Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ-អង្គការហ្គូដណេប៊ឺសកម្ពុជារួមគ្នាលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា​

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង អនុវត្ត​គម្រោង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​យុវជន​កម្ពុជា តាមរយៈ​ការពង្រឹង​គុណភាព គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល បច្ចេកទេសនិង​វិជ្ជាជីវៈ​(TVET) និង​ការយល់ដឹង​របស់​សហ​គមន៍​។​

អនុស្សរណៈ​នៃ​ការយោគយល់​នេះ មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ខែធ្នូ ឆ្នាំ​២០២១ ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវបាន​ចុះហត្ថលេខា​រវាងលោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក JANG DONGWON នាយក​ប្រចាំ​ប្រទេស អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា​(GNC) នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​ការងារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត អ៊ិត សំហេង បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជួយ​គាំទ្រ​ដល់​វិស័យ​ជាច្រើន​ដល់​សង្គម និង​ការអភិវឌ្ឍ​កម្ពុជា ស្របតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល​ជាដៃគូ​អភិវឌ្ឍ និង​ជា​ដៃគូ​សន្ទនា​គ្នា​មួយ​ដ៏​មាន​សារសំខាន់​។​

លោក​រដ្ឋមន្ត្រីក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​អង្គ​ការដែល​បានជ្រើសរើស​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈជា​ដៃគូ​អនុវត្ត​នូវ​គម្រោង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​TVET​នេះ​ជាមួយគ្នាដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ចាត់ទុកថា​ធនធានមនុស្ស​ផ្នែក​នេះពិតជា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​

លោក JANG DONGWON បាន​មានប្រសាសន៍ថា កន្លងមកខាង​អង្គការ​របស់លោក​មិនទាន់មាន​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ​ជាមួយ​ខាង​ក្រសួងនៅឡើយ​ទេដូច្នេះ​ការចុះហត្ថលេខា​នេះ​ជាការ​បើកផ្លូវ​មួយ​សម្រាប់​អង្គការ​ក្នុងការ​សម្របសម្រួល​ជាមួយក្រុម​ហ៊ុន​ល្បីៗ ដែល​កំពុងមាន​ការចាប់​អារ​ម្មរណ៍ និង​តម្រូវការ​ខ្ពស់​ចំពោះ​ធនធានមនុស្ស​ខាង​ផ្នែក​TVET​នេះ​។​

លោក JANG DONGWON គូសបញ្ជាក់​បន្ថែមថា សម្រាប់​គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ដើម្បីលើកកម្ពស់​គុណភាព​ក​ម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់ យុវជន​ លើកកម្ពស់​ការទទួល​បាន​ការរៀន​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន និង​បង្កើន​ប្រព័ន្ធ​គាំទ្រ​ការទទួលបាន​ការងារ​ដល់​យុវជន​។​

លោក​បាន​បន្តទៀតថា​ ចំពោះ​សកម្មភាព​ដែល​ត្រូវអនុវត្ត រួមមានការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ រោង​ជាង និង​បន្ទប់ពិសោធន៍ ព្រមទាំងបំពាក់​ឧបករណ៍​សម្ភារ​បណ្តុះបណ្តាល​នៅតាម​គ្រឹះស្ថាន​គោលដៅ(​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​, វិទ្យាស្ថាន​អភិវឌ្ឍន៍ មុខជំនាញ​កម្ពុជា​-​ថៃ​,និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​),អភិវឌ្ឍ​កម្មវិធីសិក្សា​លើ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត ១,២,៣សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​/​បរិញ្ញាបត្ររង និង បរិញ្ញាបត្រ​បច្ចេកវិទ្យាលើ​ជំនាញ​៖ ម៉ាស៊ីនត្រជាក់ អគ្គិសនី និង បច្ចេកវិទ្យា​ព័ត៌មានព្រមទាំង​បណ្តុះបណ្តាល​គ្រូ​, រៀបចំ​ពិ​ពណ៌​ការងារ និង​ឱកាស​ការងារ និង​លើកកម្ពស់​ការទទួលបាន​ការរៀន​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន ក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។​

គួរ​បញ្ជាក់ថា ហ្គូ​ដ​ណេ​ប៊ឺ​ស​កម្ពុជា (Good Neighbors Cambodia) គឺជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ដៃគូ​ផ្សេងទៀត​របស់ អង្គការ ហ្គូ​ដ​ណេ​ប៊ឺ​ស ដែល​កំពុង​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ក្នុង ៣៧ ប្រទេស​ហើយ​បាននិងកំពុង​ប្រតិបត្តិការ​គម្រោង​របស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​២០០២ ដោយ​ផ្តោត​លើ​គម្រោង និង​កម្មវិធី​អភិវឌ្ឍន៍​រយៈពេល​វែង​សំខាន់ៗ មួយចំនួន​រួមមាន៖​

១. កម្មវិធី​គាំពារ និង​ការការពារ​កុមារ ២. កម្មវិធី​អប់រំ ៣. សុខភាព ៤. ទឹកស្អាត និង​អនាម័យ ៥. បរិស្ថាន ៦. កម្មវិធី​បង្កើត​ប្រាក់ចំណូល និង​ការកសាង​ភាពជា​ដៃគូ ៧. ការគាំទ្រ​មតិ និង ៨. កម្មវិធី​មនុស្សធម៌​។ សកម្មភាព​គម្រោង​ទាំងនេះធ្វើឡើង​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ (Community Development​Program) ចំនួន ៦​កម្មវិធី ស្ថិតក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង​ ក្រចេះ មណ្ឌលគិរី និង​រតនគិរី​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម