Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នៅចំពោះមុខ គណៈកម្មការទី៣ ដែលមានលោក ឡូយ សុផាត ជាប្រធាន និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមក្រសួងកសិកម្ម និងជាតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំអន្តរគណៈកម្មការនៃរដ្ឋសភានាថ្ងៃនេះ ដើម្បីស្នើសុំពិនិត្យ និងអនុម័ត។

លោក វេង សាខុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលក្រសួងបានខិតខំកសាងឡើងដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ ក្នុងបំណងចាំបាច់មួយ គឺរៀបចំចងក្រងឯកសារគតិយុត្តពេញលេញមួយ និងមានអំណាចគ្រប់គ្រាន់លើវិសាលភាពនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងទប់ស្កាត់រាល់លំហូរកសិផល និងរុក្ខជាតិ ដែលអាចមានសមាសភាពសត្វល្អិតចង្រៃ និងសារធាតុគីមី និងថ្នាំសម្លាប់សត្វ ចូលមកកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា សេចក្តីព្រាងច្បាប់នេះគឺធានាដល់ការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យលើកសិផលទាំងនាំចេញ និងនាំចូល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍សំខាន់ៗដូចជា គ្រប់គ្រង ការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ។ គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។ ជាឧបករណ៍បទដ្ឋានគតិយុត្តក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាតត្បាត និងការបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ។ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ប្រកបដោយភាតរបរិស្ថាន និរន្តរភាព និងប្រព័ន្ធក្សេត្របរិស្ថាន។ រក្សាអធិបតេយ្យភាព និងសន្តិសុខភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិត ផលកសិកម្មគ្រប់ប្រភេទដែលអាចមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណ: ទប់ស្កាត់ការនាំចូល ឬការផ្ទុះនូវប្រភេទសមាសភាពចង្រៃរាតត្បាត។ បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដាភូតគាមអនាម័យ ឱ្យមានសង្គតិភាពនឹងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ាននិងផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានជម្រាបជូនអង្គប្រជុំ អំពីប្រវត្តិនៃការរៀបចំសេចក្តីព្រាងច្បាប់នេះថា ដោយចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ ដែលកម្ពុជាត្រូវបានទទួលស្គាល់ជារដ្ឋភាគីភ្ជាប់កាតព្វកិច្ចជាមួយអនុសញ្ញាអន្ដរជាតិ ស្តីពី “ការការពាររុក្ខជាតិ” ដែលមានសមាជិកភាគីសរុប ១៣៩ រដ្ឋ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ការងារត្រួតពិនិត្យភូតគាមអនាម័យ ត្រូវបានចាប់ផ្តើមដំណើរការក្រោមវិសាលភាពនៃអនុក្រឹត្យលេខ ៩៨ អនក្រ. ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៨៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលរុក្ខជាតិនាំចេញ និងនាំចូល”។ នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងក្នុងឆ្នាំ២០០៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការងារភូតគាមអនាម័យ ត្រូវបានពង្រឹងបន្ថែមដើម្បីត្រួតពិនិត្យទំនិញជារុក្ខជាតិ ផលិតផលរុក្ខជាតិ ដោយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពី “ការត្រួតពិនិត្យភូតគាមអនាម័យ” ទុកជាឧបករណ៍គតិយុត្តឆ្លើយតបតាមលក្ខខណ្ឌតម្រូវរបស់អង្គការ WTO។ ក្នុងការអនុវត្ត អនុក្រឹត្យលេខ១៥ នេះ មានបទប្បញ្ញត្តិមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់ជាយន្តការគាំទ្រ នីតិវិធី និងដំណើរការឱ្យបានសមស្របតាមលក្ខខណ្ឌតម្រូវដោយអនុសញ្ញាអន្តរជាតិស្តីពី “ការការពាររុក្ខជាតិ” និងកិច្ចព្រមព្រៀងស្តីពី “អនាម័យ និងភូតគាមអនាម័យ” នៃអង្គការ WTO ហើយក៏នៅមិនទាន់បានឆ្លើយតបតាមគោលការណ៍សមាហរណកម្មតំបន់ និងសកលក្នុងលក្ខខណ្ឌការងារភូតគាមអនាម័យ។ ម្យ៉ាងទៀត ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃអង្គការ WTO ក៏ដូចជាការបំពេញតួនាទីជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្ដីពី “ការការពាររុក្ខជាតិ” កម្ពុជាចាំបាច់ត្រូវមានច្បាប់ ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ដើម្បីជំនួសឱ្យអនុក្រឹត្យលេខ១៥។ 

គួរបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់ ដោយទទួលបានធាតុចូលជាពុទ្ធិសម្រាប់ជាមូលដ្ឋានគ្រឹះ ទ្រទ្រង់លើខ្លឹមសារបច្ចេកទេសនៃច្បាប់ ពាក្យពេចន៍ ឃ្លាប្រយោគ និងទម្រង់ ពីសាធារណៈ កិច្ចប្រជុំបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី ដែលរួមមាន ១៥ ជំពូក និង ១១៣ មាត្រា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម