KPT+
ចង់បើកហាងកាហ្វេ Amazon ត្រូវចំណាយអស់ប៉ុន្មាន? ទម្លាយរឿងពិត ១០យ៉ាងពី Café Amazon ដែលអ្នកអាចមិនដឹង
ថិតក្នុងសម័យកាលដែលកាហ្វេកំពុងក្លាយជាភេសជ្ជៈពេញនិយម Café Amazon បានក្ដោបបានទីផ្សារមួយផ្នែកធំក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យ រហូតអាចបើកបានរាប់រយសាខាក្នុងរយៈពេលតែប៉ុន្មានឆ្នាំ។ ជាធម្មតាគេអាចរកឃើញហាងកាហ្វេ Amazon នៅតាមស្ថានីយប្រេងឥន្ធនៈ PTT ប៉ុន្តែបច្ចុប្បន្នសាខាក្រៅពីស្ថានីយចាក់ប្រេងក៏មានចំនួនច្រើនដូចគ្នា។ តើហាងកាហ្វេមួយនេះមានកំណើតបែបណា ហើយមានរឿងអ្វីខ្លះដែលអ្នកចូលចិត្តកាហ្វេគួរដឹងពីហាងកាហ្វេមួយនេះ? ថ្ងៃនេះ KPT Plus នឹងនាំប្រិយមិត្តមកស្វែងយល់ពីរឿងពិតទាំង ១០ របស់កាហ្វេ Amazon ដែលអ្នកអាចនឹងមិនធ្លាប់ដឹង៖
១. ចាប់កំណើតនៅឆ្នាំ២០០២
ហាងកាហ្វេ Amazon បានចាប់កំណើតដំបូងនៅឆ្នាំ២០០២ ដោយពេលនោះថ្នាក់ដឹកនាំក្រុមហ៊ុន PTT បានសំឡឹងឃើញឱកាសក្នុងការបង្កើនសក្ដានុពលទីផ្សាររបស់ស្ថានីយចាក់សាំង ដោយការបង្កើតហាងកាហ្វេនេះជាជំនួញមួយទៀតក្នុងបរិវេណស្ថានីយ ដើម្បីអាចរកចំណូលបន្ថែម និងឆ្លើយតបនឹង Lifestyle របស់អតិថិជន ក៏ដូចជាអ្នកធ្វើដំណើរកាន់តែច្រើន។
២. ទទួលការបំផុសគំនិតពីប្រទេសប្រេស៊ីល
ការបង្កើតប្រ៊េន Café Amazon ចាប់ផ្ដើមដោយការបំផុសគំនិតពីប្រទេសប្រេស៊ីលដែលជាទឹកដីកាហ្វេ និងជាដែនដីមានព្រៃ Amazon ជាព្រៃធម្មជាតិដ៏អស្ចារ្យបំផុតលើពិភពលោក និងសម្បូរទៅដោយព្រៃឈើ រុក្ខជាតិ ប្រភពទឹក សត្វព្រៃគ្រប់ប្រភេទ ថែមទាំងជាប្រភពផលិតអុកស៊ីសែនដ៏សំខាន់សម្រាប់ផែនដី។ គំនិតទាំងអស់នេះត្រូវបានយកមកសំយោគដើម្បីបង្កើតជាហាងកាហ្វេ Amazon ដែលមានបរិយាកាសត្រជាក់ត្រជុំដោយមានដើមឈើ ប្រភពទឹក និងសត្វសិប្បនិម្មិតនៅជុំវិញ។
៣. មានសាខាច្រើនបំផុតនៅអាស៊ាន
Café Amazon គឺជាហាងកាហ្វេមានសាខាច្រើនជាងនៅអាស៊ីអាគ្នេយ៍ ដោយមានសរុបជាង ២៦០០សាខា ទាំងក្នុងនិងក្រៅស្ថានីយចាក់ប្រេង។ ក្នុងនោះប្រទេសថៃមានជាង ២៤០០សាខា និងនៅប្រទេសផ្សេងៗមានច្រើនជាង ២០០សាខា ដូចជាប្រទេសកម្ពុជាប្រមាណ ១៥០សាខា ប្រទេសឡាវ ៥១សាខា ប្រទេសមីយ៉ាន់ម៉ា ៤សាខា ប្រទេសហ្វីលីពីន ៨សាខា ប្រទេសជប៉ុន ២សាខា និងប្រទេសអូម៉ាន ១សាខា។ (តួលេខចុងឆ្នាំ២០១៩)
៤. ចាប់ផ្ដើមឆ្នាំដំបូងលក់ដាច់មិនដល់ ២០កែវក្នុងមួយសាខា
Café Amazon ពេលចាប់ផ្ដើមដំបូងៗមានចំនួនលក់មិនដល់ ២០កែវឡើយក្នុងមួយសាខា ដោយសារកាលឆ្នាំ២០០២នោះ ការទទួលទានកាហ្វេមិនទាន់ក្លាយជាទីពេញនិយមនៅឡើយ។ ក្រោយការផ្លាស់ប្ដូរជាច្រើនទាំងរសជាតិ រួមបែបវេចខ្ចប់ និងផ្នែកផ្សេងៗ Café Amazon ក៏បានចាប់ផ្ដើមទទួលបានអតិថិជននៅឆ្នាំទី៣។
៥. ចំណូលពីការលក់កាហ្វេច្រើនជាងចំណូលពីការលក់សាំង
ផ្អែកតាមការចុះផ្សាយរបស់ The Bangkok Insight បើរាប់ប្រាក់ចំណេញទាំង ១០០% នៅតាមស្ថានីយ PTT នីមួយៗក្នុងប្រទេសថៃបច្ចុប្បន្ន មួយចំណែកធំគឺបានមកពីជំនួញផ្សេងៗ ដែលក្នុងនោះមាន Café Amazon ជាង ៣៥% ហាងទំនិញផ្សេងៗ ២៥% ចំណែកប្រាក់ចំណេញពីការលក់សាំងគឺមានតែ ៣០%ប៉ុណ្ណោះ ឯ ១០%ទៀតគឺជាចំណូលពីការជួលបរិវេណស្ថានីយ។
៦. លក់ដាច់បំផុតក្នុងប្រទេសកម្ពុជា (ដាច់ជាងនៅថៃទៀត)
ហាងកាហ្វេ Amazon បានទទួលការពេញនិយមយ៉ាងខ្លាំងពីអតិថិជនក្នុងប្រទេសកម្ពុជា រហូតអាចបើកសាខាច្រើនជាង ១៥០ កន្លែងគិតត្រឹមដើមឆ្នាំ២០១៩ ដោយសាខាលក់បានដាច់បំផុតអាចលក់បានរហូតដល់ ១៣០០ ទៅ១៤០០កែវក្នុងមួយថ្ងៃ ពោលគឺដាច់ជាងក្នុងប្រទេសថៃទៅទៀត បើនិយាយពីចំនួនលក់តាមសាខានីមួយៗ។
៧. ទិញកាហ្វេ Amazon ជួយកសិករថៃ
ដោយឃើញថាជារឿយៗកសិករត្រូវបានពួកឈ្មួញយកប្រៀបដោយការទម្លាក់តម្លៃឲ្យថោកហួស ក្រុមហ៊ុន PTT ក៏បានបង្កើតក្រុមហ៊ុន និងរោងចក្រលីងកាហ្វេមួយនៅខេត្តឈៀងរ៉ាយ ដើម្បីប្រមូលទិញគ្រាប់កាហ្វេពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃទូទៅចំនួន ១បាតក្នុងមួយគីឡូ យកមកផលិតជាកាហ្វេសម្រាប់ផ្គត់ផ្គង់ហាងកាហ្វេ Amazon ទាំង ២៦០០សាខា។ កសិករដែលយកកាហ្វេមកលក់ត្រូវធ្វើតាមលក្ខខណ្ឌចំនួន ៣គឺ ១ត្រូវដាំដើមកាហ្វេឆ្លាស់គ្នាជាមួយដើមឈើផ្សេងៗ ២ត្រូវថែរក្សាបរិស្ថានជុំវិញកន្លែងដាំកាហ្វេឲ្យបានស្អាតល្អ ៣ត្រូវស្ថិតក្រោមការមើលការខុសត្រូវរបស់សហគមន៍។
៨. ចង់បើកហាងកាហ្វេ Amazon មួយសាខាត្រូវចំណាយដើមទុនប៉ុន្មាន?
ការបើកហាងកាហ្វេ Amazon មួយត្រូវចំណាយដើមទុនមិនក្រោម ៣ លានបាត ឬ ១០ ម៉ឺនដុល្លារឡើយ។ ផ្អែកតាមព័ត៌មានពី Café Amazon ការបើកហាងក្រៅស្ថានីយ PTT មាន ២ប្រភេទ គឺហាងក្នុងអគារ (Shop) និងហាងដាច់ដោយឡែក (Stand Alone)។ បើសិននៅក្នុងអគារ បរិវេណហាងគួរតែមានទំហំ ៤០ម៉ែត្រការ៉េឡើងទៅ និងត្រូវប្រើដើមទុនចន្លោះ ៨ម៉ឺនទៅ ១២ម៉ឺនដុល្លារ។ បើសិនជាហាងដាច់ដោយឡែក គឺត្រូវចំណាយដើមទុនចន្លោះ ៩ម៉ឺនដុល្លារ ទៅ១៤ម៉ឹនដុល្លារ ដោយទីតាំងហាងត្រូវមានទំហំចាប់ពី ១០០ ទៅ២០០ម៉ែត្រការ៉េ គិតរួមទាំងសួនច្បារនៅជុំវិញ។
ប្រាក់ដែលប្រើប្រាស់សម្រាប់ការចំណាយដើម្បីបើកហាងរួមមាន ថ្លៃសាងសង់ ថ្លៃដេគ័រតុបតែង ការរៀបចំប្រព័ន្ធ ថ្លៃឌីហ្សាញ ឧបករណ៍ប្រើប្រាស់ក្នុងហាង ថ្លៃធានារ៉ាប់រងស្លាកយីហោ ថ្លៃ Franchise ហើយបន្ទាប់ពីបើកហាងហើយក៏ត្រូវបង់ថ្លៃផ្សេងៗទៀតដូចជាថ្លៃកម្មសិទ្ធិបញ្ញា និងទីផ្សារ (សរុបចូលគ្នា ៦%នៃចំណូលក្នុងមួយខែ) ថ្លៃជួលឧបករណ៍ Point of Sale (Pos) ៨០០ដុល្លារក្នុងមួយឆ្នាំ ដោយកិច្ចសន្យាមានរយៈពេលចំនួន ៦ឆ្នាំ និងត្រូវរៀបចំកែលម្អហាងជាថ្មីរៀងរាល់ ៣ឆ្នាំម្ដង។
៩. មានអ្នកដាក់ពាក្យទិញ Franchise ច្រើនជាង ៤០០នាក់ក្នុងមួយខែ
ដោយទទួលបានការពេញនិយមយ៉ាងខ្លាំង Café Amazon មានអ្នកចាប់អារម្មណ៍ទិញ Franchise ជាច្រើន ដូច្នេះហើយអ្នកដែលចាប់អារម្មណ៍ចង់ទិញពិតប្រាកដគឺត្រូវតែប្រញាប់បន្តិច ព្រោះបច្ចុប្បន្នមានការដាក់ពាក្យសុំទិញច្រើនជាង ៤០០ ពាក្យក្នុងមួយខែ ដែលធ្វើឲ្យពេលខ្លះគឺត្រូវចំណាយពេលរង់ចាំយូរ។
១០. មានចំណូល ៤២៤ លានដុល្លារ ពីការលក់កាហ្វេសរុប ១៨០លានកែវក្នុងឆ្នាំ២០១៨
ប្រាក់ចំណូលសម្រាប់ហាងកាហ្វេ Amazon ប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងជាលំដាប់ ដោយនៅឆ្នាំ២០១៤ អាចរកបាន ១១៥លានដុល្លារ ឆ្នាំ២០១៥ រកបាន ១៧៨លានដុល្លារ ឆ្នាំ២០១៦ ឡើងដល់ ២៦៥លានដុល្លារ ឆ្នាំ២០១៧ ឡើងដល់ ៣៣៩លានដុល្លារ និងឆ្នាំ២០១៨ គឺចំនួន ៤២៤លានដុល្លារ។ រហូតដល់ឆ្នាំ២០២២ Café Amazon មានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបានចំនួន ៤០០០សាខា ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ៕
ប្រែសម្រួល៖ វ៉ាន់ថន
ចុចអាន៖ បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ