ព័ត៌មានជាតិ
កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានកាត់ទន្លេមេគង្គពីភ្នំពេញទៅអរិយក្សត្រ
រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២នេះ បានប្រកាសសម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញ ទៅអរិយក្សត្រ ក្រោយពីការសិក្សាគម្រោងចប់សព្វគ្រប់ ខណៈការបើកការដ្ឋាននឹងចាប់ផ្ដើមនៅឆ្នាំ ២០២២នេះ។

របាយការណ៍នៃការសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។
លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។
ឯកអគ្គរដ្ឋទូតអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការអបអរសាទរ និងការអរគុណ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។
បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង