ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីកូរ៉េពន្លឿន ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យលោក មូន ចេ-អ៊ីន (Moon Jae-in)ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ជួយពន្លឿនការផ្ដល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចុះហត្ថ លេខារួចហើយ និងបានស្នើឲ្យលោកប្រធានាធិបតីកូរ៉េ ជួយគាំទ្រដល់វិស័យឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធទៅដល់ការបង្កើតរោងចក្រកែច្នៃផលិត ផលសម្រាប់នាំចេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះ នៅក្នុងជំនួបជាមួយលោក មូន ចេ-អ៊ីន (Moon Jae-in)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ បើតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានស្វាគមន៍ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េជាថ្មីទៀត។
លោក មូន ចេ-អ៊ីន បានបញ្ជាក់ថា កម្ពុជា គឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេសគឺពាក់ព័ន្ធនឹងការចុះហត្ថលេខាពាណិជ្ជ កម្មសេរីកម្ពុជា-កូរ៉េ ហើយកម្ពុជាជាប្រទេសទីមួយហើយ ដែលកូរ៉េចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងចំណោមប្រទេស ក្នុងតំបន់ទន្លេមេគង្គនេះ។ ប្រទេសពីរកម្ពុជា-កូរ៉េ បានធ្វើការជិតស្និទ្ធ ជាមួយគ្នាកន្លងមកយ៉ាងល្អ ហើយសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាទៀត។
លោក មូន ចេ-អ៊ីន ក៏បានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានក្លាយជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ ហើយកូរ៉េនឹងធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងក្របខណ្ឌកូរ៉េអាស៊ានផងដែរ។ មិនតែប៉ុណ្ណោះលោក មូន ចេ-អ៊ីន បានជូនពរឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំអាស៊ានទទួលបានដោយជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះលោកប្រធានាធិបតី ជាថ្មីម្តងទៀតក្រោយពីសម្តេច បានជួបលោកប្រធានាធិបតី កាលពីខែកុម្ភៈកន្លងទៅ ហើយបានអរគុណចំពោះលោកប្រធានាធិបតី ដែលបានចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី ១៣ ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ ២០២១ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចជាស្ថាបនិក នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះជាខួន ២៥ឆ្នាំ នៃខួបទំនាក់ទំនងការទូត រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សម្ដេចបានមានប្រសាសន៍ថា យើងគួរតែរៀបចំឲ្យមានសកម្មភាព ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការទ្វេភាគីផងដែរ។
សម្តេចតេជោ បានបន្តថា កន្លងទៅនេះកម្ពុជា ក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េផងដែរ និងបានស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿន ការផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
សម្ដេចតេជោ បានស្នើឲ្យលោកប្រធានាធិបតីកូរ៉េ ជួយគាំទ្រដល់ដល់វិស័យឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធទៅ ដល់ការបង្កើតរោងចក្រកែច្នៃ ផលិតផលកសិកម្ម សម្រាប់នាំចេញ។ សម្ដេច ក៏បានគូសបញ្ជាក់ អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលបានផ្ដល់ការលើកទឹកចិត្តជាច្រើនសម្រាប់អ្នកវិនិយោគ។
សម្ដេចតេជោ ក៏បានស្នើសុំឲ្យលោកប្រធានាធិបតី អាចបន្តគាំទ្រទៅដល់រូបមន្ត ១+ មានន័យថាបើកក្រុមហ៊ុនកូរ៉េ វិនិយោគនៅវៀតណាម ឬនៅថៃក៏អាចបើករោងចក្រ នៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ បានស្នើសុំឲ្យកូរ៉េគាំទ្រ ជាពិសេសទៅលើវិស័យកសិឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មកម្ពុជា ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ និងប្រទេសដទៃទៀត។ សម្ដេចតេជោ ក៏បានស្នើឲ្យលោកប្រធានាធិបតី ជួយជំរុញអ្នកវិនិយោគទុនកូរ៉េមកកម្ពុជាថែមទៀត។
លើសពីនេះសម្ដេចតេជោ បានស្នើបន្ថែមទៀត ចំពោះការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសកម្ពុជាតាមរយៈ ការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។ នៅក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើសុំឲ្យកូរ៉េ បន្តជួយលើវិស័យនេះ ដើម្បីបង្កើតអារូបករណ៍ ដល់មន្ត្រីរាជការនិងនិស្សិតរបស់កម្ពុជាផងដែរ ជាពិសេសការបណ្ដុះបណ្ដា ផ្នែកបច្ចេកទេសទាក់ទងវិស័យអាកាសចរណ៍ស៊ីវិល។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពាក់ព័ន្ធ ទៅនឹងពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េ ,សម្ដេចបានស្នើឲ្យកូរ៉េ ឲ្យបន្តបង្កើនកូតាចំពោះពលករកម្ពុជា ទៅធ្វើការនៅកូរ៉េនិងយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់ពលករកម្ពុជា និងអរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានចាក់សាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលករកម្ពុជា ។ សម្ដេចក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធទៅនឹងការស្ថាបនា ស្ពានឆ្លងកាត់ទន្លេមេគង្គមួយ ដែលមានឈ្មោះថា ស្ពានមិត្តភាពកម្ពុជា កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ សូមឲ្យកូរ៉េជួយដល់ការកសាងស្ពាននេះ តាមរយៈការប្រើជំនួយឥតសំណង និងកម្ចីសម្បទាន។
ជាការឆ្លើយតប លោកប្រធានាធិបតីកូរ៉េ បានលើកឡើងថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្ពុជានេះ ខាងរដ្ឋាភិបាលកូរ៉េ បានបញ្ចប់នីតិវិធីហើយ និងបានបញ្ជូនទៅរដ្ឋសភា ដើម្បីផ្ដល់សច្ចាប័ន។ ដូច្នេះនីតិវិធី នៅបន្តនៅឡើយ ហើយយើងសង្ឃឹមថា នឹងចប់នៅពេលខាងមុខនេះ។ លោកប្រធានាធិបតី ក៏សង្ឃឹមផងដែរថា សម្រាប់ឆ្នាំ ២០២២នេះ គឺលោកអបអរសាទរកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន នឹងទទួលបានជោគជ័យ។
លោកប្រធានាធិបតីថា លោកនឹងខិតខំធ្វើការជាមួយគ្នា ហើយលោកបានដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុន កំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោកក៏បានកោតសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំង ហើយបានបើកប្រទេសមករកភាពប្រក្រតីជាធម្មតា។ លោកបានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីនេះ ដោយលោកសង្ឃឹមថា នឹងបន្តជំរុញជាពិសេស ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េចូលជាធរមាន នឹងបន្តជំរុញឲ្យបង្កើនថែមទៀត នូវការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា។
លោកប្រធានាធិបតីកូរ៉េ បានថ្លែងទៀតថា ឆ្នាំនេះគឺជាខួប ២៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជាកូរ៉េលោកបានស្នើឲ្យកម្ពុជាគាំទ្រ ដល់សាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពិសេសទៀតសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិផងដែរ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព