ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជា-ហ្វីលីពីន នឹងបន្ដពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Maria Amelia C.Aquino ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
សម្ដេចក្រឡាហោម បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់លោកស្រី ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង កម្ពុជា-ហ្វីលីពីន កាន់តែបន្ដរីកចម្រើនបន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌគ្រួសារអាស៊ានផងដែរ។
សម្ដេចក្រឡាហោម បានសង្ឃឹមថា ហ្វីលីពីននឹងបន្ដចូលរួមគាំទ្រដល់កម្ពុជាទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហ្វីលីពីន ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមមាន៖ វិស័យសន្ដិសុខ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជឿជាក់ថា កម្ពុជា-ហ្វីលីពីន នឹងបន្ដពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងចែករំលែងបទពិសោធន៍គ្នាទៅវិញទៅមក ដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
នាឱកាសនោះ សម្ដេចក្រឡាហោម បានជម្រាបជូន លោកស្រី អំពីបច្ចុប្បន្នភាពមួយចំនួន ពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តផែនការជាតិរយៈពេល ១០ ឆ្នាំ ក្នុងដំណាក់កាលទី២ ដែលជាដំណាក់កាលមួយមានសារៈសំខាន់ ត្រូវផ្ទេរនូវធនធាន និងសិទ្ធិអំណាច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតប លោកស្រី Maria Amelia C.Aquino បានជម្រាបជូនសម្ដេចក្រឡាហោម ថា ហ្វីលីពីន នៅតែបន្ដគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាន ហើយក៏បន្ដចូលរួមគាំទ្រនូវវេទិកាដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំ នៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។
ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងក្របខណ្ឌអាស៊ាន លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេស លើវិស័យសន្ដិសុខ រួមមាន៖ កិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ការជួញដូរមនុស្ស ជាដើម។ លោកស្រីបន្ដថា កិច្ចការទាំងនេះ មួយផ្នែកធំក៏ស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏សម្ដែងនូវបំណងពង្រីកទំនាក់ទំនងរវាង រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច និងការចង់សម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត។
លោកស្រី ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលកន្លងមក ជាពិសេស ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ បានជួយសម្រួលពាក់ព័ន្ធទៅនឹងការងារអន្ដោប្រវេសន៍ ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួនជួបការលំបាក នៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់