ព័ត៌មានជាតិ
កាណាដា សន្យាបន្តចូលរួមជាមួយកម្ពុជា ក្នុងការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥
ការសន្យានេះ បានធ្វើឡើងនៅជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងក្នុងការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានចូលរួមដល់ការងារបោសសម្អាតមនុស្សធម៌នៅកម្ពុជាក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី១ គម្រោងពង្រឹងការអភិវឌ្ឍវិស័យកសិកម្ម និងសកម្មភាពមីន និងការបោសសម្អាតមីនតាមភូមិក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបឯកអគ្គរដ្ឋទូតកាណាដា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ និងការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២។ លោកថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។
បើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់។
លោកស្រីឯកអគ្គរដ្ឋទូត Sarah Taylor បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេល៣០ឆ្នាំ ហើយលោកស្រីឯកអគ្គរដ្ឋទូត នឹងចូលរួមជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទររំលឹកខួបទី៣០ ឆ្នាំនេះ។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ប្រទេសកាណាដា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ព្រមទាំងនឹងចូលរួមគាំទ្រដល់ការពិនិត្យឡើងវិញនូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន ការសិក្សាស្រាវជ្រាវកាត់បន្ថយផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងគាំទ្រជំនួយបច្ចេកទេសលើការកៀងគរធនធានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ