ព័ត៌មានជាតិ
តម្រូវការជ្រូកខ្វៃសែនចូលឆ្នាំចិននឹងកើនឡើងខ្លាំងបើស្ថានភាពជំងឺកូវីដនៅស្ងប់
អ្នកខ្វៃជ្រូកលក់ នៅរាជធានីភ្នំពេញ បានអះអាងថា ឆ្នាំនេះ អាចនឹងមានតម្រូវការជ្រូកខ្វៃខ្ពស់ បើស្ថានភាពកូវីដ-១៩ ពុំមានការឆ្លងរីករាលដាលខ្លាំង ដូចឆ្នាំកន្លងទៅ។
អ្នកស្រី ធូ សុភាព ម្ចាស់ហាងជ្រូកខ្វៃចិនខ្មៅ បានប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ២១ ខែមករានេះ មានការកម្មង់ជ្រូកខ្វៃសម្រាប់សែនចូលឆ្នាំចិន បានប្រមាណ ៦០ក្បាលហើយ។ អ្នកស្រី រំពឹងថា ថ្ងៃសែនចូលឆ្នាំចិន ឆ្នាំនេះ នឹងមានអ្នកកម្មង់ជ្រូកយកទៅសែនចំនួន ៥០០ ទៅ ៦០០ក្បាល នៅថ្ងៃទី ៣០-៣១ ខែមករា ខាងមុខនេះ។ អ្នកស្រីបន្តថា ជ្រូកខ្វៃដែលពេញនិយម សម្រាប់សែនចូលឆ្នាំចិន មានទម្ងន់ក្រោម ១៣គីឡូក្រាម ក្នុងនោះ ទំហំពី ៤-៥គីឡូ មានការកម្មង់ទិញច្រើនជាងគេ។
ចំពោះតម្លៃអ្នកស្រី សុភាព បានឲ្យដឹងថា ជ្រូកខ្វៃទម្ងន់ ១គីឡូ តម្លៃ ៦៥,០០០រៀល។ ប៉ុន្តែចាប់ពីទម្ងន់៨-១៣ គីឡូក្រាម ម៉ៅក្នុងតម្លៃ ៦២ម៉ឺន ទៅ ៦៣ម៉ឺនរៀល ក្នុង១ក្បាល។ សព្វថ្ងៃអ្នកស្រីលក់ជ្រូកខ្វៃក្នុងថ្ងៃពី ១៥ក្បាល ទៅ ២០ក្បាល នៅផ្សារអូឬស្សី។
អ្នកស្រី ធូ សុភាព បានរំឮកថា កាលពីឆ្នាំ ២០២១ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ទីផ្សារជ្រូកខ្វៃធ្លាក់ចុះខ្លាំង ពោលគឺរដូវកាលចូលឆ្នាំចិន លក់ចេញបានតែ ១០០ក្បាល ទៅ ២០០ក្បាលប៉ុណ្ណោះ។
ចំណែកលោក លឹម ប៊ុនលី អ្នកលក់ជ្រូកខ្វៃនៅផ្សារព្រែព្នៅ កត់សម្គាល់ឃើញថា រដូវកាលចូលឆ្នាំចិន ឆ្នាំនេះ ទំនងជាទីផ្សារជ្រូកខ្វៃមានការធ្លាក់ចុះបន្តិច។ លោកបញ្ជាក់ថា បាំងតែជិត ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពិធីបុណ្យចូលឆ្នាំចិន ប៉ុន្តែការកម្មង់ជ្រូកខ្វៃនៅមានចំនួនតិចនៅឡើយ ពោលគឺទើបតែបាន ២០ក្បាលប៉ុណ្ណោះ។
លោក ប៊ុនលី គូសបញ្ជាក់ កាលពីឆ្នាំមុន មានអ្នកកម្មង់ប្រមាណពី ៦០ក្បាល ទៅ ៨០ក្បាល តែឆ្នាំនេះ លោកប៉ាន់ស្មានថា ប្រហែលបានត្រឹមតែ ៣០ទៅ ៤០ក្បាលប៉ុណ្ណោះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន។
ថៅកែជ្រូកខ្វៃរូបនេះ សង្កត់ធ្ងន់ថា នៅក្នុងបរិបទវិបត្តិកូវីដនេះ ពលរដ្ឋខ្វះខាតប្រាក់ ដូច្នេះការចាយវាយត្រូវបានកាត់បន្ថយ រួមផ្សំនិងការបិទច្រកតាមព្រំដែនផងដែរ។ លោកថា ទីផ្សារនៅតំបន់ព្រែកព្នៅជ្រូកខ្វៃចន្លោះពី ៨-១២គីឡូក្រាម តម្លៃ ៨៥ម៉ឺនរៀល។ ក្រៅពីជ្រូកខ្វៃ លោក ប៊ុនលី ក៏មានលក់ដូចជា ទាខ្វៃ និងសាច់ជ្រូកបីជាន់ខ្វៃផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២២ខាងមុខ។ នៅក្នុងពិធីនេះ ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែរៀបចំគ្រឿងរណ្តាប់សែនព្រេនជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតាកុងម៉ា ក្នុងនោះ មានការរៀបចំសែនបាយសម្ល មីឆា មាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ដុតសែន និងម្ហូបច្រើនមុខទៀតទៅតាមគ្រួសារនីមួយៗ ហើយអ្វីដែលគេមិនសូវរំលងបាននោះគឺ «ជ្រូកខ្វៃ»៕ អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់