Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពីទំនាក់ទំនង និងសមិទ្ធផលរបស់រុស្ស៊ីនៅកម្ពុជា

បានផុស

នៅ

កម្ពុជា-រុស្ស៊ី បាន​ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ​​​​​នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ហើយ​មកដល់​ពេលនេះ​មាន​រយៈពេល​៦៦ ឆ្នាំហើយ​ ដែលកាលនោះ ជាសហភាពសូវៀត ​ក្រោយមកប្តូរ​ជាសហ​ព័ន្ធ​រុស្ស៊ី។ ​ថ្វីបើប្រទេសទាំងពីរស្ថិតក្នុងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែ​ប្រ​ទេសទាំងពីរ​មានទំ​នាក់​ទំនង​​ និងកិច្ចសហប្រតិបត្តិការ​​យូរអង្វែងមកហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃ ជាប្រវត្តិសាស្រ្តមួយចំនួននៅកម្ពុជា ក្នុងនោះ​មានដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ដែលស្នាដៃនេះ បានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបនៅកម្ពុជា។​

ទី១, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ មន្ទីរពេទ្យ​ត្រូវបានចាប់ផ្តើមកសាងនៅចុងទសវត្ស​១៩៥០ ក្រោមការឧបត្ថម្ភដោយរដ្ឋាភិបាលសហភាព​សូវៀត។ នៅថ្ងៃទី២៩ សីហា ឆ្នាំ​១៩៦០ មន្ទីរពេទ្យនេះត្រូវបានសម្ភោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលកាលនោះ មន្ទីរពេទ្យមានឈ្មោះថា “មន្ទីរពេទ្យកម្ពុជា​សូវៀត”។

ក្រោមរបបកម្ពុជា​ប្រជាធិប្រជាធិបតេយ្យ​ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មន្ទីរពេទ្យ បានដូរឈ្មោះជា “មន្ទីរពេទ្យ ​១៧ មេសា”។ ចាប់ពីឆ្នាំ​១៩៧៩ ដល់ឆ្នាំ​១៩៩៣ មន្ទីរពេទ្យបានប្រើឈ្មោះដើមវិញ គឺ​ ”មន្ទីរពេទ្យ​កម្ពុជា-​​សូវៀត​​ ប៉ុន្តែ​នៅក្រោយពេលបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ មន្ទីរពេទ្យបានប្តូរឈ្មោះជា “មន្ទីរពេទ្យ ព្រះបាទនរោត្តមសីហនុ” វិញ រហូតដល់ឆ្នាំ ២០០៥។ មកទល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យមានឈ្មោះថា “មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។

ទី២, វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ឬ​ហៅថា ​សាលា​តិចណូ៖​ វិទ្យាស្ថាន​នេះ ​ចាប់​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​១៩៦៤ ក្រោម​កិច្ច​សហប្រតិបត្តិការ​ពី​អតីត​សហភាព​សូវៀត។​ វិទ្យាស្ថាន​នេះ បាន​​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​​មុខ​ជំនាញ​ឯកទេស​​សំខាន់ៗ​​​ចំនួន​ ៧ រួម​មាន៖ ទេពកោសល្យ​ គីមី និង​បច្ចេកទេស​អាហារ, ទេពកោសល្យ​ស៊ីវិល (សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម), ទេពកោសល្យ​អគ្គិសនី ថាមពល និង​ទូរគមនាគមន៍, ទេពកោសល្យ ធន​ធាន​​រ៉ែ និង​ភូគព្ភសាស្ត្រ, ទេពកោសល្យ ព័ត៌មានវិទ្យា ​និង​ទំនាក់ទំនង, ទេពកោសល្យ​ឧស្សាហកម្ម ​និង​មេកានិច និងទេពកោសល្យ ជនបទ។​​​

ទាក់ទងបញ្ហានេះ ​ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ​ធ្លាប់បានអះអាង​ថា តាមរយៈ​ទំនាក់ទំនង​​រវាងប្រទេសទាំងពីរកន្លងមក រុស្ស៊ីបានជួយដល់កម្ពុជាច្រើន ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ​ពត ​ដោយរុស្ស៊ីបានជួយកសាងមន្ទីរពេទ្យ ខ្មែរ-សូវៀត និងសាលាបច្ចេកទេសខ្ពស់ផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ​។​​

បើតាមឯកអគ្គរដ្ឋទូត​ នៅតាមមន្ទីរពេទ្យ និងសាលាបច្ចេកទេស ដែលរដ្ឋាភិបាលរុស្ស៊ីបានសាង​សង់ជូនដល់កម្ពុជានោះ ក៏មាន​វេជ្ជបណ្ឌិត និងគ្រូបង្រៀនសូវៀតជាច្រើនបានធ្វើការប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំ ហើយដំណាក់កាលថ្មី នៃទំនាក់ទំនងបានចាប់ផ្តើម បន្ទាប់ពីការដួលរំលំនៃរបប ប៉ុល ពត ពេលនោះ​ប្រទេសរុស្ស៊ី បានផ្តល់ជំនួយ​​ជា​ច្រើន​​​​ដល់កម្ពុជា ដែលកំពុងជួបការលំបាកក្នុងការស្តារប្រទេសឡើងវិញ​។

ដោយឡែកនៅក្នុងសារខួបអនុស្សាវរីយ៍លើកទី​៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី កាលពីឆ្នាំ​មុន ​​អនុរដ្ឋមន្រ្តី​សហព័ន្ធរុស្ស៊ីលោក Igor Morgulov បានលើកឡើង​ពី​ការផ្តល់ជំនួយរបស់​រុស្ស៊ី​ផង​ដែរ ដែលក្នុងនោះ មាន​ផ្នែក​​សេដ្ឋកិច្ច និងបច្ចេកទេស​ ជាពិសេស​មន្ទីរពេទ្យ និងសាលារៀន វិទ្យាស្ថាន​កសិកម្ម ផ្លូវថ្នល់ ស្ពាន និង​កំពង់ផែកំពង់សោម​​ ការផ្គត់ផ្គង់ថាមពលអគ្គិសនី​ ការ​សាង​ស្ថានីយ៍ទូរស័ព្ទ ប្រព័ន្ធធារាសាស្រ្ត និងអគារជាច្រើនផងដែរ។​

​នៅដំណាក់កាលបច្ចុប្បន្ន ចំណងមិត្តភាពរុស្ស៊ី-កម្ពុជា មាន​ការជឿទុកចិត្តគ្នា និងកិច្ចសហប្រ​តិ​បត្តិការ​ ដោយឈរលើគោលការណ៍គ្រឹះ នៃការចុះហត្ថលេខា​លើសេចក្តីប្រ​កាសរួម កាលពី​ឆ្នាំ១៩៩៥ ស្តីពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព ហើយ​ការ​សន្ទនានយោ​បាយកំពុងអភិវឌ្ឍយ៉ាងសកម្ម រួមទាំងការលើកម្រិតខ្ពស់​បំផុត។ ក្នុងនោះ អន្តរកម្មដ៏ជិតស្និត​ត្រូវ​បានបង្កើតឡើងរវាងក្រសួងការបរទេសផងដែរ។ ជាមួយគ្នានោះ ​រុស្ស៊ីបានសន្យាថា នឹង​ខិតខំ​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យសាស្រ្តបច្ចេក​ទេស វប្បធម៌ និងមនុស្ស​ធម៌​បន្ថែមទៀត។

​​ទោះជាយ៉ាងណា ទន្ទឹម​នឹងការបង្កើន​ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ​​រដ្ឋាភិបាល​រុស្ស៊ី​ មិន​ព្រម​លុប​​​បំណុល ដែល​កម្ពុជា​ជំពាក់ក្នុងសម័យ​សង្គ្រាមនោះ​ឡើយ បើទោះបីជា​ប្រទេសទាំងពីរ​បានបង្កើតគោលនយោបាយ​ការបរទេសទំនាក់ទំនង​កាន់​តែល្អប្រសើរក៏ដោយ​។ ​ក្នុងចំណោមបំណុល​ប្រមាណ ​១ ៥០០ លានដុល្លារ មាន ៧០ ភាគរយ ត្រូវបាន​រុស្ស៊ីលុបចោល​ ហើយនៅសល់​ ៣០ ភាគរយទៀត ដែលស្មើទឹកប្រាក់ប្រមាណ ៤៥០ លានដុល្លារ​ទៀត កម្ពុជាត្រូវសងទៅរុស្ស៊ី។ បំណុល​​ទាំងអស់នោះ ជាបំណុល​ដែលមេដឹក​នាំ​ខ្មែរនាសម័យនោះ ​បានខ្ចី​​ ដើម្បីទិញគ្រឿងសព្វាវុធ ធ្វើសង្គ្រាមបង្ហូរឈាម​រវាងខ្មែរ និងខ្មែរ​។

រហូតមកដល់ពេលនេះ រុស្ស៊ីនៅមិនទាន់​​បង្ហាញមូលហេតុច្បាស់លាស់​នៅឡើយ​ថា តើហេតុអ្វីបានជារុស្ស៊ីមិនព្រម​លុប​ចោល​បំណុល​​ដែលកម្ពុជាជំពាក់​ទាំងនោះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច១៧ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ២៣ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ជីវិតកម្សាន្ដ២៦ នាទី មុន

​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម