ព័ត៌មានជាតិ
បញ្ហាអ៊ុយក្រែន-រុស្ស៊ី ៖ មន្ត្រីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មាន ផ្ទៀងផ្ទាត់ប្រភពឲ្យច្បាស់លាស់ មុនផ្សព្វផ្សាយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងបញ្ហាវិបត្តិ រវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដោយត្រូវធ្វើយ៉ាងណាមានការផ្ទៀងផ្ទាត់ ប្រភពឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ព័ត៌មានពិត ជូនប្រជាពលរដ្ឋ។ ការអំពាវនាវនេះ បន្ទាប់ពីលំហូរនៃព័ត៌មានមិនពិត ឬការបំភ័ន្តអំពីបញ្ហា ដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បានកើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ចំពោះការបង្កើតព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ឬផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្ដាញផ្សព្វផ្សាយបរទេស និងបណ្ដាញសង្គម ជុំវិញវិបត្តិនៅប្រទេសអ៊ុយក្រែន ក្រោយពីប្រទេសរុស្ស៊ីធ្វើសកម្មភាពយោធានោះ គឺមិនមានប្រយោជន៍អ្វីក្នុងការដោះស្រាយ បញ្ហាវិបត្តិរវាងប្រទេសទាំងពីរនោះទេ។ ប៉ុន្តែផ្ទុយទៅវិញវាអាចជាឧបករណ៍មួយ ដែលធ្វើឲ្យបញ្ហារវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀត។
លោកថា «ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ការបង្កើត ក៏ដូចជាការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ព័ត៌មានប្រឌិតទាំងនេះ វាពុំមានជាប្រយោជន៍ ក្នុងការដោះស្រាយបញ្ហាវិបត្តិរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែផ្ទុយទៅវិញវាអាចឧបករណ៍មួយ នៅក្នុងការធ្វើឲ្យបញ្ហាវិបត្តិនៃប្រទេសទាំងពីរនេះ កាន់តែមានភាពស្រួចស្រាវបន្ថែមទៀត ហើយវាក៏អាចជាឧបករណ៍មួយ ដែលធ្វើឲ្យស្ថានភាពវិបត្តិនៃប្រទេសទាំងពីរនេះ កាន់តែឈានទៅរកស្ថានភាពធ្ងន់ធ្ងរ ដែលយើងមិនអាចប៉ាន់ប្រមាណទុកបាន នាពេលខាងមុខនេះផងដែរ»។
ជាមួយគ្នានេះលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាននៅកម្ពុជា ជាពិសេសអ្នកបកប្រែព័ត៌មានអន្តរជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងវិបត្តិនៅប្រទេសអ៊ុយក្រែន និងរុស្ស៊ី នាពេលនេះ ដោយធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយនោះ មានភាពត្រឹមត្រូវច្បាស់លាស់។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្ថែមថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវទៅដល់បងប្អូនជាអ្នកសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង សុំបង្កើននូវការយកចិត្តទុកដាក់ នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងបញ្ហាវិបត្តិរវាងប្រទេសទាំងពីរនេះ ធ្វើយ៉ាងណាការផ្សព្វផ្សាយរបស់យើង ត្រូវមានការផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ព័ត៌មានពិត ជូនទៅដល់ប្រជាពលរដ្ឋរបស់យើង ហើយកុំឲ្យក្លាយខ្លួនទៅជាភ្នាក់ងារ ឬក្លាយខ្លួនទៅជាឧបករណ៍ នៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិត អំពីបញ្ហាវិបត្តិរវាងប្រទេសទាំងពីរនេះ ដោយអចេតនា និងដោយមិនដឹងខ្លួន»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ