ព័ត៌មានជាតិ
ពលរដ្ឋសម្រុកទៅដើរលេងខេត្តកែបយ៉ាងច្រើន តែតម្លៃស្នាក់នៅ និងម្ហូបអាហារ ពុំមានការឡើងថ្លៃពេកទេ
ថ្វីដ្បិតតែភ្ញៀវទេសចរក្នុងស្រុក សម្រុកដើរលេងកម្សាន្ត នៅរមណីយដ្ឋាននានា នៅខេត្តកែប ដូចទឹកបាក់ទំនប់ ក្នុងថ្ងៃឆ្លងឆ្នាំ ២០២១ ចូល ២០២២ក៏ដោយ។ ប៉ុន្តែតម្លៃសេវាស្នាក់នៅ ក៏ដូចជាការលក់ដូរចំណីអាហារ និងការជួលកន្លែងអង្គុយលេង ឬហូបចុក ហាក់ពុំមានការដំឡើងថ្លៃហួសហេតុពេកនោះដែរ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។
ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ទៀតថា ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ ថមថយចុះផងនោះ ភ្ញៀវទេសចរភាគច្រើនមកពីបណ្តាខេត្តផ្សេងៗ បានសម្រុកមកសម្រាក លំហែរកាយ និងដើរលេងកម្សាន្ដ ដើម្បីអបអរសាទរឆ្លងឆ្នាំសកលយ៉ាងច្រើនកកកុញ។ ប៉ុន្តែសេវាស្នាក់នៅ និងសេវាផ្នែកបម្រើម្ហូបអាហារ ពុំមានការឡើងថ្លៃហួសហេតុពេកទេ ដោយអាចឡើងបន្តិចបន្តួចខុសថ្ងៃធម្មតាប៉ុណ្ណោះ។
លោកប្រធានបានបន្តថា ចំពោះភ្ញៀវទេសចរ ដែលមកសម្រាក លំហែរនៅខេត្តកែប នាថ្ងៃឆ្លងឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ឆ្លងចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២) មានចំនួនសរុប ៦៦,១៣៥នាក់។ ក្នុងនោះមានភ្ញៀវជាតិចំនួន ៦៥,៩៧៩នាក់ ភ្ញៀវអន្តរជាតិចំនួន ១៥៦នាក់ និងមានរថយន្តធំ-តូច ចូលមកទស្សនាសរុប ៧,៩៩៥គ្រឿង។
លោក សោម ចិន្តា បានឲ្យដឹងបន្ថែមថា ថ្វីដ្បិតក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល មានមនុស្សមកសម្រាក លំហែរ កម្សាន្តនៅខេត្តកែបច្រើនហួសពីការស្មាន តែសេវាស្នាក់អាស្រ័យ ពិសេសការជួលកន្លែងអង្គុយពិសារអាហារ ពុំមានការតម្លើងថ្លៃហួសហេតុពេកដែរ ដោយខ្ចូសនីមួយៗ កាលថ្ងៃធម្មតាត្រឹម ១០ដុល្លារ។ លុះដល់ថ្ងៃពិសេស ដែលមាន ១ឆ្នាំម្តងបែបនេះ អាចឡើងត្រឹម ១៣ ទៅ ១៥ដុល្លារប៉ុណ្ណោះ (អាស្រ័យលើភ្ញៀវអង្គុយយូរ ឬឆាប់)។ ដោយឡែកសម្រាប់ ការក្រាលកន្ទេលតាមមាត់ឆ្នេរ ឬក្រោមដើមឈើ ក្នុងកន្ទេល ១តម្លៃត្រឹម ៥ដុល្លារដូចថ្ងៃធម្មតា តែក៏មានកន្លែងខ្លះ ឡើងថ្លៃបន្តិចបន្តួចដែរ។
លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឲ្យដឹងដែរថា បើទោះជាក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលមានភ្ញៀវទេសចរ ចូលមកលេងខេត្តកែបច្រើនកកកុញ តែតម្លៃគ្រឿងសមុទ្រ ក៏មិនមានការឡើងថ្លៃហួសប្រមាណនោះដែរ ព្រោះបច្ចុប្បន្ននេះ អាជីវករលក់ដូរនៅខេត្តកែប ពិតជាមានការយល់ដឹងច្រើន ក្នុងរបររកស៊ីរបស់ពួកគាត់។ ម្យ៉ាងទៀតអាជីវករ មិនហ៊ានតម្លើងថលៃទំនិញ ព្រោះមានបំណងលក់ប្រជែងទីផ្សារក្នុងស្រុក ពោលគឺលក់ចំណេញតិច តែលក់បានច្រើន ប្រសើរជាងលក់ថ្លៃតែបាត់បង់អតិថិជន។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល (២០២១-២០២២) នេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាសុវត្ថិភាពជូនភ្ញៀវ នៅគ្រប់ទីកន្លែង ដោយពុំមានបទល្មើសណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក