នយោបាយ
លោក ជិន ម៉ាលីន ថា ក្រុមអ្នកជំនាញ UN មើលមិនបានស៊ីជម្រៅទេ ចំពោះរឿងបាតុកម្មនៅមុខណាហ្គាវើល
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា ការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអំពីបញ្ហាបាតុកម្មនៅមុខក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល គឺធ្វើឡើងដោយគ្រាន់តែមើលឃើញរូបភាពពីខាងក្រៅតែប៉ុណ្ណោះ។ លោកថា ពួកគេទាំងនេះ មិនបានមើលពីអ្វីដែលនៅពីក្រោយ និងមិនបានពិនិត្យលើភស្តតាងមូលដ្ឋានដែលសមត្ថកិច្ចកម្ពុជាប្រមូលបាននោះឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/109384-17.jpg)
លោក ជិន ម៉ាលីន បានអះអាងថា ៖ «មែនទែន បើវាជាវិវាទការងារ គឺមិនពិបាកដោះស្រាយទេ ផ្អែកទៅលើច្បាប់ការងាររបស់កម្ពុជានេះ។ ក៏ប៉ុន្តែ ដោយសារតែវាមិនមែនវិវាទការងារ វាមានរឿងហេតុ វាមានរឿងផ្សេងនៅពីក្រោយដែលសមត្ថកិច្ចរកឃើញ មានអង្គការចាត់តាំងរៀបចំច្បាស់លាស់នៅពីខាងក្រៅហ្នឹង ក្នុងចេតនាញុះញង់បង្កភាពចលាចលនៅក្នុងសង្គម។ អ៊ីចឹងហើយ គឺមានតែវិធានការច្បាប់ទេ ដែលអាចធ្វើការដោះស្រាយបាន។ បើសិនពាក់ព័ន្ធវិវាទការងារសុទ្ធតែម្តង មិនមានផែនការទុច្ចរិតអីនៅពីក្រោយ អាហ្នឹងអាចដោះស្រាយបានស្រួលតាមច្បាប់ការងារ។ អ៊ីចឹងទាល់តែពួកគាត់នេះ មើលឲ្យបានស៊ីជម្រៅជាងនេះបន្តិច ហើយកុំមានភាពលម្អៀងផ្នែកនយោបាយ អាហ្នឹងគាត់អាចមើលឃើញហើយ»។
ការអះអាងរបស់លោកជិន ម៉ាលីននេះ គឺជាការឆ្លើយតបទៅនឹងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលមាន លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញគំនិត និងមតិយោបល់ លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស និង លោក Clément Nyaletsossi Voule អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Naga-1.jpg)
ពួកគេទាំងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានលើកឡើងថា ការចាប់ និងឃុំខ្លួនអ្នកដឹកនាំ និងសកម្មជនសហជីពកាស៊ីណូ ណាហ្គាវើលយ៉ាងហោចណាស់ ២៩នាក់ ក្នុងអំឡុងពេលធ្វើកូដកម្មជាបន្តបន្ទាប់ អាចជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្ស។ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ «ការចាប់ខ្លួនកូដករដែលភាគច្រើនជាស្រ្តីជាច្រើនលើកទាំងនេះត្រូវបានធ្វើឡើងយ៉ាងហិង្សា និងមើលទៅជាការបំពានលើសេរីភាពក្នុងការបង្កើតសមាគមការប្រមូលផ្តុំ និងការបញ្ចេញមតិ »។ ជាមួយគ្នានេះ ពួកគេបានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពន្យល់នូវសកម្មភាពឆ្លើយតបរបស់មន្រ្តីនគរបាល ហើយក៏បញ្ជាក់ថា ពួកគេកំពុងតាមដានការវិវត្តន៍នេះយ៉ាងដិតដល់។
ក៏ប៉ុន្តែ សម្រាប់លោក ជិន ម៉ាលីន គឺការចាប់ខ្លួន និងការឃុំខ្លួនពួកគេទាំងនោះ មិនមែនដោយសារពួកគេអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ដោយសារតែការធ្វើបាតុកម្ម ជួបជុំតវ៉ាដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែ ពួកគេ បានប្រព្រឹត្តបទល្មើស ដែលបំពានទៅនឹងច្បាប់ ហើយសមត្ថកិច្ច មានភស្ដុតាងមូលដ្ឋានច្បាស់លាស់ ក្នុងការដំណើរការនីតិវិធីតាមផ្លូវតុលាការ៕
អត្ថបទ៖ វណ្ណ សុគន្ធា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត