Connect with us

ព័ត៌មានជាតិ

ស្រ្តីម្នាក់សុខចិត្តលះបង់ជីវិតបរិច្ចាគសួតឲ្យលោក អួន សារ៉ាត់

បានផុស

នៅ

ស្រ្តីជាអាជីវករលក់បាយមួយរូប បានប្រកាសសុខចិត្តលះបង់ជីវិត ដោយបរិច្ចាគសួតរបស់ខ្លួន ឲ្យលោក អួន សារ៉ាត់ ប្រសិនបើស្ថានភាពជំងឺលោក មិនបានធូរស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយាលោក អួន សារ៉ាត់ អ្នកស្រី អ៊ុច សារ៉ាវុធ បានសរសេរនៅលើផេកផ្លូវការ Ourn sarath page ដូច្នេះថា« នាងខ្ញុំ​ ភរិយាលោកគ្រូ​អួន​ សារ៉ាត់​ សូមថ្លែងអំណរអរគុណដល់បងស្រី​ អ្នកលក់បាយ​ (សុំមិនបញ្ចេញឈ្មោះ)​ ដែលបងស្រីសុខចិត្តលះបង់ជីវិតដោយការបរិច្ចាគសួតជូនលោកគ្រូ​ ប្រសិនបើស្ថានភាពជំងឺលោកគ្រូមិនធូរស្រាល​ ហើយត្រូវប្រើជម្រើសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត»។

អ្នកស្រី អ៊ុច សារ៉ាវុធ បានបន្តថា« ទឹកចិត្តនៃការលះបង់ជីវិតនេះ​ គឺពិតជាធំធេងណាស់​ គ្មានអ្វីប្រៀបផ្ទឹមឡើយ។ នាងខ្ញុំពិតជារំភើប​ និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងស្រី ដែលហ៊ានលះបង់ជីវិតដើម្បីសង្គ្រោះជីវិតលោកគ្រូ។​ នាងខ្ញុំ​ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ តាមជួយថែរក្សាបងស្រី ឲ្យ​មានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ​ និងសម្រេចជោគជ័យគ្រប់ភារកិច្ច»។

បើតាមអ្នកស្រី អ៊ុច សារ៉ាវុធ ដែលជាភរិយា បានឲ្យដឹងថា ស្វាមីរបស់ខ្លួន មានជំងឺប្រចាំកាយដូចជា រលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។

លោក អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោយពីជំងឺធ្វើទុក្ខខ្លាំង។

បន្ទាប់ពីបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ អស់រយៈពេលជាច្រើនថ្ងៃ អ្នកស្រី អ៊ុច សារ៉ាវុធ បានប្រកាសដំណឹងកាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ថា ស្ថានភាពសុខភាពស្វាមីរបស់អ្នកស្រី បានធូរស្បើយច្រើន ក្រោយពីក្រុមគ្រូពេទ្យយកចិត្តដាក់ក្នុងការព្យាបាលយ៉ាងខ្លាំង។

លោក អួន សារ៉ាត់ ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដោយសេរី(Free) ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក។

លោក អួន សារ៉ាត់ មានស្រុកកំណើត នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម