Connect with us

ព័ត៌មានជាតិ

កម្ពុជា និង​​ហ្វ្រង់កូហ្វូនី​​ ចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម​​

បានផុស

នៅ

ក្នុងក្របខ័ណ្ឌ ​នៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី នៅព្រឹក​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ ២០២២នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី​​ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushi​ki​wabo)​ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានអញ្ជើញធ្វើជាអធិប​តីក្នុងពិធីបើក នៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូង នៅអាស៊ីអាគ្នេយ៍ (MECA) និងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។​

លោកស្រី ​Louise Mushikiwabo​ ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅក្នុងអំឡុងពេល នៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូល​ជួបសម្តែងការគួរសមជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ​លោកស្រី​ ក៏នឹងចូលរួមជាអធិបតី ជាមួយ​លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្រ្តីកម្ពុជា។

បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូង នៅអាស៊ីអាគ្នេយ៍នេះ ដែល​សហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មី រវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ផង នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួន៣ រួមមាន៖ វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង ១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូន ជិត ​៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។

នៅក្នុងអំឡុងពេលស្នាក់ នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់កម្រងផ្កា នៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូប ក្នុងចំណោមបិតាស្ថាបនិកនៃអង្គការ OIF៕

អត្ថបទ៖ កោះកែវ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម