ព័ត៌មានជាតិ
លទ្ធផលការងារ ៧ ចំណុចសំខាន់ៗ ក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចក្នុងរយៈពេល ២ឆ្នាំ ៨ខែ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បង្ហាញលទ្ធផលការងារ ៧ ចំណុចសំខាន់ៗ ដែលក្រុមការងារបានសម្រេចរយៈពេលជាង ២ឆ្នាំ ៨ខែ ក្នុងអាណត្តិទី៣ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ។
ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រាជធានីភ្នំពេញ” នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ចំពោះវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា បានទទួលជ័យ ជម្នះក្នុងការបោះឆ្នោតនេះ ក្នុងនោះសម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៧/២៧ អាសនៈ។
លោកបន្តបញ្ជាក់បន្តថា គិតចាប់ពីថ្ងៃប្រកាសសុពលភាពចូលកាន់តំណែងជាផ្លូវការ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៣ បានដំណើរការការងាររបស់ខ្លួនអស់រយៈពេល២ឆ្នាំ ៨ខែ និង ២ថ្ងៃ ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ, ក្របខ័ណ្ឌគតិយុត្ត, បទបញ្ជា និងលិខិតបទដ្ឋានជាធរមាន ដែល ជាលទ្ធផល ក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានការងារសំខាន់ៗ ដូចខាងក្រោម៖
– ទី១ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាទៀងទាត់ សរុបបានចំនួន ៣១ លើក, វិសាមញ្ញ ៣ លើក,សម្ងាត់ ២ លើក និងកិច្ចប្រជុំនានារបស់គណៈកម្មាធិការជំនាញ ក្នុងនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានចេញដីកាចំនួន ១ច្បាប់ និងសេចក្តីសម្រេចចំនួន ៦ ច្បាប់ ដើម្បីធានានិរន្តរភាពការងាររដ្ឋបាលទូទៅ ក្នុងដែនសមត្ថកិច្ច។
– ទី២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយ អនុក្រឹត្យ ប្រកាស និង សេចក្ដីណែនាំបច្ចេកទេសនានា ពាក់ព័ន្ធនឹងកិច្ចដំណើរការកសាង និងអនុម័តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ២០២០-២០២៤ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីធានាដល់ការអភិវឌ្ឍមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ មន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់។ តាមរយៈផែនការទាំងនេះ អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចបំពេញបេសកកម្មរបស់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយ-លូ បណ្តាញ ទឹកស្អាត បណ្តាញអគ្គិសនីសាធារណះ បណ្ដាញទូរតមនាគមន៍ ការកែលម្អសូនច្បារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ ជាច្រើនទៀត ព្រមទាំងការគិតគូរទុកជាមុនអំពីយន្តការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវ ដែលកំពុងកើតមាន ដូចពេលបច្ចុប្បន្ននេះ។
– ទី៣ បានអនុវត្តតម្រោងសកម្មភាពនៃកម្មវិធីវិនិយោគដែលមានថវិកាគាំទ្រឆ្នាំ២០២១ ក្នុងនោះ រដ្ឋបាលរាជធានី ភ្នំពេញ មានគម្រោងសកម្មភាពចំនូន ១៤២គម្រោង និងថវិកាសរុបចំនួន ៤១៧ ០៥១,១៤ លានរៀល (បួនរយ ដប់ប្រាំពីរពាន់ ហាសិបមួយក្បៀសដប់បួន លានរៀល), មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសកម្មភាព ចំនួន ១០៩គម្រោង និងថវិកាសរុប ចំនួន ៩២៩ ២៥៧លានរៀល (ប្រាំបួនរយម្ភៃប្រាំបួនពាន់ ពីររយហាសិបប្រាំពីរលានរៀល)រដ្ឋបាលខណ្ឌ សង្កាត់ មានតម្រោងសកម្មភាពចំនួន ៤២៣តម្រោង និងថវិកាសរុបចំនួន ៥១.៥៣១,២០លានរៀល (ហាសិបមួយពាន់ ប្រាំរយសាមសិបមួយក្បៀសម្ភ លានរៀល)។ ចំណែក កិច្ចលទ្ធកម្មវិញ បានអនុវត្តនីតិវិធីលទ្ធកម្មសរុប ចំនួន ៩៦គម្រោង ក្នុងនោះ កិច្ចលទ្ធកម្មទំនិញចំនួន ៣៦គម្រោង និងកិច្ចលទ្ធកម្មសំណង់ចំនួន ៦០តម្រោង ស្មើនឹង ៣០០% នៃផែនការលទ្ធកម្មប្រចាំឆ្នាំ២០២១ ហើយបានអនុវត្តកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង តាមនីតិវិធីដេញថ្លៃប្រកួតប្រជែងជាអន្តរជាតិ ដោយជ្រើសរើសបានក្រុមហ៊ុនថ្មី ដែលមានលក្ខណៈស្តង់ដារចំនួនបី ក្នុងនោះ រួមមាន៖
(១) ក្រុមហ៊ុន ៨០០ Super (២) ក្រុមហ៊ុន Mizuda Giroup និង (៣) ក្រុមហ៊ុន Cintri ហើយក្នុងមួយថ្ងៃជាមធ្យមអាចប្រមូលសំរាមទៅទីលានចាក់សំរាមដង្កោ ប្រមាណ ៣ពាន់តោន ធ្វើឱ្យលែងមានការកកស្ទះសំរាមនៅតាមដងផ្លូវសាធារណៈ និងរក្សាបាននូវបរិស្ថាន អនាម័យ និងសោភ័ណភាពនៅ រាជនីភ្នំពេញ។
– ទី៤ បានចូលរួមរៀបចំ និងគាំទ្រការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌទាំង១៤ នឹងការដាក់ឱ្យ ដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះ គឺជារបត់ថ្មីនៃការ កែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ដើម្បីបង្កើនការទទួលខុសត្រូវចំពោះការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធាន ទាំងនោះ សម្រាប់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
– ទី៥ បានខិតខំតម្រង់ទិស នឹងដោះស្រាយបញ្ហាប្រឈមនានា ក្នុងដំណើរការអនុវត្តតួនាទី និងភារកិច្ចរបស់អង្គភាព ច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។ ចាប់ពីពេលបើកដំណើរការរហូតមកដល់ពេលនេះ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ១៥៥ ៨២៨ សេវា (ដប់ប្រាំម៉ឺន ប្រាំពាន់ប្រាំបីរយម្ភៃប្រាំបីសេវា) ដោយទទួល បានចំណូលបង់ចូលថវិការដ្ឋសរុបចំនួន ៤៤ ៣៦៨ ៥០១ ២៥០៛ (សែសិបបួនពាន់ បីរយហុកសិបប្រាំប៊ីលានប្រាំសែន មួយពាន់ ពីររយហាសិបរៀល) គឺប្រមាណ ជាង ១១លានដុល្លាអាមេរិក។ ដោយឡែក ចំពោះដំណើរការការងាររបស់ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅមានបញ្ហាប្រឈមមួយចំនួន ដោយហេតុថា ការិយាល័យនេះគឺជាយន្តការថ្មី តួបផ្សំមានផលរំខានខ្លះៗនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ការិយាល័យនេះ ចាំបាច់ត្រូវមានការផ្សព្វផ្សាយអំពី តួនាទីភារកិច្ច ឱ្យបានទូលំទូលាយ និងត្រូវពង្រឹងប្រសិទ្ធភាពដឹកនាំបន្ថែមទៀត។
– ទី៦ សម្រាប់ការពង្រឹងគណនេយ្យភាពសង្គម ក្រៅអំពីគេហទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ, សម្រាប់ ទទួលយកនូវមតិយោបល់ពីសាធារណជនតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមបណ្ដាខណ្ឌទូទាំងរាជធានីភ្នំពេញ រៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្នុងនោះ នៅឆ្នាំ២០១៩ វេទិកានេះមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧.៨៥៥ នាក់ ដោយទទួលបានសំណួរ-សំណើ-សំណូមពរទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរចំនួន ១,២៨៣ ករណី និងនៅឆ្នាំ ២០២០ វេទិកានេះមានប្រជាពលរដ្ឋចូលរូមសរុបចំនួន ៤ ៣០៥ នាក់ (ថយចុះជិតពាក់កណ្ដាល ដោយសារយើងត្រូវ រក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានសុខាភិបាល ដោយទទួលបានសំណួរ-សំណើ-សំណូមពរទាំងផ្ទាល់មាត់ និង លាយលក្ខណ៍អក្សរចំនួន ៩៥៥ ករណី។ ដោយឡែក ក្នុងឆ្នាំ២០២១ នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាក្រុមប្រឹក្សា គ្រប់ថ្នាក់ មិនទាន់បានរៀបចំវេទិកានេះទេ ដោយត្រូវពន្យារពេលអាស្រ័យលើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របតាមខ្លឹមសារនៃលិខិតលេខ ១៥២២ សជណ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ជាការ កត់សម្គាល់ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កើតឱកាសឱ្យមាន ការជួបពិភាក្សារវាងក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សារដ្ឋបាលគ្រប់ជាន់ថ្នាក់ ជាមួយនឹងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដើម្បីទទួលបាននូវមតិយោបល់ ការព្រួយបារម្ភ និងសំណើសំណូមពរនានាក្នុងមូលដ្ឋាន ដែលជាលទ្ធផល សំណួរ-សំណើ សំណូមពរមួយចំនួន ត្រូវបានដោះស្រាយជូនភ្លាមៗក្នុងអង្គវេទិកា មួយចំនួនទៀតត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី វិនិយោគបីឆ្នាំរំកិល និងសំណួរ-សំណើ-សំណូមពរខ្លះទៀតដែលលើសពីសមត្ថកិច្ចដោះស្រាយ ត្រូវបានរដ្ឋបាលរាជធានី ភ្នំពេញយកចិត្តទុកដាក់អន្តរាគមន៍ស្នើសុំទៅក្រសួង-ស្ថាប័នជំនាញ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនជាបន្តបន្ទាប់។
– ទី៧ បន្ថែមលើនេះ ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់គណៈអភិបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ជាពិសេសយុទ្ធសាស្ត្រតខ្លួន និងវិធានការដ៏មុតស្រួចរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យស្ថានភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ កំពុងឈានទៅរកភាពល្អ ប្រសើរឡើង ហើយរាជធានីភ្នំពេញ ត្រូវបានគេទទួលស្គាល់ថាជាទីក្រុងដែលបានចាក់ស្រោចវាំក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជា ពលរដ្ឋច្រើនជាងគេក្នុងពិភពលោក ដែលមានអត្រាគ្របដណ្តប់ស្ទើរតែ ១០០% និងកំពុងស្ថិតក្នុងគន្លងប្រក្រតីភាពថ្មី ការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ។ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ សម្រេចបានលទ្ឋផល៖ ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ៖ ដូសមូលដ្ឋានសរុប ១.៧០៩.៣៦៨ នាក់ ស្មើនឹង ១២១% ដូសជំរុញ ដួសទី៣) សរុប ១ ២៨១ ៥០១ នាក់ ស្មើនឹង ៩០,៧% និងដូសជំរុញ(ដួសទី៤) សរុប ៥២២ ៦៦៩ នាក់ ស្មើនឹង ៣៧%។ កុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ៖ ដួសមូលដ្ឋានសរុប ២២០ ៩៦៣ នាក់ ស្មើនឹង ១១៥,៤%។ ដូសជំរុញ (ដូសទី៣) សរុប ១៤៥២៤៦ នាក់ ស្មើនឹង ៧៥,៩%។ កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ៖ ដូសមូលដ្ឋានសរុប ២៣៩ ៨១២ នាក់ ស្មើនឹង ១០៨,៥% និងដូសជំរុញ (ដួសទី៣) សរុប ៣០ ៧៧៩ នាក់ ស្មើនឹង ១៤%។ កុមារអាយុ៥ឆ្នាំ៖ ដួសទី១ សរុប ៥៧ ៩១៦ នាក់ ស្មើនឹង ១១៦,២% នឹងដូសទី២ សរុប ៤៤ ៩៨៨នាក់ ស្មើនឹង ៥០,៣% និង កំពុងបើកយុទ្ធនាការចាក់វាំក់សាំងជូនកុមារអាយុពី ៣ ឆ្នាំ ដល់ក្រោម ៥ឆ្នាំ បន្ថែមទៀត។
គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូដែលត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មាននេះរួមមាន៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ង៉ែត ចដ្តាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែននការ ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ុក សង្វាពេជ្រ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំេញ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លោក ងី មានហេងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
លោកស្រី ដោសម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគសាលារាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ