Connect with us

វប្បធម៌ ជំនឿ

ជិតចូលឆ្នាំហើយ មកដឹងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

បានផុស

នៅ

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនៀមពីបុរាណរៀងរហូតមក រណ្តាប់ទទួលទេវតា ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម បុរិន្ទ លើកឡើងថា យើងត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្វាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាត ២ កែវ។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ  រូបនេះបញ្ជាក់ថា ផ្លែឈើ ១១ មុខ ហៅថារាជាជោគ គឺតំណាងឱ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ។ ក្រាលសំពត់ពណ៌សក៏បានខៀវខ្ចី ក៏បានតាមអម្ពររបស់ទេពធីតា។ ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស នឹងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

លោក អ៊ឹម បុរិន្ទ លើកឡើងបន្តថា ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ រូបនេះ បញ្ជាប់បន្ថែមថា លុះរៀបចំរណ្ដាប់ទទួលទេវតារួចស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីលហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៨ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម