Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីទទួលភ្ញៀវទេសចរបានជាង ១ម៉ឺន២ពាន់នាក់ កើនឡើងជាង១៧% បីថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម

បានផុស

នៅ

រតនគិរី៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (៣១ មករា ១-២កុម្ភៈ ឆ្នាំ២០២២) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ ចំនួននេះគឺមានការកើនឡើង១៧.១៦% ក្នុងនោះ ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិ កើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមកមានចំនួន ១០,៦២៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរ ដែលមានការហក់ឡើងគួរឲ្យកត់សម្គាល់ បើទោះបីចំនួនមិនដូចការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថា ខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។

ប្រធានមន្ទីរទេសចរណ៍ ក៏បានលើកឡើងផងដែរ ពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះ មន្ទីរបានធ្វើបច្ចុប្បន្នភាពរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ។

ដោយឡែក ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត សង្កេតឃើញថា ភ្ញៀវទេសចរទាំងអស់ បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បញ្ជាក់ឲ្យថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ទូទាំងខេត្តគ្មានបញ្ហាអ្វីកើតឡើងនោះទេ គឺកម្លាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់មកកម្សាន្តប្រកបដោយសេចក្តីសប្បាយរីករាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម