ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ របាយការណ៍ដែលថា សេរីភាពសារព័ត៌មានឆ្នាំ ២០២១ កាន់តែអាក្រក់នោះ ជាចេតនាបំភាន់សាធារណមតិប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ការចេញរបាយការណ៍ ដែលថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ ២០២០នោះ គឺជាការចេញរបាយការណ៍ មិនបានធ្វើការវាយតម្លៃ និងសិក្សាស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយគ្រាន់តែជាចេតនាបំភាន់ដល់សាធារណមតិជាតិ និងអន្តរជាតិ ប៉ុណ្ណោះ។
ការលើកឡើងនេះ បន្ទាប់ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ ស្តីពី ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យ។
នៅក្នុងរបាយការណ៍ ស្តីពី ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ ២០២១នោះ បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ក៏បានកត់ត្រាការធ្វើទុក្ខម្នេញ លើអ្នកសារព័ត៌មានចំនួន ៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន ៩៣នាក់ (៥នាក់ជាស្ដ្រី)។ ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៣២នាក់ ត្រូវបានចាប់ឃាត់ខ្លួន ហើយ ២៤នាក់ ប្រឈមបណ្ដឹងផ្លូវច្បាប់ និង ១៨នាក់ទៀតអះអាងថា ទទួលរងការគំរាមកំហែង និងការធ្វើទុកបុកម្នេញ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែមីនានេះថា ការចេញរបាយការណ៍ ដែលថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ ២០២០នោះ គឺមានចេតនាបំភាន់ដល់សាធារណមតិជាតិ និងអន្តរជាតិ អំពីការប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាបំពេញតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
លោកថា របាយការណ៍នោះ មិនបានធ្វើការវាយតម្លៃ ក៏ដូចជាសិក្សាស្រាវជ្រាវ និងឆ្លុះបញ្ចាំង ឲ្យបានគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាព ព្រមទាំងបរិយាកាសជាក់ស្ដែង នៃការអនុវត្តតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ការបំពេញតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មត់ ដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព។
លោកបានបន្ថែមថា «យើងសង្កេតឃើញថា វិស័យសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើង មានការរីកចំរើន គួរឲ្យកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងយើងសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី ទាំងបែបទំនើប មានការរីកចំរើន ទាំងវិសាលភាព និងមធ្យោបាយ នៅក្នុងផ្ដល់ព័ត៌មាន ជូនទៅដល់ប្រជាពលរដ្ឋ របស់យើង ទាំងក្នុង និងក្រៅប្រទេស ឲ្យបានទទួលព័ត៌មានពីហេតុការណ៍ ព្រឹត្តិការណ៍ ក៏ដូចជាព័ត៌មាន ដែលកើតឡើង នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកទាំងមូល ផងដែរ»។
មន្ត្រីជាន់ខ្ពស់ព័ត៌មានរូបនេះ បានបន្ថែមទៀតថា ការកត់ត្រាអំពីទិន្នន័យ ចំពោះអ្នកសារព័ត៌មាន ដែលបានប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តទៅតាមនីតិវិធីច្បាប់នោះ គឺមិនបានសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទៅតាមករណីនីមួយៗ ទៅតាមអង្គហេតុ និងអង្គច្បាប់នោះទេ។ ប៉ុន្តែជាការកត់ត្រា តែទៅលើបរិមាណ ដោយមិនបានសិក្សាវាយតម្លៃ ថាតើករណីនីមួយៗនោះ មានអង្គហេតុ និងអង្គច្បាប់ដូចម្ដេច ហើយថាតើករណីនីមួយៗនោះ ត្រូវបានដោះស្រាយហើយ ឬក៏មានដំណើរការវិវត្តទៅដល់ហើយ នោះទេ។
ត្រង់ចំណុចនេះ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ការអនុវត្តនីតិវិធីផ្លូវច្បាប់ ទៅលើអ្នកសារព័ត៌មានមួយចំនួនតូច ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់ ប្រព្រឹត្តប្រាសចាក នូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន វាពុំមែនជាការរឹតត្បិត សិទ្ធិសេរីភាពសារព័ត៌មាន ពុំមែនជាការគំរាមកំហែង ឬការធ្វើទុក្ខបុកម្និញ ទៅលើអ្នកសារព័ត៌មាន នោះទេ»។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានដដែល បានបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងអ្នកប្រកបវិជ្ជាជីវៈដទៃទៀតដែរ នៅពេលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ប្រព្រឹត្តប្រាសចាកនូវក្រមសីលធម៌វិជ្ជាជីវៈ ពួកគេត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង