ព័ត៌មានជាតិ
តម្លៃប្រេងសាំងកម្ពុជា នឹងហក់ឡើងមួយកម្រិតទៀត ដោយឥទ្ធិពលជម្លោះរុស្ស៊ី អ៊ុយក្រែន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងសាំងកម្ពុជា នឹងបន្តកើនឡើងបន្តិចទៀត ដោយសារសភាពការប្រែប្រួលតម្លៃនៅលើទីផ្សារអន្តរជាតិ និងឥទ្ធិពលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែ កុម្ភៈថា កម្ពុជា មិនអាចជៀសផុតពីការកើនតម្លៃប្រេងសាំងបានទេ ដោយសារសភាពការពិភពលោក មានការប្រែប្រួល ដូចជា កត្តាវិបត្តិកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែងជាដើម។ អ្នកនាំពាក្យបន្តថា ប្រេងឆៅបានហក់ឡើងពី ៧០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង១បារ៉ែល ដែលនេះជាតម្លៃខ្ពស់ខ្លាំង។
ទោះយ៉ាងណា លោក ប៉ែន សុវិជាតិ អះអាងថា តម្លៃប្រេង មិនអាចហក់ឡើងដល់កម្រិត ៦ ០០០រៀល ក្នុង១លីត្រ ដូចដែលយើងធ្លាប់ជួបប្រទះកាលពីពេលកន្លងទៅទេ។ លោកថា «តម្លៃប្រេងនេះ ស្ថិតនៅក្នុងចំណុចមួយ ដែលយើងសង្ឃឹមថា មានដំណោះស្រាយ ពេលស្ថានភាពនៅរុស្ស៊ី អ៊ុយក្រែន ល្អប្រសើរឡើងវិញ ហើយការគ្រប់គ្រងវិបត្តិកូវីដ នៅលើពិភពលោកបានល្អ តម្លៃប្រេងក៏នឹងមានធ្លាក់ចុះមកវិញ»។
ដូចការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា តម្លៃប្រេងនៅកម្ពុជា នឹងកើនឡើង ប៉ុន្តែមិនខ្ពស់ខ្លាំងដូចកាលពីឆ្នាំ ២០០៨នោះទេ។ លោកថា កាលពីឆ្នាំ ២០០៨ តម្លៃប្រេងសាំងនៅកម្ពុជា ឡើងដល់ ៦៤០០រៀល ក្នុង១លីត្រ។ នៅក្នុងកាលៈទេសៈនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ចេញទស្សនៈថា « ប្រសិនបើរដ្ឋាភិបាលអន្តរាគមន៍កំណត់ថ្លៃលក់ឲ្យទាប នឹងមានវិបត្តិមួយទៀត គឺក្រុមហ៊ុនប្រេងខ្លះ នឹងត្រូវបិទទ្វារ កាត់បន្ថយការនាំប្រេងចូល នាំឲ្យកាន់តែខ្វះខាតបន្ថែមទៀត លើវិស័យនេះ អ៊ីញ្ចឹងនៅលើទីផ្សារសេរី មានតែទុកឲ្យថ្លៃប្រេងនេះ រត់ប្រណាំងគ្នា»។
ទោះយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ងន់ថា រដ្ឋាភិបាល ក៏ត្រូវតែពិនិត្យមើលដែរ ថាតើតម្លៃប្រេងនេះ ឡើងលើសតម្លៃប្រេងឆៅ ឬប្រេងនៅលើទីផ្សារអន្តរជាតិដែរឬទេ។ លោកថា «ការឃ្លាំមើលរបស់រដ្ឋាភិបាល នឹងចរចាជាមួយក្រុមហ៊ុនប្រេង ធ្វើយ៉ាងណា កុំឲ្យគាត់យកប្រាក់ចំណេញច្រើនពេក ដើម្បីធានាជួយក្នុងវិបត្តិកូវីដ ឲ្យបានចប់សព្វគ្រប់សិន ព្រោះកន្លងមក ក្រសួងពាណិជ្ជកម្មបានធ្វើការងារនេះហើយ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា រុស្ស៊ី គឺជាប្រទេសផលិតប្រេង និងហ្គាស ដែលប្រេងរបស់រុស្ស៊ី ធ្វើការនាំចេញទៅចិន និងសហភាពអឺរ៉ុប ហើយនៅពេលដែលមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បង្អាក់ការនាំចេញប្រេង ធ្វើឲ្យបរិមាណប្រេងសម្រាប់ការផ្គត់ផ្គង់តម្រូវការពិភពលោកមានការថយចុះជាបច្ច័យ នាំឲ្យប្រេងឡើងថ្លៃដែរ។
លោកថា «យើងមិនអាចគ្រប់គ្រងតម្លៃបាន ដោយសារពឹងផ្អែកលើការនាំចូលប្រេងពីក្រៅប្រទេស ប៉ុន្តែបញ្ហានេះ មិនមែនកើតឡើងតែកម្ពុជាទេ គឺជាវិបត្តិសកល»។
ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមិនបណ្តោយឲ្យប្រេងឡើងខ្ពស់ នាំឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខ្លាំងពេកនោះទេ។ នៅក្នុងដំណាក់កាលណាមួយ ក្រសួងនឹងធ្វើកិច្ចអន្តរាគមន៍ចរចាជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាមការបញ្ជក់របស់លោក ប៉ែន សុវិជាតិ។
យោងតាមក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់