Connect with us

ព័ត៌មានជាតិ

លោក​ឃួ​ង ស្រេង ៖ ចំណុច​អវិជ្ជមាន​ត្រូវតែ​បំពេញបន្ថែម ល្បែងស៊ីសង និង​គ្រឿងញៀន​ត្រូវ​បង្ក្រាប​អោយ​អស់ពី​មូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ ​៖ ដើម្បី​ទទួល​បាន​ជ័យជំនះ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ នា​ពេល​ខាងមុខនេះ លោក​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ស្វះ​ស្វែងរក​ចំនុច​អវិជ្ជមាន​មួយចំនួន​យកមក​ធ្វើការ​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ទទួលបាន​ការគាំទ្រ និង​ជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ឈានទៅដល់​ការបោះឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្វែងរក​ចំណុច​អវិជ្ជមាន​នេះ បាន​ធ្វើឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ទាំង​១១​នៃ​ខណ្ឌដូនពេញ នា​រសៀល​ថ្ងៃទី​០៨​ខែកុម្ភៈ​ឆ្នាំ ២០២២ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​។

ក្នុង​ពិធី​សំណេះសំណាល​នេះ ប្រធាន​គណបក្ស​សង្កាត់​ទាំង​១១ បានលើកឡើង​ពី​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ចំនួន​៤​អាណត្តិ​កន្លងមក ហើយក៏​សង្ឃឹមថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​អាណត្តិ​ទី​៥​នេះ​នឹង​ទទួលបាន​ជោគជ័យ ។ ការរំពឹងទុក​បែបនេះ ដោយសារតែ​យើង​មាន​គោល​នយោបាយ​របស់​បក្ស​ល្អ​ត្រឹមត្រូវ ពិសេស​ថែមទៀត មាន​សម្ដេច​តេ​ជោ ហ៊ុនសែន ជា​ប្រធាន​បក្ស​និង​ជា​នាយករដ្ឋមន្ត្រី ដ៏​ល្អ​ដែល​បាន​បំរើ​ជាតិ​មាតុភូមិ បម្រើ​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្រលាញ់​និង​ស្មោះត្រង់។ អ្វី​ដែល​យើង​មើលឃើញ​កាន់​តែ​ច្បាស់​ទៀត​នោះ គឺ​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អាជ្ញាធរ មន្ទីរ​សុខាភិបាល និង​កងកម្លាំង​មាន​សមត្ថកិច្ច បាន​បំពេញការងារ ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ដែល​ធ្វើអោយ​កិត្តិនាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ប្រជាជន គោរព ស្រលាញ់​និង​មានការ​ជឿទុកចិត្ត ។

​បន្ថែម​ពីលើ​នេះ​ទៀត ប្រធាន​គណបក្ស​សង្កាត់​ទាំង​១១ ក៏បាន​លើកឡើង​ពី​ការខ្វះខាត​មួយចំនួន លើ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន ដូចជា​ការសុំ​ដាក់​បណ្តាញ​លូ សុំ​ដាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការសុំ​ធ្វើ​ជណ្តើរ​ឡើង​រួម និង​ការខិតខំ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះបាន​មានប្រសាសន៍ថា រាល់​សំណូមពរ​និង​សំណើ​ឡើង​របស់​ប្រធាន​គណបក្ស​សង្កាត់​ទាំង​១១ ត្រូវតែ​ធ្វើឡើង​ឲ្យបាន​លឿន ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយសារ​ពេលនេះ ប្រជាពលរដ្ឋ​ពួកគាត់​ស៊ីវីល័យ​ហើយ ដូច្នេះ​ការស្នើសុំ​របស់គាត់​ក៏​ត្រូវតែ​ស៊ីវីល័យ​ផងដែរ​។

លោក​ឃួ​ង ស្រេង បន្តទៀតថា រាល់​ការងារ​អសកម្ម​ត្រូវតែ​កាត់បន្ថយ​អោយអស់​។ កងកម្លាំង​មាន​សមត្ថ​កិ​ច្ច ត្រូវតែ​បង្ក្រាប​អោយអស់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​គ្រឿងញៀន ពោល​គឺ​រក្សា​អោយ​បាន​នូវ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ។ លោក​ថា ទាំង​អ្នកក្រ អ្នកមាន លោក​ឧកញ៉ា គឺ​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ដូចគ្នា​។ បន្ថែម​ពីលើ​នេះ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវតែ​បន្តធ្វើ​ជាប់​ជាប្រចាំ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំងអស់​។

នៅ​ទីបញ្ចប់​នៃ​ពិធី​នេះ លោក​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ជា​ថវិកា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​ចំនួន​៥​លាន​រៀល​និង​ប្រធាន​គណបក្ស​សង្កាត់​ទាំង​១១ ក្នុង​បក្ស​សង្កាត់​ទទួលបាន​២​លាន​រៀល​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម