Connect with us

វប្បធម៌ ជំនឿ

សម្បត្តិវប្បធម៌កម្ពុជាជាច្រើនទៀត ត្រូវបានត្រៀមស្នើសុំចុះបញ្ជីបេតិកភណ្ឌ យូណេស្កូ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមរៀបចំស្នើសុំ សម្បត្តិវប្បធម៌កម្ពុជាជាច្រើនទៀត ចុះបញ្ជីបេតិកភណ្ឌរបស់អង្គការ យូណេស្កូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៅថ្ងៃនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធកម្មការងារជាច្រើន ក្នុងរយៈជាងពាក់កណ្ដាលអាណត្តិនាពេលកន្លងមក ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ “ប្រាសាទកោះកេរ” “នំបញ្ចុក” “ក្បាច់គុនល្បុក្កតោ” និង “ទីក្រុង​បាត់ដំបង” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញ​ទីក្រុងដែល​មានភាពច្នៃប្រឌិត (Creative Cities Network)​របស់អង្គការយូណេស្កូ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់បន្ថែមថា ក្រសួងក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមាន​សក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌ​​របស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយ​ឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, “សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈ​មណ្ឌល​​ប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង​ ម-១៣”, និងព្រះរាជពិធីបុណ្យអុំទូក។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ក្រសួងបានបំពេញការងារអស់រយៈពេលជាងពាក់កណ្ដាលអាណត្តិរួចទៅហើយ នៅក្នុងរយៈពេល ៥ ឆ្នាំនៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបន្តខិតខំប្រឹងប្រែងអនុវត្តនិងសហការអនុវត្តការងារគ្រប់មុខព្រួញទាំងអស់នៃយុទ្ធសាស្ត្រ ទាំងការងារក្នុង​វិស័យវប្បធម៌ ការងារក្រៅវិស័យវប្បធម៌ និងការងារអន្តរវិស័យ ដោយអនុលោមទៅតាមកម្មវិធីនយោ​បាយរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ២០១៩-២០២៣។

គួរបញ្ជាក់ថា កន្លងមកមានបេតិកភណ្ឌរូបី និងអរូបី របស់កម្ពុជាចំនួន ១១ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ និងបញ្ជីស្មារតីចងចាំ ពិភពលោក មានដូចជា ឧទ្យានអង្គរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, របាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ល្ខោនស្រមោលស្បែកធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ប្រាសាទ​ព្រះវិហារ​ នៅថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨, បណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាស្រ្តទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩, ល្បែងទាញព្រ័ត្រ នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៥, ឯកសារសំឡេងនិទានរឿងរាមកេរ្ត៍ដោយតាគ្រុឌ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤, ចាប៉ីដងវែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦, រឿង អ៊ីណាវ បុស្សា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧, តំបន់ប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និង ល្ខោនខោល នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម