ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍ណែនាំ ៩ ចំណុច ដើម្បីរក្សាសុខសន្តិភាព
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវគោលការណ៍ណែនាំចំនួន ៩ ចំណុច ដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យកម្ពុជារក្សាសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត។
បើតាមសម្តេច ប្រមុខរាជរដ្ឋាភិបាល គោលការណ៍ណែនាំទាំងនោះ រួមមាន៖
ទី១. បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋ-ធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី- ពហុបក្ស ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ទី២. បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំង-នគរបាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទស្របតាមមុខជំនាញ បទពិសោធន៍ និង ស្នាដៃបំពេញការងារ។ ត្រូវទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់។
ទី៣. សហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ។ ត្រូវពិនិត្យ វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើងជាលំដាប់។
ទី៤. កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធាន ការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធា្នប់តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ។
ទី៥. ក្រសួងស្ថាប័ននានា ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែល រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងផែនការសកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យ រួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
ទី៦. ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញ ចូលប្រទេស ទប់ស្កាត់ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និង បន្តពង្រឹងយន្តការគ្រប់គ្រងវត្តមានជនបរ ទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើសនានា ដើម្បីចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណា-ចក្រកម្ពុជា។
ទី៧. ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និង ការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩។
ទី៨. ឆ្នាំ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្តផែនការ៥ ឆ្នាំ នៃកម្មវិធីជាតិកែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ ដំណាក់កាលទី២ ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោលដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំ ផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទី៩. ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវិធានការគន្លឹះ ភ្ជាប់ជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះជួយតាមមូលដ្ឋានរៀងៗខ្លួន ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យបានផុលផុស ដើម្បីជីវភាពប្រជាជន កាន់តែមានភាពល្អប្រសីរឡើង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី