ព័ត៌មានជាតិ
បន្លែតាសក់មានទីផ្សារល្អ ធ្វើឲ្យកសិករមានទឹកចិត្តដាំដុះ បង្កើនជីវភាពគ្រួសារ
ដោយសារតែតម្លៃទីផ្សារកើនឡើងនិងមានការពេញនិយមទិញយកទៅធ្វើជាម្ហូបអាហាររបស់ប្រជាពលរដ្ខខ្មែរយើងផងនោះ បានធ្វើឲ្យប្រជាកសិករដាំបន្លែបង្ការលក់ជាលក្ខណ:គ្រួសារមានទឹកចិត្តក្នុងការដាំដុះ ព្រោះបន្លែខ្មែរដាំដុះប្រើតែជីបែបធម្មជាតិកែច្នៃ មិនប្រើប្រាស់នូវសារធាតុគីមីច្រើនលើសលុបដូចបន្លែនាំចូលមកពីប្រទេសជិតខាងឡើយ។
លោក ស៊ិន ឈឿត អាយុ៦២ឆ្នាំ ជាប្រជាកសិកររស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោលខេត្តដំបងបានឲ្យដឹងថា លោកមានផ្ទៃដីជាង៣ហិកតាជួលគេផងនិងផ្ទៃដីខ្លួនឯងខ្លះផង មានទីតាំងស្ថិតនៅក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង ដើម្បីដាំដុះបន្លែបង្ការជាលក្ខណៈគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានប្រសើរឡើង។
កសិកររូបនេះបានបន្តថា លោកមានផ្ទៃដីធ្វើស្រែផងនិងផ្ទៃដីដាំដុះបន្លែបង្ការផង។ ប៉ុន្តែការធ្វើស្រែបានតែ១ឆ្នាំម្តង ព្រោះដីស្រែរបស់លោកនៅឆ្ងាយពីប្រភពទឹកពេក ហើយការធ្វើស្រែមិនអាចទប់ទល់និងជីវភាពប្រចាំថ្ងៃបានគ្រប់គ្រាន់ទេ ដោយសារក្នុងបន្ទុកគ្រួសារកូនចៅច្រើន ត្រូវដាំដុះបន្លែបង្ការបន្ទាប់បន្សំបន្ថែមទៀតទើបទប់ទល់និងជីវភាពរួច។ លោកបន្តថា ភាគច្រើនសម្រាប់ការដោះស្រាយជីវភាពប្រចាំថ្ងៃគ្រួសារលោកបានចាប់យកមុខរបរដាំដុះបន្លែបង្ការលក់ដោះស្រាយជីវភាពច្រើនជាងការធ្វើស្រែ។ ព្រោះបន្លែបង្ការប្រើប្រាស់ពេលវេលាតែ១ខែឬ១ខែជាងអាចទទួលបានទិន្នផល និងអាចបេះលក់ដោះស្រាយជីវភាពប្រចាំថ្ងៃទាន់ពេលវេលាបានប្រាក់ភ្លាមៗ ចំណាយទុនតិចចំណេញច្រើន។
កសិកររូបនេះបន្តទៀតថា លោកចាប់យកការដាំដុះបន្លែបង្ការនេះជិត២០ឆ្នាំមកហើយ បន្លែច្រើនប្រភេទមាន សាឡាត់ ខាត់ណា ស្ពៃក្តោប ស្ពៃចង្កឹះ ម្រះ សណ្ដែកកួរ ជីគ្រប់មុខ ។ល។ ប៉ុន្តែលោកនិយមដាំបន្លែតាសក់ ទទួលបានផលល្អជាងបន្លែទាំងនោះ និងងាយរកទីផ្សារលក់ដូរល្អដូចគ្នាតែឆ្នាំនេះ តាសក់បានផលច្រើនជាង។
កសិកររូបនេះបានបញ្ជាក់ថា បន្លែត្រសក់ងាយដាំដុះក្រោយពីសំអាតដីលើករងធ្វើទ្រើងរៀបចំប្រព័ន្ធទុយយោទឹកស្រោចស្រពមានទីតាំងជិតប្រភពទឹកឬមានស្រះទឹក ដើម្បីបូមស្រោច និងក្រោយពីដាំរួចរយៈពេលតែ១ខែ៥ថ្ងៃបានផលបេះលក់បណ្តើរៗហើយរហូតដល់១ខែវិញ ទើបតាសក់ស្បើយលែងសូវផ្លែ ចាប់ផ្តើមដាំបន្លែអ្វីផ្សេងទៀតបើសិនជាដីនៅល្អបានផលច្រើន អាចដាំតាសក់នេះម្តងទៀតក៏បានដែរ ចាំប្តូរដាំដំណាអ្វីផ្សេង។ លោកបន្តថា បន្លែតាសក់ត្រូវការទឹកច្រើនស្រោចទឹកក្នុង១ថ្ងៃ២ដង ព្រឹក និងល្ងាច។ ស្រោចតែ២ដងគ្រប់គ្រាន់ហើយ មុនដាំគឺគ្រាប់ត្រូវលាយជាមួយថ្នាំការពារសត្វល្អិតស៊ី បើវារស់ដុះមកត្រឹមជង្គង់ចេះវាឡើងទ្រើងហើយ ថែទាំដើមស្លឹក ការពារសត្វល្អិតស៊ីស្លឹកនិងក្លឹបផ្លែ ដោយប្រើថ្នាំបាញ់ការពារ និងប្រើប្រាស់ជីធម្មជាតិកែច្នៃច្រើន និងប្រើជីគីមីតិចតួចទេ តែបើមិនប្រើជីគីមីខ្លះមិនសូវទទួលបានផលល្អទេ តែប្រើវាជំនួយមានកម្រិត។
លោក ស៊ិន ឈឿត បានបន្តទៀតថា នៅលើផ្ទៃ១ហិកតាលោកចំណាយទុនដាំបន្លែតាសក់អស់ចំនួន៣,០០០ដុល្លារ ចុះទុនតែដំបូងទេ។ ក្រោយមកលែងចុះទុនទៀតហើយ ដោយប្រព័ន្ធទុយោទឹកស្រោចស្រពបានចំណេញកាត់កងរួចរាល់អស់ហើយ។ រយៈពេលតែ១ខែជាងតិចតួច តាសក់ប្រមូលផលបានជាង៥,០០០ដុល្លារ ព្រោះបន្លែតាសក់ចាប់ផ្តើមបេះម្តងដំបូងបានផលជាង១តោនទៅ២តោនក្នុង១ហត.បេះរាល់ថ្ងៃ ក្រោយមកធ្លាក់មកនៅត្រឹម៧០០ទៅ៨០០គីឡូក្រាម។
លោកបានបន្តថា ចំណែកទីផ្សារបន្លែតាសក់ឆ្នាំនេះល្អជាងឆ្នាំមុន កាលពីឆ្នាំ២០១៨ ឬឆ្នាំ ២០១៩ ត្រសក់ ១គីឡូក្រាមបានតម្លៃត្រឹមតែ៨០០ទៅ១,០០០រៀលទេ លុះឆ្នាំនេះតម្លៃតាសក់ល្អបានឡើងក្នុង១គីឡូក្រាម២,០០០ទៅ២,៥០០រៀលជាតម្លៃបោះដុំ។ ចំណែកគេយកទៅលក់រាយបន្តទៀតអាចលក់បាន ៣ពាន់ទៅ៤ ពាន់រៀលក្នុងមួយគីឡូក្រាម ធ្វើឲ្យតម្លៃទីផ្សារតាសក់ល្អនៅលើទីផ្សារ ដោយសារប្រជាពលរដ្ឋខ្មែរយើងពេញនិយមទិញយកទៅធ្វើម្ហូបអាហារនិងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ទើបធ្វើឲ្យទីផ្សារបន្លែតាសក់ល្អ ក៏ដូចជាបន្លែដទៃផ្សេងទៀតផងដែរ ធ្វើឲ្យកសិករមានទឹកចិត្តក្នុងការដាំដុះបន្តទៀត។
កសិកររូបនេះ បានអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលបន្លែពីបរទេស ហើយងាកមកគាំទ្របន្លែបង្ការរបស់ខ្មែរឲ្យមានទីផ្សារល្អ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលបន្លែបង្ការខ្មែរ ដើម្បីលើកទឹកចិត្តដល់ការដាំដុះធ្វើឲ្យប្រជាកសិករមានជីវភាពប្រសើរឡើង ជាងការធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែងនឹងទុកដីឲ្យនៅទំនេរចោល ដើម្បីធានានូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋខ្មែរឲ្យមានជីវភាពធូរធារប្រសើរឡើង។
អាជ្ញាធរភូមិចំការសំរោង សង្កាត់ចំការសំរោង បានឲ្យដឹងថា ក្នុងភូមិសង្កាត់ចំការសំរោង មានបងប្អូនប្រជាពលរដ្ឋប្រមាណជា ៣០ ទៅ៤០ ភាគរយបានចាប់យកមុខរបរដាំដុះបន្លែបង្ការជីជាលក្ខណៈគ្រួសារបន្ទាប់ពីធ្វើស្រែ បានធ្វើឲ្យជីវភាពពួកគាត់ធូរធារប្រសើរឡើងមួយកម្រិត។អាជ្ញាធរមូលដ្ឋានបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីនៅទំនេរចោលគួរដាំដុះបន្លែបង្ការ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យប្រសើរជាងការធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែងដូចពាក្យចាស់ពោលថា”ជួញជិតប្រសើរជាងជួញឆ្ងាយ”៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ត្រឹមមួយសប្ដាហ៍ កម្ពុជានាំចេញដំឡូងមីស្រស់ បានជិត២លានតោន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល