Connect with us

ជីវិតកម្សាន្ដ

កោះសំពៅមាស រំលេចទៅដោយសមិទ្ធផលថ្មីៗ និងជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា

បានផុស

នៅ

កោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែល​ភ្ញៀវទេសចរ​ប្រុស​ស្រីក្មេង​ចាស់​មកពី​ទីជិត​ឆ្ងាយ​មិនអាច​មើលរំលង​បាន​នោះទេ​។ ពោលគឺ​ខណៈ​បាន​មកដល់​ទឹកដី​ទី​រួម​ខេត្តពោធិ៍សាត់​ហើយ​នោះគេ​តែង​បាន​ចូល​ទស្សនា​ក៏ដូចជា​ចូល​អុជ​ធូប​បន់ស្រន់​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន ទោះ​មិនបាន​ពេញ​មួយថ្ងៃ​ក៏បាន​ត្រឹម​មួយ​ភ្លែត​នោះដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខេត្ត​ពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ពាយព្យ​មាន​ចម្ងាយ​១៨៦​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​មានស្រុក​ចំនួន ​៥ និង​ក្រុង​ចំនួន​ ១ គឺ​ស្រុក​ក្រគរ ស្រុក​ភ្នំក្រវាញ ស្រុក​កណ្តៀង ស្រុក​បាកាន ស្រុក​វាលវែង និង​ក្រុង​ពោធិ៍សាត់​។ ខេត្ត​នេះ​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ខេត្ត​មួយ ដែល​សម្បូរ​ស្តុកស្តម្ភ​ទៅដោយ​ធនធានធម្មជាតិ​មានដូចជា ព្រៃព្រឹក្សា ភ្នំ​ថ្មកែវ ទឹកធ្លាក់ ល្បាក់​ទឹកជ្រោះ ព្រៃ​ដើម​ក្រវាញ និង​នៅជាប់​ផ្ទៃ​បឹង​ទន្លេសាប ដែលជា​កន្លែង​សម្បូរ​ទៅដោយ​ត្រី​ទឹកសាប ទេសភាព និង​ជីវចម្រុះ​ជាដើម​ផងដែរ​។

​តាមរយៈ​ធនធានធម្មជាតិ​ទាំងអស់នេះ​បានធ្វើឱ្យ​អ្នកទេសចរ​ជាច្រើន​ចាប់អារម្មណ៍​លើ​ការ​ទៅ​កម្សាន្ត​នៅក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ក្នុងនេះ​ក៏មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ត្រូវបាន​បង្កើតឡើង ​ដើម្បី​បម្រើការ​កម្សាន្ត​សប្បាយ​របស់​ភ្ញៀវទេសចរ​បន្ថែមទៀត ដោយ​ក្នុងនោះ​«​កោះ​សំពៅ​មាស​» ក៏​ជា​តំបន់​លំហែកាយ​មួយ​ដ៏​សែន​មនោ​រម្យ​របស់​ទឹកដី​ខេត្តពោធិ៍សាត់​ផងដែរ​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ ​គឺ​លោក ញ៉ូ​វ សុង បាន​ប្រាប់​ឲ្យ​ដឹងថា «​កោះ​សំពៅ​មាស​» គឺជា​កោះ​មួយ​ដែល​ផុស​អណ្តែត​ខ្លួន​ឡើង​នៅ​ចំ​កណ្តាល​ទឹកស្ទឹង​ពោធិ៍សាត់​ស្ថិតនៅ​ខាងមុខ​សាលាខេត្ត​ចម្ងាយ​ពី​គល់ស្ពាន​ថ្ម​ទៅ​ទិស​ខាងជើង​ចម្ងាយ​ប្រមាណ​ ១០០០ ​ម៉ែត្រ​។ បច្ចុប្បន្ន​កោះ​នេះ ​ត្រូវ​បានរៀបចំ​កែលម្អ​ជា​បណ្តើរៗ ឲ្យ​មាន​សោភ័ណភាព​សម្រាប់​ការស្វែងយល់ និង​ការ​លំហែ​របស់​អ្នកទេសចរ​ទូទៅ​តាមរ​យៈ​ការ ប្រសិទ្ធ​នាម​ថា «​បុរី​វប្បធម៌​»​ព្រោះ​តម្លៃ​ខាង​សិល្បៈ​វប្បធម៌​ខ្មែរ​នឹងត្រូវ​បានបង្ហាញ​នៅ​ទីនោះ​។

​ទាក់ទង​នឹង​ឈ្មោះ​របស់​«​កោះ​សំពៅ​មាស​»​នេះ លោក ញ៉ូ​វ សុង បាន​ឲ្យ​ដឹងថា ឈ្មោះ​កោះ​នេះ ​គឺ​កើតឡើង​ពី​ការ​តំណាល​តៗ​គ្នា​មក​ថា​៖ អស់កាល​ដ៏​យូរលង់​ណាស់​មកហើយ មាន​សំពៅ​មួយគ្រឿង​បាន​បើក​មក​កឿង​ជាប់គាំង​នៅទីនេះ និង​មិនអាច​បើក​ទៅណា​រួច​។ លុះ​យូរៗ​ទៅ​សំពៅ ដែល​ជាប់គាំង​នៅ​ទីនោះ​ក៏បាន​កក​ក្លាយទៅជា​ដី​ពូន​កើតជា​កោះ​នេះ​ឡើង​ទើប អ្នកស្រុក​នាំគ្នា​ហៅ​កោះ​នេះ​ថា «​កោះ​សំពៅ​មាស​»​។ រហូតមកដល់​សព្វថ្ងៃ​នេះ ​ការរៀបចំ​នៅលើ​កោះ​នេះ​មាន​សួនច្បារ​ស្រស់ស្អាត ទីធ្លា​ធំ​រំលេច​ទៅដោយ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត ដែល​កើតឡើង​ក្នុងសម័យ​បច្ចុប្បន្ន​។​

​ប្រធាន​មន្ទីរ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​កោះ​សំពៅ​មាស កំពុង​បានប្រែក្លាយ​ទៅជា​កន្លែង​កម្សាន្ត​មួយ​ដ៏​ពេញនិយម​ពី​គ្រប់​ស្រទាប់​មនុស្សម្នា និង​បាន​ក្លាយជា​កន្លែង​មួយ​ដ៏​ស្រស់បំព្រង ដែល​ភ្ញៀវទេសចរ​ប្រុស​ស្រីក្មេង​ចាស់​មកពី​ទីជិត​ឆ្ងាយ​មិនអាច​មើលរំលង​បាន​នោះទេ​។ ពោលគឺ​ខណៈ​បាន​មកដល់​ទឹកដី​ទី​រួម​ខេត្តពោធិ៍សាត់​ហើយ​ នោះគេ​តែង​បាន​ចូល​ទស្សនា​ក៏ដូចជា​ចូល​អុជ​ធូប​បន់ស្រន់​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន ទោះ​មិនបាន​ពេញ​មួយថ្ងៃ​ក៏បាន​ត្រឹម​មួយ​ភ្លែត​នោះដែរ​។ ​នេះ​ក៏​ព្រោះតែ «​កោះ​សំពៅ​មាស​» ជាទី​កន្លែង​គោរពបូជា​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដក់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទូទៅ​តាំងពី​យូរលង់​ណាស់​មកហើយ​។

​ដោយសារតែ​ទីនេះ​(​កោះ​សំពៅ​មាស​) មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ផង​នោះ និង​ម្យ៉ាង​ដោយសារ កន្លែង​នេះ​ជាទី ដែលមាន​ប្រវត្តិ​ព្រេង​និទាន​មិនអាច​បំភ្លេចបាន​ថែមទៀត​នោះ លោក ញ៉ូ​វ សុង ប្រាប់ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍​ឬ​បុណ្យជាតិ​ធំៗ​នោះទេ​គឺ «​កោះ​សំពៅ​មាស​»​តែងតែមាន​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មកលេង​កម្សាន្ត​គយគន់​ទេសភាព​ជុំវិញ​ផ្ទៃ​ទឹក ព័ទ្ធជុំវិញ​កោះ​ក៏ដូចជា​មក​បន់ស្រន់​សុំ​សេចក្តីសុខ​ទៅតាម​ការប៉ង​ប្រាថ្នា​រប​ស់​ពួកគេ​រៀងៗ​ខ្លួន​ជា​ហូរហែ​មិន​ដាច់​ឡើយ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម