ព័ត៌មានជាតិ
ទូតឡាវថា នឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន
លោក អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតនៃប្រទេសឡាវប្រចំាព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈលោកត្រូវចប់អាណត្តិបេសកម្មការទូតនៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស បានជម្រាបសម្តេច ហេង សំរិន ថា ខិតខំកៀរគរប្រជាជនឡាវឲ្យបានច្រើនមកទស្សនានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់លោក អាំផៃ ឃីនដាវង្ស នៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។ សម្តេច បានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោក អាំផៃ ឃីនដាវង្សនៅកម្ពុជា ត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសទំាងពីរនៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ចំណែក លោក អាំផៃ ឃីនដាវង្ស បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិននេះ។ លោកថា ទោះបីនៅក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជាងបីឆ្នាំនៅកម្ពុជាយ៉ាងណាក្តី តែលោកបានខិតខំជំរុញ និងលើកកម្ពស់ឱ្យមានដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណី និងបងប្អូនរវាងប្រទេស និងប្រជាជនឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។
លោកឯកអគ្គរដ្ឋទូតឡាវ បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ។ ដោយឡែកនៅក្នុងឱកាសដែលជំងឺកូវីដ១៩រាតត្បាតនេះ កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាង និងសម្ភារៈ បរិក្ខាពេទ្យដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការ និងភាពចំាបាច់នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាពិសេស នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវមកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា១៣លានដុល្លារ និងសម្ភារពេទ្យជាច្រើនដល់ប្រទេសឡាវ។
លោកឯកអគ្គរដ្ឋទូតឡាវ ក៏បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស បានគូសបញ្ជាក់ថា ទោះបីលោកត្រូវចាកចេញពីកម្ពុជាទៅបំពេញភារកិច្ចការថ្មីក្តី តែលោកនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន។
សម្តេច ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន និងជាប្រធានអាស៊ាន។ ដូច្នេះ សម្តេច សង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីនៅលើឆាកអន្តរជាតិដ៏មានសារៈសំខាន់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ