ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ប្រជុំលើកអាទិភាពសកម្មភាពការងារបន្ត
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួនរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងអនុប្រធានសមាជិក សមាជិកា នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនៈភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក ក៏ដូចជាដើម្បីកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងដើម្បីជាការជួបជុំគ្នាពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានប្រសាសន៏ថា ស្នាដៃ និងសមិទ្ធផលរបស់ក្រុមគ្រួសារ ស.ស.យ.ក. ដែលសម្រេចបាននាពេលកន្លងមក បានឆ្លុះបញ្ចាំងតាមផ្នែកសំខាន់ៗរួមមាន៖ ការរៀបចំរចនាសម្ព័ន្ធចាត់តាំង និងការកសាងស.ស.យ.ក. ការការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម ការលើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកកិត្តិនាមកម្ពុជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍសមត្ថភាពយុវជន ការចូលរួមសកម្មភាពសង្គម ការលើកកម្ពស់សុខភាព និងវិស័យកីឡា ការជំរុញកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ យុទ្ធនាការពលរដ្ឋល្អ និង កិច្ចការផ្សព្វផ្សាយ និងសាធារណៈមតិ។
ឯកឧត្តម បានបង្ហាញទៀតថា ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដែលតំណាងឲ្យ ស.ស.យ.ក. រាជធានី-ខេត្ត វិស័យ-ក្រសួង-ស្ថាប័ន ក៏ដូចជាអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល បានចូលរួមលើកជាសំណួរ ស្នើសុំយោបល់ និងចែករំលែកពីបទពិសោធន៍ការងារ គណៈកម្មការរៀបចំកិច្ចប្រជុំ បានធ្វើការបែងចែកអង្គប្រជុំជាក្រុមពិភាក្សាចំនួន៣ ដែលកិច្ចពិភាក្សាតាមក្រុមនោះ ត្រូវបានដឹកនាំដោយអនុប្រធានស.ស.យ.ក. មួយរូបជាប្រធានដឹកនាំកិច្ចប្រជុំ និងផ្តោតលើប្រធានបទធំៗចំនួន០៣ រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក. ថ្នាក់ឃុំ សង្កាត់ ការកៀរគរយុវជនចូលរួម ស.ស.យ.ក. យុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព។
ប្រធានបទនៃកិច្ចពិភាក្សាដែលបានកំណត់ខាងលើនេះ សុទ្ធសឹងតែជាប្រធានបទសំខាន់ៗ ដែលឆ្លើយតបទៅនឹងសកម្មភាពកន្លងមកដែល ស.ស.យ.ក.បាន និងកំពុងបំពេញយ៉ាងសកម្ម និងឆ្លុះបញ្ចាំងពីការងារអាទិភាពស្របតាមចក្ខុវិស័យរបស់ស្ថាប័ន ដើម្បីបន្តបេសកកម្មចូលរួមក្នុងដំណើរការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។លទ្ធផលនៃកិច្ចប្រជុំបានគូសបញ្ជាក់យ៉ាងច្បាស់ថា ស.ស.យ.ក. បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ពីគ្រប់មជ្ឍដ្ឋានទាំងវិស័យសាធារណៈ និងឯកជន ជាពិសេសលើតួនាទីដ៏សំខាន់ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈភាពជាដៃគូសហការយ៉ាងសកម្មជាមួយថ្នាក់នាំ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធក្នុងថ្នាក់មូលដ្ឋាន ។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ថា គិតត្រឹមឆ្នាំ២០២១ រចនាសម្ព័ន្ធ ស.ស.យ.ក. នៅថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ វិស័យ និងសមាជិកអង្គនីតិបុគ្គលរបស់ ស.ស.យ.ក. បានរីកធំធាត់គួរឱ្យកត់សម្គាល់ ដោយសមាជិកសរុបមានចំនួន ១៨០,៥៨១ នាក់ (ស្ត្រីស្មើនឹង៤២% នៃសមាជិកសរុប)។
ក្រៅពីលទ្ធផលខាងលើ យោងតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជំពូក៤ ប្រការ៥ និង១៦ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល បានសម្រេចធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការកណ្តាលចំនួន ០៩រូបបន្ថែម ហើយសមាសភាពចំនួន ០៣រូប ក្នុងចំណោមនោះរួមមាន៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព បានទទួលការគាំទ្រជ្រើសតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក.។
ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនាពេលនេះ ក៏បានឈានទៅដល់ការឯកភាពរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដោយមហាសន្និបាតនោះនឹងមាននូវការរៀបចំជាគណៈកម្មការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបំពេញបន្ថែមនូវតួនាទីប្រធានកិត្តិយស ក៏ដូចជាដើម្បីបើកផ្លូវឲ្យមានការតែងតាំងសមាជិកគណៈកម្មាធិការកណ្តាលឲ្យមានភាពទូលំទូលាយ និងកាន់តែល្អប្រសើរ។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៩ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលកិច្ចប្រជុំបែបនេះ ជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។
ដោយឡែកក្នុងឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក៏សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនោះបានអនុញ្ញាតឱ្យសមាជិក សមាជិកាអាចបន្តធ្វើការប្រជុំ ពិភាក្សា និងដឹកនាំការងាររបស់ ស.ស.យ.ក. ដោយសុវត្ថិភាពផងដែរ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ