពុងតែរៀបចំត្រួតពិនិត្យពិធីសារនៃការនាំចេញនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង)ថា ចិន កំពុងសិក្សាអំពីលទ្ធភាពនៃការនាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។
លោក វ៉ាង វិនធៀន បានថ្លែងដូច្នេះថា« ខ្ញុំមានដំណឹងល្អចំនួនពីរ ទី១ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សាវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈវីដេអូពីចំងាយ ជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តកូសង់ស៊ីស ក្នុងកិច្ចប្រជុំតាមរយៈវីដេអូរវាងលោក លី ឃើឈាង នាយករដ្ឋមន្រ្តីចិន ជាមួយសម្តេចតេជោ ហ៊ុន សែន…ប្រសិនបើរលូន មៀន និងត្រីប្រាកម្ពុជា នឹងនាំចេញទៅប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ»៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង