ព័ត៌មានជាតិ
អាជ្ញាធរមីន ប្រារព្ធពិធីអបអរសាទរខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២២ នៅខេត្តព្រះវិហារ
ព្រះវិហារ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ នៅខេត្តព្រះវិហារ ដើម្បីបន្តលើកកម្ពស់ការអប់រំស្តីពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមគ្រប់រូបភាព ដែលកម្ពុជាបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ មក ហើយការជួបជុំគ្នា គឹដើម្បីសម្តែងនូវការសោកស្តាយ ការអាណិតអាសូរ និងអារម្មណ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដែលបងប្អូនយើងបានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។
ពិធីនេះមានការចូលរួមពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រី Alissar Chaker ប្រធានUNDP ប្រចាំនៅកម្ពុជា, លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ព្រមទាំងបានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកខេត្តព្រះវិហារសម្រាប់រៀបចំទិវាជាតិនេះ ដែលការរៀបចំលើកទី១ កាលពីឆ្នាំ២០១៦។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់សម្រាប់ការងារបោសសម្អាតមីន/គ្រាប់រយៈពេលជិត ៣០ឆ្នាំនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ និងមានមហិច្ឆតាធំធេង ដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ គឺ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ព្រមទាំងមានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចធ្វើបាន ជាមួយនឹងការតាំងចិត្តខ្ពស់ និងការប្តេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា។
ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ព្រមទាំងសម្តែងនូវការដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ជាពិសេសវីរបុរស-វីរនារីដោះមីន ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្គ្រោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ទោះបីមានកិច្ចខិតខំប្រឹងប្រែង លើការងារបោសសម្អាតមីននិងគ្រាប់យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែមានជាប្រចាំ ហើយការចូលរួមចំណែកពីសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវឲ្យយើងទាំងអស់គ្នា ត្រូវរួមគ្នា ដើម្បីលុបបំបាត់ចោលឲ្យអស់នូវសោកនាដកម្មដ៏សែនឈឺចាប់ ដោយសារគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីទឹកដីកម្ពុជា និងពិភពលោកទាំងមូល។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ទិវាជាតិនៃការយល់ដឹងអំពីមីនថ្ងៃនេះ មានតម្រូវការសម្រាប់ការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ។ ខ្ញុំមានមោទនភាពដែលចក្រភពអង់គ្លេសបន្តធ្វើជាម្ចាស់ជំនួយដ៏សំខាន់ និងជាអ្នកគាំទ្រចំពោះការសន្យារបស់កម្ពុជាក្នុងការប្រកាសប្រទេសគ្មានមីនឆ្នាំ២០២៥ ហើយចាប់ពីឆ្នាំ ២០១០ ដល់បច្ចុប្បន្ន ចក្រភពអង់គ្លេសបានផ្តល់ថវិកាចំនួន ២៤ លានដុល្លារ ដល់អង្គការ Halo Trust, MAG និង NPA ដែលជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតមួយក្នុងការរួមចំណែកក្នុងសកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារបោសសម្អាតមីន ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។
លោកស្រី បានបន្តទៀតថា «ខណៈពេលដែលយើងដំណើរការលើការបោសសម្អាតមីននោះ យើងមិនត្រូវភ្លេចនូវសសរស្ដម្ភចំនួន៥ ផ្សេងទៀតនៃសកម្មភាពមីនទេ គឺការអប់រំហានិភ័យមីន ដើម្បីកាត់បន្ថយហានិភ័យនៃការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយា តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ការអប់រំ និងបណ្តុះបណ្តាល និងទំនាក់ទំនងជាមួយសហគមន៍»៕
លាន គ្រន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់