ព័ត៌មានជាតិ
ព្រះគណេស មានតម្លៃបំផុតចំណោមវត្ថុទាំង១០ លើលោក វិលមកទឹកដីខ្មែរវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី១២ ខែមករា បានឲ្យដឹងថា ដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញនាពេលឆាប់ៗខាងមុខ។
បើតាមក្រសួងវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។
វត្ថុបុរាណទាំងនោះរួមមាន រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញ ពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។
ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ (Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា រូបចម្លាក់ព្រះគណេស គឺជាគំរូដ៏ល្អឯកមួយទៀតរបស់បុព្វបុរសខ្មែរយើង។ ព្រះគណេស គឺជាទេពហិណ្ឌូដែលមានព្រះសិរជាសត្វដំរី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអំពីឬទ្ធិអំណាចរបស់ព្រះអង្គ ជាទេពនៃចំណេះដឹង និងកំចាត់ឧបសគ្គ ហើយការវិលត្រឡប់មកមាតុប្រទេសវិញគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។
វត្ថុបុរាណដទៃទៀតមានដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨, បដិមា ព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សទី១០ និងបដិមាព្រះនាងលក្ស្មី ធ្វើពីសំរិទ្ធ សតវត្សទី១០។
ការបញ្ជូនត្រឡប់មកវិញនេះ គឺបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរយើង ដែលបានចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម។
លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា “យើងមានសេចក្ដីរំភើបរីករាយដែលអ្នកកាន់កាប់សមុច្ច័យឯកជន បានយល់ព្រមផ្តល់កិច្ចសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកវិញនូវសមុច្ច័យដ៏សំខាន់ នៃរូបចម្លាក់ខ្មែរដែលបានទិញពីអ្នកកាន់កាប់ និងជួញដូរវត្ថុបុរាណ គឺលោក Douglas Latanford។ ការប្រគល់មកវិញនូវសមុច្ច័យនេះ គឺជាគំរូមួយ ហើយលោកជំទាវជំរុញលើកទឹកចិត្តដល់អ្នកដែលកំពុងកាន់កាប់សមុច្ច័យឯកជនដទៃទៀត សារមន្ទីរនានា ដើម្បីពិភាក្សាអំពីការប្រគល់មកប្រទេសកំណើតវិញ”។
លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធនានាក្នុងការនាំយកមកវិញនូវសមុច្ច័យដ៏មានតម្លៃទាំងនេះ ជាព្រលឹងរបស់បុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតនាសម័យសង្គ្រាម។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាពិសេសដល់ លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heimberg នៃក្រុមហ៊ុន Heimberg Barr LLP ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ ដោយសហការជាមួយក្រុមការងារកម្ពុជា ក្នុងការចរចាដើម្បីនាំយកត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកជំទាវបានបញ្ជាក់ថា ការបញ្ចូនត្រឡប់មកវិញនូវស្នាដៃឯកសំខាន់ៗនៃមរតកវប្បធម៌ខ្មែរ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទូទៅ ជាពិសេសសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយក៏រីករាយចំពោះការសម្រេចចិត្តរបស់អ្នកកាន់កាប់សមុច្ច័យឯកជន ដែលបានប្រគល់រតនៈសម្បត្តិ មិនអាចកាត់ថ្លៃបានទាំងនេះមកមាតុភូមិកំណើតវិញ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ