Connect with us

នយោបាយ

សម្តេច ហ៊ុន សែន បានកែតម្រូវវិញថា ទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានដោះលែងទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកកែតម្រូវព័ត៌មានថា នៅពេលនេះ លោកសាស្រ្តាចារ្យ សន ថឺនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។ កាលពីព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ បានបង្ហើបឲ្យដឹងថា ទីប្រឹក្សារូបនេះ ត្រូវមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាដោះលែងតាមសំណើរបស់សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ព្រឹកមិញ ខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភ័ន្តច្រឡំនេះ បណ្តាលមកពីខ្ញុំទទួលបានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។

លោក សន ថឺនែល (Sean Turnell) គឺជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ហើយធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី។ បន្ទាប់ពីមានការផ្ទុះរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងខែកុម្ភៈកាលពីឆ្នាំមុន អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ និងលោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានក្រុម​យោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។ លោក សន ថឺនែល (Sean Turnell) ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅក្នុងពន្ធ​នាគារប្រមាណ១ឆ្នាំ។ ក្រោយមក រដ្ឋមន្រ្តីការបរទេសអូស្រ្តា​លី បានស្នើមកសម្តេចប្រមុខដឹកនាំកម្ពុជាដោយផ្ទាល់ ឲ្យជួយស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាឲ្យដោះលែងសាស្រ្តាចារ្យអូស្រ្តាលីរូបនេះ ក្នុងខណៈដែលសម្តេចអញ្ជើញទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោ ក៏បានជួយតាមការស្នើសុំរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនេះ ហើយលោក មិន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានឆ្លើយតបថា នឹងពិចារណាជាវិជ្ជមានចំពោះសំណើនេះ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម