សេដ្ឋកិច្ច
តម្លៃជ្រូករស់នៅទ្រឹងដដែល រីឯមាន់រស់វិញធ្លាក់ថ្លៃយ៉ាងគំហុក
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៣១ ខែធ្នូនេះថា តម្លៃជ្រូករស់នៅកម្ពុជា មិនទាន់មានការឡើងថ្លៃឡើយ រីឯតម្លៃមាន់រស់វិញ បាននិងកំពុងធ្លាក់ថ្លៃយ៉ាងគំហុក។ បច្ចុប្បន្នជ្រូករស់ នៅតាមតំបន់ខ្លះលក់បានតែជាង ៨,០០០រៀលប៉ុណ្ណោះក្នុង ១គីឡូក្រាម តែប្រសិនបើលក់នៅតាមទីសត្ដឃាតដ្ឋាន អាចបានតម្លៃពីជាង ៨,០០០ រៀល ទៅ ១០,០០០រៀល។ ចំណែកឯមាន់រស់វិញ កាលពី ១០ថ្ងៃមុន ក្នុង ១គីឡូក្រាមលក់បានជាង ៦,០០០រៀល តែបច្ចុប្បន្ននៅសល់តែជាង ៣,០០០រៀលប៉ុណ្ណោះ ក្នុង ១គីឡូក្រាម។
លោក ស្រ៊ុន ពៅ បានឲ្យដឹងថា កត្តាដែលនាំឲ្យតម្លៃមាន់រស់ ធ្លាក់ចុះយ៉ាងដូច្នេះ ពីព្រោះតែទំហំតម្រូវការទីផ្សារនៅដដែល តែការចិញ្ចឹមានការកើនឡើង។ លោកថា «បើយើងនិយាយពីមាន់ហ្នឹង គឺការនាំចូលអត់មានទេ ពីព្រោះប្រទេសជិតខាងវាថ្លៃជាង ដោយសារតែមាន់គាត់ មាន់សាច់គាត់ចិញ្ចឹមតែរយៈពេល សាមសិបជាងថ្ងៃ ទៅសែសិបថ្ងៃជាង គាត់ត្រូវបានលក់ អញ្ចឹងនៅពេលដែលឡើងថ្លៃ គាត់នាំគ្នាដាក់ គាត់អត់មានជំនុំថា ត្រូវដាក់ប៉ុន្មានទេ ទិញកូនដាក់ៗ ដល់ពេលលក់ គឺលក់ជាមួយគ្នា អញ្ចឹងទីផ្សារយើងនៅដដែល មាន់កើនឡើង អាហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់ ដល់លក់មិនដាច់ លក់មិនអស់ ដណ្ដើមគ្នាលក់ ដល់តែដណ្ដើមគ្នាលក់ ហើយអ្នកទិញចេះតែបង្អាប់តាមចិត្ត»។
រីឯជ្រូករស់វិញ គឺត្រូវបានបិទការនាំចូល ពីក្រៅប្រទេសជាង ១ខែហើយ តែតម្លៃសាច់ជ្រូកមិនមានការឡើងថ្លៃ ទាល់តែសោះ ដោយសារនៅសល់ច្រើនពីបុណ្យភ្ជុំកន្លងមកនេះ។ លោក ស្រ៊ុន ពៅ បានបន្ថែមថា «សាច់ជ្រូក យើងមើលទៅឃើញថា បិទការនាំចូលដូចជា ១ខែជាងហើយ ក៏ប៉ុន្តែសាច់ជ្រូក្នុងទីផ្សារអត់ឡើងសោះ អត់ឡើង បានសាច់ជ្រូករស់ គឺនៅដដែលពិបាកលក់ ដោយសារតែចាលពីភ្ជុំមកដែរ ហើយឥឡូវលក់ជ្រូកតូច អត់លក់ជ្រូកធំទេ ហើយអាជ្រូកធំ នៅតែធំទៅ ឥឡូវឧទាហរណ៍ថា កសិករចិញ្ចឹមយើង គាត់ចិញ្ចឹមសត្វជ្រូក នៅតាមឃុំ តាមស្រុក តាមតំបន់អីចឹងទៅ ដល់តែពេលមានបញ្ហាជ្រូកមួយឈឺ អីចឹងទៅ ក៏នាំគ្នាលក់ លក់មួយឃុំតែម្ដង»។
នៅពេលកសិករលក់ព្រមគ្នាបែបនេះ ធ្វើឲ្យតម្លៃមិនមានការឡើងថ្លៃឡើយ ហើយនៅពេលដែលឡើងថ្លៃ គឺឡើងខ្លាំងតែម្ដង ពីព្រោះតែកសិករបានលក់អស់ ហើយខាងក្រុមហ៊ុនទើបតែបញ្ចេញ។ នេះបើតាមការលើកឡើង របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។ ប្រធានសមាគមដដែល បានលើកឡើងបន្តថា តម្រូវការសាច់ជ្រូក និងសាច់មាន់ មិនមានការកើនឡើងឡើយ ទោះជាមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យក៏ដោយ។ លោក ស្រ៊ុន ពៅ បានឲ្យដឹងទៀតថា «រដូវនេះ គឺជារដូវត្រី យើងឃើញថា នៅស្រុកស្រែ តាមស្រុកអីហ្នឹង គាត់ដាក់លូ ដាក់លប គាត់អត់ទិញសាច់ជ្រូកហូបទេ គាត់ហូបត្រីហើយ អញ្ចឹងខ្ញុំមើលទៅសភាពកាណ៍ទីផ្សារ បើកុំបើកប្រទេសធ្ងន់ជាងហ្នឹងទៀត ដល់តែបើកប្រទេសទៅ យើងឃើញថា វាមិនធ្លាក់ចុះ តែវាអត់កើនឡើង»។
លោក ស្រ៊ុន ពៅ ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអំពាវនាវដល់កសិករ ដែលជាអ្នកចិញ្ចឹមសត្វទាំងអស់ សូមចូលជាសមាជិករបស់សមាគម ដោយមិនមានការអស់ថវិកាអ្វីឡើយ។ ការចូលជាសមាជិក គឺដើម្បីអាចឲ្យសមាគមគ្រប់គ្រងទីផ្សារបាន និងអាចពិគ្រោះពិភាក្សាគ្នា ទៅលើការចិញ្ចឹមថាតើ ខេត្តណា ស្រុក ឬឃុំណា គួរចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ដោយមិនឲ្យមានការចិញ្ចឹមជាន់គ្នាច្រើនឡើយ។
ក្នុងនោះដែរលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ដែលបាននិងជួយទៅដល់កសិករជាចិញ្ចឹមសត្វ នៅទូទាំងប្រទេស៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល