Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនក្រុម វិល្លាម គ័ង ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកជាបណ្ដោះអាសន្ន​​

បានផុស

នៅ

លោក យ៉ាន សុភាព ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ វិ​ល្លាម គ័ង និង​បក្ខពួក ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​តំណាង​អយ្យការ បានធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​រួចមក ។​

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ក្រុមចោរប្លន់ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​៣​នាក់​ទៀត ត្រូវបាន លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើ​ក​ការ​ស៊ើ​ប​សួរ និង​ចោទ​ប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស សមគំនិត​ក្នុង​អំពើលួច​ ដោយមាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រមព្រហ្មទណ្ឌ មាត្រា ២៩ ត្រូវ​ចាត់ទុកជា​អ្នកសមគំនិត​ក្នុង​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ចំពោះ​បុគ្គល​ណា ដែល​ជួយ​សម្រួលដោយ​ចេតនា ដល់​ការប៉ុនប៉ង ឬ​ការសម្រេច​បទឧក្រិដ្ឋ ឬបទមជ្ឈិម​នោះ ដោយ​ផ្តល់ជំនួយ ឬ​ការឧបត្ថម្ភ​របស់ខ្លួន ។ អ្នកសមគំនិត​នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវបាន​សម្រេច ឬ​បាន​ប៉ុនប៉ង ។ អ្នកសមគំនិត​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារីដែរ ។ មាត្រា ៣៥៣ អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត របស់​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ។ ចំពោះ​មាត្រា ៣៥៧ អំពើ​លួច ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៣ឆ្នាំ ទៅ១០ឆ្នាំ ក្នុងករណី​ដូចតទៅ ១-​អំពើ​លួច​នេះ ប្រព្រឹត្តឡើង​មុនពេល ក្នុងពេល ឬ​ក្រោយពេល​ប្រើ​ហិង្សា ។ ២-​អំពើ​លួច​នេះ ប្រព្រឹត្ត​ដោយ​ការកាប់​គាស់​ទម្លុះទម្លាយ ។ ត្រង់​ម​ត្រា ៤៩០ បទ​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត គ្រប់​បុគ្គល​ដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន យកតាម​ខ្លួន ឬ​ដឹក​ជញ្ជូន​នូវ អាវុធ គ្រឿងផ្ទុះ ឬ​គ្រាប់រំសេវ​គ្រប់​ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) រៀល ។ ត្រូវ​ផ្តន្ទាទោស​ដូចគ្នា គ្រប់​បុគ្គល​ដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន យកតាម​ខ្លួន ឬ​ដឹកជញ្ជូន​អាវុធ​ដែល​ចូលក្នុង​ដែន​អនុវត្ត​របស់​មាត្រា ៤៨៩ ដែលជា​បទ​ផលិត ឬ​ធ្វើ​ចរាចរណ៍​អាវុធ​សម្រាប់​ប្រហារ​ផ្សេងទៀត នៃ​ក្រម​នេះ ។ ចំពោះ​មាត្រា ៦២៩ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ការ​ក្លែងបន្លំ ប្រព្រឹត្ត​នៅក្នុង​លិខិតយថាភូត ឬ​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​ឯកសារ​ដែល​ចេញ​ឱ្យ​ដោយ​រាជការ​សាធារណៈ ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬ​ឋានៈ ឬ​ដើម្បី​យល់ព្រម​ផ្ដល់​ការអនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។​

គួររំលឹកថា ករណី​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដែល​ក្រុមចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​យកបាន​គ្រឿង​ពេជ្រ​មួយចំនួន ប៉ុន្តែ​គេចខ្លួន​បានត្រឹមតែ​មួយ​យប់ ក៏​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​ដល់​សម្បុក​មេក្លោង​ធំ ដែលជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បាន​ប្រមូលយក​គ្រឿង​ពេជ្រ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​

តាម​ចម្លើយ​របស់​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ដែលជា​មេក្លោង និង​ជា​អ្នករៀបចំ​ផែនការ បាន​សារភាពថា សកម្មភាព​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ អ៊ា​ន សៀវ​ម៉ី នេះ គឺ​រូបគេ​ជា​អ្នក​រៀប​ផែនការ​មុន​តែមួយ​ថ្ងៃ​ទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥​នាក់ ខ្លួន​ជា​អ្នកដឹកនាំ​ផ្ទាល់​តែម្តង​។ កន្លងមក​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់​ចំនួន​០២​លើក​ ទី​១​គឺ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានធ្វើ​សកម្មភាព​ប្លន់ ម្ចាស់​បុរី ម៉ន ដា​នី នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តែ​មិនបាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជនរងគ្រោះ​មិនបាន​នៅក្នុង​រថយន្ត​ដែល​ពួកគេ​បាន​ស្ទាក់​ប្លន់ ក៏​ក្លែង​ធ្វើជា​សួរនាំ​ក្នុងនាម​សមត្ថកិច្ច ហើយ​ពេលនោះ​រូបគេ វិ​ល្លាម គ័ង មិនបាន​ចូលរួម​ទេ គឺ​ឲ្យ​តែ​កូនចៅ ០៥​នាក់ អាវុធ​វែង​០១​ដើម អាវុធខ្លី​០២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច​ចុះទៅ​ធ្វើ​សកម្មភាព​។​

ការចេញ​សកម្មភាព​ប្លន់​លើក​ទី​២​គឺ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ក្រុម​គេ​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺ​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច និង​ក្លែង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ចុះទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅផ្ទះ​អ្នកលក់​ឡេ​អន​ឡាន​ឈ្មោះ អ៊ា​ន សៀវ​ម៉ី បានសម្រេច​ដោយ​ប្រមូលបាន​គ្រឿង​ពេជ្រ​មួយចំនួន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម