ព័ត៌មានជាតិ
អ្វីទៅជាអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២?
ថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាអធិបតីក្នុងកម្មវិធីផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ។ កម្មវិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ដោយមានការចូលរួមពីអង្គទូតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានទាំងនៅក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បង្ហាញពីការខិតខំប្រឹងប្រែងលើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយ ដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ “ទាំងអស់រួមគ្នា” ក្នុងការធ្វើសកម្មភាពរួមគ្នាសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីចង្កោមចំនួនបួន នៃបញ្ហាប្រឈម ដែលមានផលប៉ះពាល់ជាយុទ្ធសាស្ត្រមិនត្រឹមតែនៅក្នុងអាស៊ាន រួមមាន តម្រូវការចាំបាច់បន្ទាន់ ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ សម្ពាធដ៏ធ្ងន់ធ្ងរ ដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមផ្នែកសន្តិសុខទាំងជាប្រពៃណី និងមិនមែនជាប្រពៃណីដែលមានស្រាប់ និងបញ្ហាប្រឈមផ្ទៃក្នុង និងនៅក្នុងស្ថាប័នរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាពនានារបស់អាស៊ាន នៅឆ្នាំ២០២២ ត្រូវបានកំណត់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
នៅក្នុងន័យនេះ ប្រមុខកាទូតកម្ពុជាបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ក្រោមសសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សម្រាប់អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន ការថែរក្សា និងពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់សន្តិភាព និងវិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្តិភាពពិភពលោក និងបង្កើនសន្ទុះ និងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ ការយកចិត្តទុកដាក់ជាបន្ទាន់នេះ គឺដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន ដែលត្រូវបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ក្នុងខែមេសា ឆ្នាំ២០២១ និងគោលការណ៍តម្រង់ទិសនៃធម្មនុញ្ញអាស៊ាន។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជា ក៏មានបំណងបញ្ចប់ដំណើរការនៃការទទួលយកប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ានផងដែរ ហើយលោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពីផែនការរៀបចំព្រឹត្តិការណ៍អមធំៗចំនួនពីរ រួមមាន កិច្ចសន្ទនាជាសកលរបស់អាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយវិបត្តិជំងឺកូវីដ-១៩ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដីអាស៊ានលើកទី២ ស្តីពីសហគ្រិនភាព។
សូមបញ្ជាក់ថា អាទិភាពសំខាន់ៗមួយចំនួនក្រោមសរសរស្តម្ភសេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងកម្មវិធីនោះ មានដូចជា ការធានាបាននូវការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើមនានា សម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការដាក់ឱ្យអនុវត្តភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ លើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងការលើកកម្ពស់សហគ្រិនភាពក្នុងចំណោមស្ត្រី ជំរុញការតភ្ជាប់ឌីជីថល និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពង្រឹងការការពារសុខភាព សុខុមាលភាព និងសង្គមរបស់ប្រជាជនអាស៊ាន៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ