Connect with us

ព័ត៌មានជាតិ

កម្ពុជា និងអង្គការ FAO រួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្ម ដើម្បីបង្កើនការនាំចេញ

បានផុស

នៅ

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)​បាន​រួមគ្នា​ពង្រឹងសមត្ថភាព​កែច្នៃ​កសិផល​កសិកម្ម​ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ ដែល​នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​គម្រោង​នេះ ​ត្រូវបាន​បង្ហាញ​កាលពី​រសៀល​ថ្ងៃទី​០១ ​ខែមីនា ​ឆ្នាំ ​២០២២​ នៅក្នុង​ជំនួប​រវាង​លោក វេ​ង សាខុន​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​និង​លោកស្រី Rebekah Bell នាយក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

​​នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ផ្តល់​អាទិភាព​ទៅលើ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​សមត្ថភាព​កែច្នៃ​តាមរយៈវិស័យ​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម ប្រព័ន្ធ​ទីផ្សារ​កសិផល (​ដំណាំ បន្លែ សត្វ និង​ត្រី​) ប្រព័ន្ធ​ត្រជាក់​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ការអភិវឌ្ឍ​អនុវិស័យ​វារីវប្បកម្ម និង​ព្រៃឈើ​។

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន​បាន​មានប្រសាសន៍ថា​សេវាកម្ម​ផ្តល់​ធាតុ​ចូល​កសិកម្មទាំងអស់នេះ​ គឺ​ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀង អាហារូបត្ថម្ភ ការ​ស្រូបយក បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​យកទៅអនុវត្ត លើកកម្ពស់​ស្តង់ដារ​ផលិត ធានាបាន​គុណភាព សុវត្ថិភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​អង្គការ FAO ដែល​បាន​បន្ត​ជួយឧបត្ថម្ភ គាំទ្រឈរលើ​ស្មារតី​ទទួលខុសត្រូវ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​អនុវត្ត​គម្រោង​នានា​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ហើយ​កំពុងផ្តល់​ផ្លែផ្កា​គួរឲ្យ​កត់សម្គាល់ ដោយបាន​ជួយ​ជំរុញ កែលម្អ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទំនើប​ដល់​កសិករ ដែល​នេះ​គឺជា​ទុន ឬ​ជា​គ្រឹះ​យ៉ាងរឹងមាំ​ក្នុងការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិត ធានាបាន​ទាំង​បរិមាណ និង​គុណ ភាពឆ្លើយតប​ទៅនឹង​បរិបទ​ទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន និង​នវានុវត្តន៍ និង​ជាពិសេស​ស្របតាម​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ ​២០១៩-២០២៣ និង​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោកស្រី Rebekah Bell បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោក​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព និង​មន្ត្រី​ជំនាញ​គ្រប់​អនុវិស័យ​ទាំងអស់ ​ដែល​បានផ្តល់​ការគាំទ្រ សហការ​គ្រប់ បែបយ៉ាង ធ្វើ​ឲ្យ​បេសកកម្ម​របស់​អង្គការ FAO លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​សម្រេច​ទទួលបាន​ជោគជ័យ​។ ជាក់ស្តែង គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​មួយចំនួន​បាននិងកំពុង​អនុវត្ត ហើយ​សង្ឃឹមថានឹង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ស្របទៅតាម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​បានគ្រោង​ទុក ក្នុងន័យ​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល បង្កើត​ឱកាស​ការងារ បង្កើន​ផលិតភាព​ផលិតកម្ម ធានាបាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ទទួលយក​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​ទៅ​អនុវត្ត ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់ ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម