Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ត្រៀមចេញសៀវភៅពិសេស ដំណើរប្រពាតព្រៃរបស់មហាក្សត្រ ឆ្នាំ១៨៨៣

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ បានប្រកាសដល់សាធារណជន តាមរយៈបណ្ដាញសង្គម សូមរង់ចាំអាននូវកំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅដែលមានចំណងជើងថា “ពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ឆ្នាំ ១៨៨២” ត្រូវបានប្រែសម្រួល និងរៀបរៀង ដោយ បណ្ឌិតសភាចារ្យ ភឿង សកុណា ផ្ទាល់។

មុននឹងបានអានសៀវភៅទាំងស្រុង សូមអញ្ជើញអានសម្រង់ខ្លះ នៃសៀវភៅនេះដូចតទៅ៖

​​​​…ដោយមានបំណងចូលរួមធ្វើជាសាក្សីក្នុងការបរបាញ់ ប្រពាតព្រៃដ៏ធំមួយរបស់ក្សត្រខ្មែរ ព្រះបាទនរោត្តមព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលសន្យាជាមួយខ្ញុំថា បំណងនេះអាចនឹងសម្រេចបាន បើសិនជាខ្ញុំស្ម័គ្រចិត្តចូលរួមក្នុងក្បួនដង្ហែព្រះអង្គយាងទៅកាន់ខេត្តពោធិ៍សាត់ ជាខេត្តមួយជាប់នឹងប្រទេសសៀមដែលបច្ចុប្បន្នមានប្រជារាស្ត្ររស់នៅតិចតួច និងជាទីជម្រកដ៏ធំធេងមួយនៃសត្វម្រឹគគ្រប់ប្រភេទនាភាគខាងត្បូងនៃតំបន់ឥណ្ឌូចិន។

ការចេញដំណើរត្រូវបានលើកពេលចុះឡើងជាច្រើនដងរហូតដល់ទីបំផុតគេបានរកឃើញថ្ងៃជ័យមង្គលមួយដោយកំណត់យកថ្ងៃទី១៧ ខែកុម្ភៈ។ ព្រះរាជានឹងយាងចេញនាពេលរសៀលក្រោយកម្តៅថ្ងៃមានភាពស្រទន់បន្តិចដោយមានការហែហមពីស្រីស្នំក្រមការ កងការពារព្រះអង្គ មន្ត្រីរាជការតូច-ធំនៃព្រះបរមរាជវាំង…។ ព្រះអង្គយាងគង់លើខ្នងដំរីរាជដ៏ធំមួយដែលមានការតុបតែងយ៉ាងប្រណីត ពួកមហេសី ស្រីស្នំទាំងឡាយក៏ជិះដំរីតាមក្រោយជាជួរៗ បន្ទាប់ពីនោះគឺពួកភិលៀង អាមាត្រជាព្រះរាជបរិពារផ្ទាល់ ពួកមន្រ្តីតាមលំដាប់ តាមថ្នាក់ ក្រុមជំនួយការ និងចុងក្រោយបង្អស់ គឺអ្នកបម្រើ ឬពលរាស្ត្រនានាដែលជាអ្នកតាមបម្រើម្ចាស់ខ្លួននីមួយៗ។ ភ្លេងនាំមុខព្រះរាជដំណើរ គឺជាក្រុមភ្លេងម៉ានិល បន្ទាប់ពីនោះ គឺកងសន្តិសុខមួយក្រុមធំ ដោយក្នុងនោះក៏មានពួកហ្វីលីពីនមួយចំនួនផង ហើយចុងក្រោយបង្អស់គឺកងអង្គរក្សរក្សាព្រះអង្គផ្ទាល់។

អ្វីៗទាំងអស់បានរៀបចំរួចរាល់អស់ហើយ។ នៅពីក្រោយក្រុមភ្លេង និងកងអង្គរក្ស ដំរីធំៗ៦ក្បាល តម្រៀបគ្នាជា ២ជួរ បោះជំហានស្រឹបៗធ្ងន់ៗទៅមុខ តាមក្រោយដោយដំរីរាជព្រះរាជា ដំរីព្រះមហេសី ក្សត្រី ស្រីស្នំក្រមការ ព្រះរាជបរិពារ… រួមទាំងមន្ត្រីធំ-តូចនានា ដែលចេញដំណើរ បន្តៗគ្នាទៅតាមឋានៈបុណ្យសក្តិនៃម្ចាស់ដំរីនីមួយៗ។ នៅចុងក្បួនដង្ហែ គេឃើញមានរទេះគោ និងរទេះក្របីជាច្រើនដែលបរជាបន្តបន្ទាប់ដឹកជញ្ជូនចាន ឆ្នាំង ចង្ក្រាន និងវត្ថុនានាសម្រាប់ផ្ទះបាយ រួមមានទាំងតុ តូច-ធំ ថាសមាស-ប្រាក់ និងឧបករណ៍ ផ្សេងៗ ដែលជាវត្ថុប្រើប្រាស់សម្រាប់ព្រះមហាក្សត្រ… ល។ និងល។

ក្បួនដង្ហែដ៏គគ្រឹកគគ្រេងឱឡារិកកាត់ទីក្រុងភ្នំពេញនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជារាស្ត្រទូទៅ និងជាពិសេសគឺពួកអឺរ៉ុបដែលរស់នៅក្នុងរាជធានីហើយដែលមានឱកាសបានឃើញក្បួនដង្ហែព្រះមហាក្សត្រខ្មែរជាលើកទីមួយក្នុងជីវិតខ្លួន។

ខ្ញុំចេញដំណើរនៅពេលព្រឹកព្រលឹមក្រោយព្រះរាជាមួយថ្ងៃ ដោយជិះលើខ្នងដំរីមួយ រីឯចុងភៅ និងអ្នកបកប្រែភាសាឲ្យខ្ញុំ ក៏មានដំរីម្នាក់មួយក្បាលរៀងៗខ្លួនដែរ។ ចំណែកដំរីទីបួនមានផ្ទុកទៅដោយគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ និងចង្ក្រាន ចានឆ្នាំង មួយចំនួនទៀត…។

តាមផ្លូវទៅកាន់ក្រុងឧដ្តុង្គ ខ្ញុំសង្កេតឃើញមានការរៀបចំ និងសំអាតដ៏មានសណ្តាប់ធ្នាប់ពិសេសមួយ។ ស្មៅទាំងឡាយត្រូវបានកាត់តម្រឹម គេចាក់ដីពង្រាបលុបថ្លុក ឬជង្ហុកក្រហេងក្រហូងនានា។ ស្មៅ ឬបន្លាផ្សេងៗដុះតាមដងផ្លូវត្រូវបានគេសំអាតចេញ។ គេដោតបង្គោលជាហូរហែបង្ហាញទិសផ្លូវដែលត្រូវធ្វើដំណើរ ក៏ដូចជាបន្ទះក្តារធំៗមានរូបរាងដូច អណ្តាតភ្លើងបង្ហាញពីចម្ងាយផ្លូវរៀងរាល់ ៤គីឡូម៉ែត្រម្តង ជាព័ត៌មានសម្រាប់ក្បួនដំណើរ។

នៅតាមផ្លូវ ខ្ញុំបានជួបប្រទះជាហូរហែអ្នកដែលធ្វើដំណើរយឺតយ៉ាវតាមក្បួនពុំទាន់ សត្វពាហនៈមួយចំនួនដូចជា សេះ គោ ក្របី ដែលរបួសជើង រទេះគោ ឬក្របី ដែលខូចខាត ឬបាក់ភ្លៅ កូបដំរីដែលទើបធ្វើឡើងថ្មីៗលាបពណ៌ស្រស់ៗដោយប្រញាប់ប្រញាល់ហើយខូចខាតរប៉ាត់រប៉ាយ និងអ្នកដំណើរដែលអស់កម្លាំងហេវហត់ អង្គុយតាមដងផ្លូវក្រោមកំដៅថ្ងៃហែង នៅឆ្ងាយពីក្បួនដែលធ្វើដំណើរទៅមុខឥតឈប់ និងកន្លែងប្រមូលផ្តុំ ២-៣ សម្រាប់ជួសជុលរទេះ ឬ យានជំនិះនានាដែលខូចខាត។ កងសេនាកម្ពុជាស្ថិតក្នុងសម្លៀកបំពាក់បែបពួកទាហានអឺរ៉ុបមានកាន់កាំភ្លើងវែង និងពាក់ស្បែកជើងទាហានក្រាស់ៗមិនមែនជាទម្លាប់របស់ពួកគេ ហេតុនេះពួកគេមិនអាចដើរតាមទាន់ហ្វូងដំរីឡើយ ម្ល៉ោះហើយពួកគេក៏អង្គុយជុំគ្នាបែបព្រងើយសម្រាកយកកម្លាំងតាមដងផ្លូវជាហូរហែ។ ពួកសេនាទាំងនោះ អ្នកខ្លះសូមគេដោយសារជិះលើរទេះគោ ឬក្របីដែលពុំសូវមានមនុស្ស តែមានអីវ៉ាន់ពោរពេញ។ ដូច្នេះហើយ នៅលើរទេះមួយចំនួនធំ គេឃើញមានការលាយឡំច្របូកច្របល់គ្នានូវគ្រឿងឧបភោគបរិភោគផង ផ្លែឈើផង លាយជាមួយស្បែកជើងទាហានក្រាស់ៗឃ្មឹក កាំភ្លើងវែងខ្លី គ្រាប់កាំភ្លើង ឬអាវុធការពារនានា…។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម