ព័ត៌មានអន្ដរជាតិ
៥ចំណុចពិសេស មិនគួររំលងពាក់ព័ន្ធវិបត្តិ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងឡើងកម្តៅ
សម្ព័ន្ធមិត្តអង្គការណាតូ បានបង្កើនការគាំទ្រដល់ទីក្រុង គៀវ ដោយបញ្ជូនកងទ័ពបន្ថែម និងសម្ភារៈយោធាទៅកាន់ប្រទេស អ៊ុយក្រែន។
សម្ព័ន្ធភាពនេះនិយាយថា សកម្មភាពរបស់ខ្លួនគឺឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់រុស្ស៊ីជាបន្តនៅតាមព្រំដែនអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូអះអាងថា សកម្មភាពរបស់ខ្លួនគឺចាំបាច់ដើម្បីធានាបាននូវផលប្រយោជន៍សន្តិសុខដ៏សំខាន់ ហើយបានស្តីបន្ទោសអង្គការណាតូចំពោះការបំផ្លាញសន្តិសុខក្នុងតំបន់។
ខាងក្រោមនេះគឺជារឿងប្រាំយ៉ាង ដែលអ្នកគួរដឹងអំពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលអាចកើតឡើងបន្ទាប់ទៀត៖
១. ហេតុអ្វីបានជាមានជម្លោះ
អ៊ុយក្រែន គឺជាផ្នែកមួយនៃចក្រភពរុស្ស៊ីអស់រយៈពេលជាច្រើនសតវត្សរ៍ មុននឹងក្លាយជាសាធារណៈរដ្ឋសូវៀត ដោយទទួលបានឯករាជ្យនៅពេលសហភាពសូវៀតបែកបាក់ក្នុងឆ្នាំ១៩៩១។ បន្ទាប់មក អ៊ុយក្រែន បានងាកចេញពីចក្រពត្តិរុស្ស៊ី ហើយបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយលោកខាងលិច។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រដោយវិមានក្រឹមឡាំងលោក Viktor Yanukovych ក្នុងការបដិសេធកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប ដើម្បីធ្វើឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ឈានដល់លោកត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងឆ្នាំ២០១៤។
រុស្ស៊ីបានឆ្លើយតប ដោយការកាត់បញ្ចូលឧបទ្វីប គ្រីមៀ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធ និងបានគាំទ្រការបះបោរផ្តាច់ខ្លួនដែលផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
យោងតាមទីក្រុង គៀវ បានឲ្យដឹងថា មនុស្សជាង១៤,០០០នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធដោយបានបំផ្លិចបំផ្លាញតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
ដោយឡែក ទីក្រុងមូស្គូបានរិះគន់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ដែលផ្តល់អាវុធដល់អ៊ុយក្រែន និងការធ្វើសមយុទ្ធរួមគ្នា ដោយនិយាយថា ទង្វើបែបនេះគឺលើកទឹកចិត្តដល់ក្រុមល្មោភសង្គ្រាមអ៊ុយក្រែន ឲ្យព្យាយាមដណ្តើមយកតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមមកវិញ។
ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយម្តងហើយម្តងទៀតថា បំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ ណាតូ គឺជាបន្ទាត់ក្រហម ហើយបានសម្តែងក្តីព្រួយបារម្ភអំពីផែនការរបស់សមាជិកណាតូមួយចំនួន ក្នុងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានៅអ៊ុយក្រែន។ លោកបាននិយាយថា នេះនឹងនាំឲ្យមានយោធាឈរជើងក្នុងតំបន់ ថ្វីបើអ៊ុយក្រែនមិនចូលជាសមាជិកណាតូក៏ដោយ។
២. តើរុស្ស៊ីចង់បានអ្វី?
មានរឿងជាច្រើន។ រុស្ស៊ីមិនចង់ឲ្យអ៊ុយក្រែន ចូលក្នុងអង្គការណាតូទេ ហើយបាននិយាយច្រើនក្នុងបញ្ជីទាមទារសន្តិសុខរបស់ខ្លួន ដែលត្រូវបានបញ្ជូនទៅអាមេរិកកាលពីខែធ្នូឆ្នាំមុន។ ការទាមទារនោះរួមបញ្ចូលទាំងការបញ្ឈប់សមយុទ្ធណាតូនៅជិតព្រំដែនរុស្ស៊ីផងដែរ។
ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតប ប៉ុន្តែឱសានវាទជាច្រើនត្រូវបានលោកខាងលិចរិះគន់ថា មិនសមរម្យ។ រុស្ស៊ីថែមទាំងចង់ឲ្យអង្គការណាតូ ដកខ្លួនចេញពីអឺរ៉ុបខាងកើតទៀតផង។
នៅពេលនោះ លោក ពូទីន និយាយថា រុស្ស៊ីនឹងស្វែងរកការធានា កុំឲ្យណាតូបន្តដំណើរ ឆ្ពោះទៅទិសខាងកើត និងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលគំរាមកំហែងនៅជិតទឹកដីរុស្ស៊ី។
លោកពូទីនបានផ្តល់ឱកាសឲ្យលោកខាងលិចចូលរួមក្នុងកិច្ចពិភាក្សាសំខាន់ៗលើបញ្ហានេះ ដោយបន្ថែមថា ទីក្រុងមូស្គូនឹងមិនត្រូវការការធានាដោយត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការធានាផ្នែកច្បាប់ផងដែរ។
ការចូលរួមរបស់អ៊ុយក្រែនក្នុងសម្ព័ន្ធភាពនេះ នឹងតម្រូវឲ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋទាំង៣០។
៣. តើអ៊ុយក្រែន នឹងចូលអង្គការ ណាតូ ទេ?
អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ ប៉ុន្តែខ្លួនចង់ក្លាយជាសមាជិក។ អ៊ុយក្រែន ត្រូវបានចាត់ទុកថាជាដៃគូនៃសម្ព័ន្ធភាពនេះ។
មុននឹងអាចចូលជាសមាជិកបាន អង្គការណាតូនិយាយថា រដ្ឋាភិបាលទីក្រុង គៀវ ត្រូវលុបបំបាត់បញ្ហានានាដូចជាអំពើពុករលួយជាដើម។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីខែធ្នូ បានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យលុបចោលការប្តេជ្ញាចិត្តឆ្នាំ២០០៨ ដែលសន្មត់ថាថ្ងៃណាមួយ ប្រទេសអ៊ុយក្រែន នឹងមានឱកាសក្លាយជាសមាជិក។
លោក Stoltenberg បន្តថា នៅពេល ដល់ពេលពិចារណាលើបញ្ហានេះ រុស្ស៊ីនឹងមិនអាចវេតូការចូលជាសមាជិករបស់អ៊ុយក្រែនបានឡើយ។
៤.តើនឹងមានសង្គ្រាមទេ?
បស្ចិមប្រទេស បានចោទរុស្ស៊ីថា កំពុងត្រៀមខ្លួនដើម្បីវាយប្រទេសជិតខាងដែលគាំទ្រលោកខាងលិច។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា មានការឯកភាពគ្នាទាំងស្រុង អំពីរបៀបដោះស្រាយជាមួយរុស្ស៊ី។ មន្ទីរបញ្ចកោណបានត្រៀមទាហានអាមេរិកចំនួន៨,៥០០នាក់ រង់ចាំសម្រាប់ការដាក់ពង្រាយនៅអឺរ៉ុបខាងកើត ហើយអង្គការណាតូបានបញ្ជាក់ថា ខ្លួនកំពុងបញ្ជូននាវា និងយន្តហោះ ដើម្បីពង្រឹងការការពារក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យប្រធានាធិបតីពូទីន លោក Dmitry Peskov បានលើកឡើងថា សកម្មភាពទាំងនេះគ្រាន់តែបន្ថែមទៅក្នុងបរិយាកាស ដែលតានតឹងរួចទៅហើយប៉ុណ្ណោះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “សហរដ្ឋអាមេរិកកំពុងបង្កើនភាពតានតឹង។ យើងកំពុងមើលសកម្មភាពរបស់អាមេរិកទាំងនេះដោយក្តីបារម្ភយ៉ាងខ្លាំង”។
យ៉ាងណាក្តី រុស្ស៊ីបដិសេធថា ខ្លួនគ្មានផែនការវាយចូលអ៊ុយក្រែនទេ ហើយចោទលោកខាងលិចថាធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ។
គេមិនប្រាកដទេថាតើសង្រ្គាមនឹងផ្ទុះឡើងរវាងប្រទេសទាំងពីរឬក៏យ៉ាងណា ប៉ុន្តែអ្នកវិភាគខ្លះនិយាយថា រុស្ស៊ីអាចឈានជើងចូលអ៊ុយក្រែន ដើម្បីទាមទារជ័យជម្នះយ៉ាងរហ័ស ហើយបង្កើនអំណាចរបស់ខ្លួននៅក្នុងកិច្ចពិភាក្សានាពេលអនាគត អំពីការពង្រីក និងឥទ្ធិពលរបស់អង្គការណាតូ។
៥. តើមានអ្វីកើតឡើងប្រសិនបើរុស្ស៊ីវាយអ៊ុយក្រែន?
ប្រទេសលោកខាងលិចបានបង្ហាញការគាំទ្ររបស់ពួកគេនៅពីក្រោយអ៊ុយក្រែន ប៉ុន្តែការឆ្លើយតបខ្លះមានភាពតឹងរ៉ឹងជាងប្រទេសដទៃទៀត។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានផ្គត់ផ្គង់សព្វាវុធ ខណៈអាល្លឺម៉ង់គ្រោងនឹងបញ្ជូនឧបករណ៍សម្រាប់ការព្យាបាលនៅខែក្រោយ ប៉ុន្តែនឹងមិនផ្គត់ផ្គង់ឧបករណ៍យោធាទេ។
ក៏មានកិច្ចពិភាក្សាជាច្រើនផងដែរ អំពីទណ្ឌកម្មដែលមានគោលបំណងដាក់លើក្រុងមូស្គូ។ សម្ព័ន្ធមិត្តរបស់អាមេរិក និងអឺរ៉ុបបានសន្យាថា នឹងវាយប្រហារផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីមិនធ្លាប់មានពីមុនមក ប្រសិនបើលោក ពូទីន ដាក់យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ការកាត់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT ដែលជាផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយជុំវិញពិភពលោក នឹងក្លាយជាវិធានការហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុតមួយដែលពួកគេអាចធ្វើបាន ដោយវានឹងបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីភ្លាមៗ និងមានរយៈពេលយូរអង្វែង។
ទង្វើនេះ អាចកាត់ផ្តាច់រុស្ស៊ីពីប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន រួមទាំងប្រាក់ចំណេញអន្តរជាតិពីផលិតកម្មប្រេង និងឧស្ម័ន ដែលរួមចំណែកច្រើនជាង៤០ភាគរយនៃប្រាក់ចំណូលរបស់ប្រទេសនេះផងដែរ។
អាមេរិកក៏មានអាវុធហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតមួយប្រឆាំងនឹងលោក ពូទីន ផងដែរប្រសិនបើលោកវាយអ៊ុយក្រែន ពោលគឺរារាំងរុស្ស៊ីមិនឲ្យចូលប្រើប្រាស់ប្រាក់ដុល្លារអាមេរិកខណៈប្រាក់ដុល្លារនៅតែគ្របដណ្ដប់លើប្រតិបត្តិការហិរញ្ញវត្ថុជុំវិញពិភពលោក។
ចុងក្រោយ អាមេរិកកំពុងពិចារណា ដាក់ការត្រួតពិនិត្យលើការនាំចេញ ដែលអាចកាត់ផ្តាច់រុស្ស៊ីពីបច្ចេកវិទ្យាខ្ពស់ ធ្វើឲ្យទីក្រុងមូស្គូពិបាកប្រើបច្ចេកវិទ្យាជាមួយយន្តហោះចម្បាំង និងយន្តហោះដឹកអ្នកដំណើរ និងដាក់ឥទ្ធិពលលើផលិតកម្មស្មាតហ្វូន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ