ព័ត៌មានជាតិ
ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ ៣០០០ ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី ៩
ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ ៣ ពាន់ ដុល្លារដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួនក្នុងដំណោះស្រាយវេជ្ជសាស្ត្រឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។
កម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គម ដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន១៧ ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗនៃទេពកោសល្យអាជីវកម្មសង្គម។
ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវនេះដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេងសរុបចំនួន២២៤ នាក់ ក្នុងការអភិវឌ្ឍន៍និងចាប់ផ្តើមអាជីវកម្មសង្គមដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៨ ថវិកាចំនួនជាង២៧ពាន់ដុល្លារអាមេរិកត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជយលាភីក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។
ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន៦ ផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៩ ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន១៧ នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។
ក្នុងអំឡុងពេលបីខែ ក្រុមទាំងប្រាំពីរបានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធីផ្សាយផ្ទាល់លើ Smart for Cambodia ដំណោះស្រាយត្រូវបានបង្ហាញដល់ចៅក្រមនៃគណៈវិនិច្ឆ័យ ដែលមានឯកឧត្តមបណ្ឌិត ព្រំ ហួត អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។
អ៊ឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា “យើងពិតជារំភើបក្តុកក្ដួលជាមួយនិងសមិទ្ធិផលដែលសម្រេចបាន ដោយត្រូវបានជ្រើសរើសជាជយលាភីកម្មវិធី SmartSpark ជំនាន់ទី៩។ យើងទទួលបានបទពិសោធន៍ទាក់ទង និងយុទ្ធសាស្ត្រអាជីវកម្មថ្មី របៀបធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងពីអ្នកណែនាំ (mentor) ដែលជាអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។ បន្ទាប់ពីជ័យជំនះនេះ គម្រោងនាពេលខាងមុខរបស់យើង គឺរៀបចំសិក្ខាសាលា និងយុទ្ធនាការបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទីផ្សារឲ្យកាន់តែច្រើន ខណៈពេលដែលកំពុងបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់យើង ដើម្បីនាំយកកម្មវិធីនេះទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ”។
លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha មានប្រសាសន៍ថា “ចៅក្រមទាំងអស់ពិតជាស្ងើចសរសើរចំពោះភាពច្នៃប្រឌិត ការងារជាក្រុម និងភាពក្លាហានរបស់ក្រុមនីមួយៗក្នុងការបង្ហាញដំណោះស្រាយរបស់ពួកគេ។ ក្រុមមួយចំនួនបានផ្តល់ដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាអាជីវកម្មជាក់ស្ដែង ខណៈដែលក្រុមខ្លះបង្ហាញដំណោះស្រាយដែលអាចសម្រេចបានចំពោះទីផ្សារផ្ទាល់។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តរចនាគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នាឲ្យកាន់តែច្បាស់ បន្តធ្វើការលើដំណោះស្រាយ ហើយកុំបោះបង់ ! ពិភពលោកត្រូវការដំណោះស្រាយដែលមានឥទ្ធិពលរបស់អ្នកទាំងអស់គ្នា”។
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “ការបានឃើញលទ្ធផលពីវគ្គផ្តាច់ព្រ័ត្រនៃរដូវកាដ៏ជោគជ័យមួយទៀតរបស់កម្មវិធី SmartSpark គឺពិតជាអស្ចារ្យណាស់។ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ យើងបានឃើញសមិទ្ធផលដ៏អស្ចារ្យរបស់សហគ្រិនដែលបានផុសចេញពីកម្មវិធីនេះ។ កម្មវិធីនេះគួរជាទីលើកទឹកចិត្តយ៉ាងខ្លាំង ដែលឃើញការបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពជាសហគ្រិនប្រកបដោយភាពច្នៃប្រឌិតកើតឡើង ហើយយើងដឹងច្បាស់ថាបុគ្គលទាំងអស់នេះ ដែលបំផុសគំនិតទាំងនេះនឹងក្លាយជាអ្នកត្រួសត្រាយក្នុងវិស័យដ៏អស្ចារ្យនេះនៅកម្ពុជា។ ខណៈពេលដែលកម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគលើសហគ្រិនក្នុងស្រុក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់មូលនិធិនានា ដែលយើងមាន”។
ក្រុមទាំងប្រាំពីរនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លឹបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រ ដូចជា៖ ការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំនៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។
ក្រុមចំនួន៦ ទៀតមាន៖
• KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអុីនធើណែតដែលបង្កើតឡើងដើម្បីសម្រួលដល់ ម៉ាក់ប៉ាទាំងឡាយដែលមានបំណងចង់សន្សំថវិកា និង ស្វែងរកតម្រូវកាពីឥវ៉ាន់កូនៗដែល ឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និង កាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។
• Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាផ្លាស្ទិច និងសម្ភារៈមិនអាចប្រើប្រាស់បានតទៅទៀតដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។
• Krodas Chnai គឺជាគម្រោងដែលបង្កើតឡើងដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មីជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។
• MeaKea គឺជាកម្មវិធីទូរស័ព្ទចល័តដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេលឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។
• Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនៅក្នុងទីតាំងអប់រំក្នុងស្រុក។
• ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។
រង់ចាំឱកាសដ៏រំភើបបន្ថែមទៀតដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom Penh ឬ Smart for Cambodia៕
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?