នយោបាយ
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថា មិនទាន់មានគោលការណ៍ធ្វើ-កបក្សភ្លើងទៀនទេ គ្រាន់តែប្រមូលឯកសារទុក
ទណ្ឌិត សម រង្ស៊ី ក៏ដូចជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពមួយចំនួន ដើម្បីស្វែងរកការគាំទ្រសម្រាប់គណបក្សភ្លើងទៀន ដែលសកម្មភាពគៀគរនេះ អាចធ្វើឲ្យគណបក្សមួយនេះប្រឈមនឹងបញ្ហាផ្លូវច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/KSphoto_2021-08-30_08-16-54-1068x801-1-1024x768.jpg)
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ នៅមិនទាន់មានឃើញគោលការណ៍អ្វី ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះភ្លើងទៀននៅឡើយទេ។ លោកបញ្ជាក់យ៉ាងនេះថា “មិនទាន់មានឃើញគោលការណ៍អ្វី ដើម្បីធ្វើ-ក ភ្លើងទៀននៅឡើយទេ។ តែល្ងាចមិញ ភ្លើងទៀននេះ ឃើញដាក់ពាក្យមកស្នើសុំជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោមទៀត ដោយលើកហេតុផលប្រសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម និងសម្ដេចតេជោ ដែលណែនាំ។ អត់ទាន់មានគោលការណ៍អីដើម្បីធ្វើ-កទេ”។
ទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា យើងគ្រាន់តែប្រមូលព័ត៌មានទុក ហើយនៅពេលណា ដែលត្រូវចាត់វិធានការផ្លូវច្បាប់ គឺយើងមានភស្តុតាង មានឯកសារអាចប្រើប្រាស់បាន ដូចការរំលាយគណបក្សសង្គ្រោះជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/KSphoto_2021-08-30_08-16-54-1068x801-2.jpg)
គណបក្សភ្លើងទៀន ដែលមានអតីតភាពពីគណបក្សសមរង្ស៊ី មានលោក ទាវ វណ្ណុល ជាប្រធាន ហើយដោយសារតែលោកអវត្តមាននៅក្នុងប្រទេស បច្ចុប្បន្នគណបក្សនេះដឹកនាំដោយលោក ថាច់ សេដ្ឋា ជាប្រធានស្តីទី និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី និងជាអតីតសមាជិកព្រឹទ្ធសភា ដែលជាស្ថាបនិកមួយរូបនៃគណបក្សសមរង្ស៊ី។ តាមច្បាប់ស្តីពីគណបក្សនយោបាយ ប្រសិនបើគណបក្សនេះ នៅតែមានការគាំទ្រ និងគៀគរស្វែងរកការគាំទ្រដោយទណ្ឌិត សម រង្ស៊ី ក៏ដូចជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ គណបក្សនេះ នឹងជួបហានិភ័យជាក់ជាមិនខាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-12_19-20-232345-1024x635.jpg)
ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានចែករំលែកអត្ថបទមួយរបស់កាសែតខ្មែរថាមស៍ទាំងភាសាអង់គ្លេស និងខ្មែរ ដែលបានលើកឡើងថា គណបក្សភ្លើងទៀនថា ៩០ភាពរយនៃអតីតមេឃុំអតីតគណបក្សសង្គ្រោះជាតិ នឹងឈរឈ្មោះឲ្យបក្សរបស់ខ្លួន។ ក្នុងនោះ ទណ្ឌិត សម រង្ស៊ី បានសរសេរថា “លើកលែងតែគណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណាទៀត ក្រៅពីគណបក្សភ្លើងទៀនទេ ដែលមានមធ្យោបាយ និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដាក់បេក្ខជនរបស់ខ្លួន នៅគ្រប់ឃុំ-សង្កាត់ទាំងអស់ទូទាំងប្រទេសកម្ពុជា”។
ដោយឡែកនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតនៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ទណ្ឌិត សម រង្ស៊ី បាននិយាយទៅកាន់អ្នកគាំទ្រថា “គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះជាតិយើង” ហើយនៅក្នុងបទសម្ភាសន៏ជាមួយវិទ្យុបរទេសនិយាយភាសាខ្មែរ ទណ្ឌិត សម រង្ស៊ី បាននិយាយថា លោកនឹងធ្វើសកម្មភាពគាំទ្រចំពោះគណបក្សណា ដែលមានជំហរដូចអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកមើលមិនឃើញមានគណបក្សណាក្រៅពីគណបក្សភ្លើងទៀនទេ។
ដោយឡែកអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក ហូរ វ៉ាន់ ជាដើម ក៏បានរៀបចំពិធីអុជទៀន និងប្រើពាក្យ “គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះជាតិយើង” នេះដែរ។
លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់ លោក កឹម សុខា ធ្លាប់បានលើកលើងថា នេះជាភស្តុតាងដ៏រឹងមាំមួយទៀត ដែលលោក សម រង្ស៊ី បង្ហាញថា មានទំនាក់ទំនងជាមួយគណបក្សភ្លើងទៀន ហើយភស្តុតាងនេះ គឺជាភស្តុតាងដែលមិនអាចប្រកែកបានថា គាត់កំពុងដឹកនាំ បញ្ជា និងធ្វើយុទ្ធនាការឲ្យគណបក្សភ្លើងទៀន។ លោកបន្តថា សកម្មភាពរបស់ សម រង្ស៊ី បំពានច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ២០១៧ ដែលហាមឃាត់ទណ្ឌិតមិនឲ្យធ្វើដូច្នេះ។ លោកកំពុងរង់ចាំមើលថា តើក្រសួងមហាផ្ទៃ នឹងអនុវត្តច្បាប់ ស្តីពីគណបក្សនយោបាយប្រកបដោយប្រសិទ្ធភាពដូចក្រសួងបានប្តឹងរំលាយគណបក្សសង្គ្រោះជាតិដែរឬទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-12_19-20-24234565-1024x694.jpg)
យោងតាមមាត្រា៦. ថ្មី (ពីរ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយបានបញ្ជាក់ថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោម៖ …ប្រើប្រាស់សារជាសំឡេងរូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋពីបទមជ្ឈឹមដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន, យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន, គាំទ្រ ឬរៀបចំផែនការឃុំឃិតជាមួយអារ័ត្នបុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំង នឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជាដូចមានចែងពីរចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។
ដោយឡែកមាត្រា៤៤ ថ្មី (ពីរ) បានបញ្ជាក់ថា ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា៦ ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម៖ ផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី៥ឆ្នាំ, រំលាយគណបក្សនយោបាយនោះ។
មាត្រា១២ ថ្មី នៃច្បាប់នោះបានចែងថា ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។ មាត្រា៣៨ ថ្មី ចែងថា គ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-12_19-18-39-2-1024x852.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត