Connect with us

ព័ត៌មានជាតិ

ទូត​អាមេរិក​មក​ទឹកដី​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​និង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ព្រឹក​ថ្ងៃទី​៨ ​ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ លោក​តែ​ទ្រី​ក​មើ​ហ្វី​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ស្វែងយល់​អំពី​សក្ដានុពល​នៃ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ​ ព្រមទាំង​សកម្មភាព​នៃ​ការជួញដូរ​មនុស្ស​ឆ្លងដែន​​និង​វិស័យ​សុខាភិបាល​ផង​ដែរ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​ទូត​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​អ៊ុ រាត្រី ​អភិបាលខេត្ត​បន្ទាយ​មាន​មានជ័យ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អ៊ុ​ រាត្រី​ បាន​ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត​ថា ​ខេត្តបន្ទាយមានជ័យ​ស្ថិតនៅ​​ប៉ែក​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចម្ងាយ​ប្រមាណ​៣៥៩​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ប្រវែង​១៥៣​គីឡូម៉ែត្រ ហើយ​ខេត្ត​នេះ​មាន​ផ្ទៃដី​សរុប​៦​.៦៧៩​គីឡូម៉ែត្រ​ការ៉េ​ចែកចេញជា​២​ក្រុង​៧​ស្រុក​ ៥៥​ឃុំ​​ ១០​សង្កាត់​ និង​៦៥៨​ភូមិ​មាន​ប្រជាជន​ពលរដ្ឋ​ប្រមាណ​៧៩​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​៨៥%​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​និង​១៥%​ជា​អាជីវករ​ពាណិជ្ជករ​សិប្បករ​កម្មករ​នេសាទ​ត្រី​និង​ចិញ្ចឹមសត្វ​។

លោក​បាន​និយាយ​បន្ត​ថា ​ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៣​ គឺ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ច្រកទ្វា​បឹង​ត្រកួន​ និង ច្រកព្រំដែន​ម៉ាឡៃ​ ខេត្ត​ក៏មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​៥​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ភីភី​ តំបន់​សេដ្ឋកិច្ច​ពិសេស​លី​អ៊ុត​នី ​ព្រមទាំង​ឧទ្យាន​ឧស្សាហកម្ម​១​កន្លែង​ នៅ​ក្រុង​សិរីសោភ័ណ​។

ដោយឡែក​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៦​កន្លែង​ កំពុង​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​និង​១​ក្រុមហ៊ុន​ទៀត ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ភីភី​ ផលិត​សម្ភារៈ​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​។

ក្នុង​នោះ​លោក​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី ​ក្នុង​កម្មវិធី​COVAX​បាន​ផ្តល់​វ៉ាក់សាំង​Johnson​and​Johnson​ សម្រាប់​ការ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​មួយ​ចំនួន​ផងដែរ​ដែល​ខេត្ត​ទទួល​បាន​ពី​ថ្នាក់ជាតិ​ផ្តល់​មក​។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​លើក​ថា​ ប្រតិភូ​ស្ថានទូត​មក​ទស្សនកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​គោលបំណង​ចង់​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​ឆ្លងដែន​និង​ផ្នែក​សុខាភិបាល​ផ្នែក​អប់រំ​។​

លោក​ទូត​បាន​គូស​បញ្ជាក់​ថា ​លោក​ពិតជា​រីករាយ​ដែល​បាន​មក​កាន់​ខេត្តបន្ទាយមានជ័យ​ជា​លើក​ទី​២​ដែល​លោក​បាន​អញ្ជើញ​មក​កាលពី​៨​ឆ្នាំមុន​ជាមួយ​ក្រុមគ្រួសារ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​និង​បំពេញ​បេសកកម្ម​ការងារ​មួយចំនួន​នាពេលនោះ​៕

ដោយ ៖ វ៉ាន់​ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម