ព័ត៌មានជាតិ
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នា ផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញ ប្រកបដោយសុវត្ថិភាព។

ការប្រគល់បរិក្ខារលាងដៃចំនួន ១៩៨ គ្រឿង និងឧបករណ៍វាស់កម្តៅចំនួន ៩៩០ ដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ កាលពីថ្ងៃទី១០មករាឆ្នាំ ២០២២ ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកស្រីឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិគ្រោងនឹងដំឡើងកន្លែងលាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ ២០២២ នេះ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍វាស់កម្តៅចំនួន ៩៩០ គ្រឿង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

យោងតាមប្រសាសន៍របស់លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទាំងគ្រូបង្រៀន និងសិស្សានុសិស្សតម្រូវឲ្យអនុវត្តតាមវិធានការការពារដូចជាការលាងដៃឲ្យបានញឹកញាប់ ការរក្សាគម្លាត និងការពាក់ម៉ាស់ជាដើមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ លោកស្រីបានបន្តថា៖ «នៅបំណាច់នៃគម្រោងនេះ សិស្សានុសិស្សចំនួន ៣៩ ០១៩ នាក់ មកពីសាលាបឋមសិក្សាចំនួន ៧២ សាលា សាលាអនុវិទ្យាល័យចំនួន ១៨ សាលា និងវិទ្យាល័យចំនួន ៩ សាលា ក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា កោះរុង នឹងទទួលបានបរិក្ខារសម្រាប់លាងដៃនេះ»។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនៅសាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារ ដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។ ឯកឧត្តមបានបន្តថា «ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ ‘គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ’ »។
តាមរយៈការចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកពង្រឹង និងផ្តល់ភាពអង់អាចដល់សិស្សានុសិស្សកម្ពុជាដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះ ត្រូវបានមើលឃើញតាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន ៤០០ នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងចំណោមកិច្ចផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។
លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «ពួកយើងជឿជាក់ថា កិច្ចផ្តួចផ្តើមក្នុងបើកសាលារៀនវិញប្រកបដោយសុវត្ថិភាពនេះ គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់កាលៈទេសៈមួយនេះ។ យើងពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែនអន្តរជាតិ ដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។ ហើយវាក៏ពិតជាកិត្តិយសសម្រាប់ពួកយើងខ្លាំងណាស់ ដែលត្រូវបានអញ្ញើញឲ្យចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន ដើម្បីដាក់ចេញនូវការកម្មវិធីទឹកស្អាតនិងអនាម័យជាមួយនឹងអង្គការភ្លែនអន្តរជាតិ»។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជានឹងធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថា តំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបដំឡើង ប្រើប្រាស់ ជួសជុលនិងថែទាំបរិក្ខារទាំងនោះ។ គម្រោងនេះទៀតសោតមានគោលបំណងធ្វើឲ្យប្រាកដថា៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗនឹងបានរៀននិងយល់ដឹងអំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ-១៩»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ