ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ នឹងអញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ធ្នូ
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡង ព្រះស៊ីសុវត្ថិ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅថ្ងៃទី២៥ខែធ្នូនេះ ថា លោករដ្ឋមន្ត្រី នឹងអញ្ជើញទៅដល់មណ្ឌលប្រឡង ព្រះស៊ីសុវត្ថិមុនម៉ោង ៧ព្រឹក ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ ដែលជាថ្ងៃបើកដំណើរការ សំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
នៅពេលសួរថាតើ លោករដ្ឋមន្ត្រី នឹងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានដែរឬទេ? លោក រស់ សុវាចា បានបញ្ជាក់ថា នៅមិនទាន់ដឹងនៅឡើយទេ វាអាស្រ័យទៅលើស្ថានភាព ជាក់ស្តែង។
មុនពេលជំងឺកូវីដ-១៩ រាតត្បាតពេល លោករដ្ឋមន្ត្រីអញ្ជើញទៅបើកវិញ្ញាសាប្រឡង លោកតែងតែមានការផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានយ៉ាងច្រើន។ ប៉ុន្តែនៅក្នុងកំឡុងពេល មានជំងឺកូវីដនេះថាតើលោក នៅតែបន្តផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានទៀត ឬយ៉ាងណានោះទេ?
យ៉ាងណាក៏ដោយ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២០ ខែធ្នូ ថា ក្រសួងនឹងមិនបន្ធូរបន្ថយ ចំពោះការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះនោះទេ ទាំងកម្រិតការដាក់វិញ្ញាសារ និងការរិតបន្តឹងវិន័យ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបណ្តាលឲ្យបិទសាលាមួយរយៈ ក៏ដោយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំការប្រឡង ទៅតាមស្តង់ដារ នៃការប្រឡងសញ្ញបត្រធម្យមសិក្សាទុតិយភូមិនេះ គឺដើម្បីធ្វើឲ្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅតែមានតម្លៃ និងមានគុណភាព ទោះបីជាប្រឡងនៅពេលណាក៏ដោយ។
លោក រស់ សុវាចា បានអំពាវនាវ ដល់បេក្ខជនប្រឡងបាក់ឌុប បន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ចូលរួមប្រតិបត្តិវិធានការ សុវត្ថិភាពសុខភាព ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ។ បង្កើនការប្រុងប្រយ័ត្ន ពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងបន្តអនុវត្តផែនការបុគ្គល ត្រៀមប្រឡងបាក់ឌុបរៀង ៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែង។
ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានណែនាំដល់បេក្ខជនប្រឡងត្រូវញ៉ាំ និងគេងឲ្យបានគ្រប់គ្រាន់ ព្រមទាំបរិភោគទឹកឲ្យបានច្រើនដើម្បីការពារសុខភាព ឲ្យបានល្អពិសេសត្រូវតាំងចិត្តឲ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម និងត្រូវរៀបចំទឹក ម៉ាស់ និងអាល់កុលលាងដៃឲ្យរួចរាល់ ដើម្បីដាក់តាមខ្លួន យកទៅមណ្ឌលប្រឡងបាក់ឌុប។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី ២៧ និង ២៨ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕
អត្ថបទ៖ សំអឿន
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក