ព័ត៌មានជាតិ
ក្រសួងមិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺ បំប្លែងថ្មី ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះជាដាច់ខាត
ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងព្យាបាលនៅតាមផ្ទះជាដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះបាន ធ្វើឡើងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនាព្រឹក ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់នៅវិមានសន្តិភាព។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី ៥ មករាថា អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។ លោករដ្ឋមន្ត្រីបានបន្តថា ករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។ ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមា នូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍អ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។
លោករដ្ឋមន្ត្រីបានបន្តទៀតថាអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ ត្រូវស្នាក់នៅ ថែទាំ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បានដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ សម្រាប់អ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ព្យាបាលនៅផ្ទះនោះឡើយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត។ សម្តេចតេជោបានបន្តថា ទោះបីជាអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីនោះមានឋានៈណាក៏ដោយ ទោះមាន ឬក្រក្តី គឺត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថាប័នទទួលខុសត្រូវ មិនបាច់សុំយោបល់ពីសម្តេចនោះទេ។ ជាមួយគ្នានេះ ប្រសិនបើសម្តេចអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ហើយត្រឡប់មកកម្ពុជា រកឃើញ «អូមីក្រុង» សម្តេចក៏ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ដូចអ្នកជំងឺដទៃដែរ ដើម្បីធ្វើជាគំរូសម្រាប់ប្រជាជន។
បើតាមការបញ្ជាក់របស់សម្តេចតេជោ រហូតដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន ៩៤ ករណី ក្នុងនោះមានករណីមួយចំនួនបានព្យាបាលជាសះស្បើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី