ព័ត៌មានជាតិ
កម្ពុជាទទួលបាន ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ ដោយសារតែដើរលើនយោបាយការទូត ត្រឹមត្រូវ
ប្រទេសកម្ពុជា បានទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ពីបណ្ដាប្រទេសនានានៅលើពិភពលោក ដែលនាំឲ្យកម្ពុជាអាចសម្រេចបានលទ្ធផល ចាក់វ៉ាក់ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។
កាលពីពេលកន្លងទៅ ប្រទេសកម្ពុជា បានទទួលជំនួយវ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី និងតាមរយៈ យន្តការកូវ៉ាក់ ដោយមកដល់ពេលនេះ មានប្រទេសដូចជា៖ ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, និងអូស្ត្រាលី ជាដើម បានផ្ដល់ជំនួយវ៉ាក់សាំង មកកាន់ប្រទេសកម្ពុជា។
ចំណែកនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយ របស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន ៣០ម៉ឺនដូសទៀត នៅព្រលានយន្ដហោះភ្នំពេញអន្តរជាតិ។ តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងដូច្នេះ?
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែមករានេះថា ការដែលប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នេះ ដោយសារតែសិល្បៈការទូត ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកថា «មិនអាចកាត់ផ្ដាច់បានអំពី គេហៅថា សិល្បៈការទូត សម្រាប់ឆ្លុះបញ្ចាំងអំពីកម្ពុជា កម្ពុជាមានវ៉ាក់សាំងដោយសំបូរបែប ទាំងយើងទិញ ទាំងជំនួយទ្វេភាគី នោះហើយ បង្ហាញអំពីសិល្បៈការទូតរបស់ប្រមុខដឹកនាំរបស់យើង ដែលមានភាពឈ្លាសវៃ ដូចខ្ញុំនិយាយខាងដើម ប្រទេសខ្លះរកវ៉ាក់សាំងប្រើអត់ទាន់បានផង»។
លោក ជា ច័ន្ទបរិបូរណ៍ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានរំលឹកផងដែរថា អង្គការសុខភាពពិភពលោក កាលពីខែធ្នូឆ្នាំ ២០២១កន្លងទៅនេះ បានបង្ហាញរបាយការណ៍មួយ ដោយថា ប្រទេសអ្នកមាន គឺបានចាក់វ៉ាក់សាំងជូនប្រជាជន របស់ពួកគេ បានរហូតដល់ដូសជំរុញពី ៧៥ ទៅ៨០ភាគរយហើយ តែសម្រាប់ប្រទេសក្រីក្រនៅតំបន់អាហ្វ្រិក គឺបានប្រមាណតែ ១០ភាគរយប៉ុណ្ណោះ ហើយប្រទេសខ្លះទៀត បានទទួលវ៉ាក់សាំងហើយ តែពុំមានគ្រូពេទ្យសម្រាប់ចាក់ទៅទៀត។
ចំណែកប្រទេសកម្ពុជាវិញ គឺបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរហូតដល់ដូសទី ៤ ដែលជាដូសជំរុញទៅហើយ និងចាក់បានលើស ៨៥ភាគរយនៃចំនួនប្រជាជន ផងដែរ ទោះបីជាប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមានក៏ដោយ។ លោកបន្ថែមថា «វ៉ាក់សាំង បានឆ្លុះបញ្ចាំងអំពីភាពប៉ិនប្រសប់ អំពីភាពឈ្លាសវៃ ដឹកនាំរបស់ប្រមុខដឹកនាំរបស់យើង វិញ្ញាសារកូវីដ-១៩ វាជាវិញ្ញាសារមួយ ដែលខ្ញុំចាប់អារម្មណ៍ចំណុចចំនួន ២ ដែលទីមួយ គឺទាញមនុស្សឲ្យបែរមកគោរព នូវវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីសាសនា របស់ខ្លួនវិញ ហើយទីពីរ គឺឆ្លុះបញ្ចាំងឲ្យឃើញថាតើ មេដឹកនាំរូបណា ដែលមានភាពប៉ិនប្រសប់»។
ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា មូលហេតុដែលនាំឲ្យប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងជាបន្តបន្ទាប់នោះ ដោយសារតែការដើរលើនយោបាយការបរទេស ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងទៀត កន្លង មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសហើយថា កម្ពុជាស្វាគមន៍ជានិច្ចនូវរាល់ការផ្ដល់ជំនួយ ពីបណ្ដាប្រទេសនានានៅលើពិភពលោក ដោយថា ប្រទេសកម្ពុជា មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់។ ដូច្នេះទើប ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជា៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ -លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២ នាក់។ -លើកុមារអាយុ ៥ឆ្នាំ មាន ១០៥,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៦២%៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ