ព័ត៌មានជាតិ
ស្ថាប័នព័ត៌មានជប៉ុនដ៏ធំមួយផ្តល់ពានរង្វាន់ដល់ប្រព័ន្ធទូទាត់បាគងជាផលិតផល និងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១
ព័ត៌មានNikkei Asia ជាស្ថាប័នព័ត៌មានដ៏ធំមួយនៅលើពិភពលោក ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបង្កើតឡើងនៅប្រទេសជប៉ុនតាំងពីឆ្នាំ១៨៧៦ បានផ្តល់ពានរង្វាន់ដល់ប្រព័ន្ធទូទាត់បាគងដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាជា ផលិតផលនិងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ការផ្តល់ដល់ប្រព័ន្ធទូទាត់បាគងនេះត្រូវបានធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បើតាមស្ថាប័នព័ត៌មាន Nikkei Asia បានបញ្ជាក់ថា ការសម្រេចផ្តល់ពានរង្វាន់នេះដល់ប្រព័ន្ធទូទាត់ បាគង គឺ ដោយសារពិនិត្យឃើញពីអត្ថប្រយោជន៍ និងនវានុវត្តន៍ថ្មីរបស់ប្រព័ន្ធបាគងដែលធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២០កន្លងមក។

ប្រព័ន្ធបាគងជាប្រព័ន្ធទូទាត់របស់ធនាគារកណ្តាល ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនមុនគេបង្អស់នៅលើពិភពលោក
ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ក្នុងប្រតិបត្តិការទូទៅ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈកម្មវិធីធនាគារនៅលើទូរស័ព្ទដៃ ដោយទទួលបានប្រាក់ភ្លាមៗ ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងតម្លៃសមរម្យ។ ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាទូទាត់តាមប្រព័ន្ធបាគងបានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ដល់ប្រមាណ ៨ លាននាក់ស្មើប្រមាណ ៨០% នៃប្រជាជនពេញវ័យសរុប។

យោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២១កន្លងទៅ ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធទូទាត់បាគងមានប្រមាណ ២,៥ ទ្រីលានរៀល និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានប្រមាណ ៣ប៊ីលានដុល្លារអាមេរិក។
ចាប់ពីឆ្នាំ២០២០មក ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់ រួមមាន ពានរង្វាន់ទេសាភិបាលឆ្នើមប្រចាំឆ្នាំ២០២១ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ពីទស្សនាវត្តី ហិរញ្ញវត្ថុ The Banker, ពានរង្វាន់និយ័តករឆ្នើមលើការបំពេញមុខងារ-ភារកិច្ចពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងពានរង្វាន់នាពេលនេះពីភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei Asiaសម្រាប់ប្រព័ន្ធបាគង ក្នុងនាមជាផលិតផល និងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១។

លោកស្រី ជា សិរី ដែលជាអ្នកផ្តួចផ្តើមគំនិត និងដឹកនាំការបង្កើតប្រព័ន្ធបាគងនេះក៏ត្រូវបានស្ថាប័នជំនាញផ្នែកវិភាគ និងរាយការណ៍ព័ត៌មានអំពីរូបិយប័ណ្ណឌីជីថលCoinDesk ដាក់បញ្ចូល ក្នុងបញ្ជីបុគ្គលមានភាពច្នៃប្រឌិតខ្ពស់បំផុត៥០រូប
លើពិភពលោកប្រចាំឆ្នាំ២០២១ ផងដែរ។ សមិទ្ធផលដែលសម្រេចបានទាំងនេះកើតឡើងពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ និងជាពិសេសគុណសម្បត្តិពីសុខសន្តិភាព និងស្ថិរភាពនយោបាយ នៅកម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ វែង ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា នាពេលកន្លងមកធនាគារជាតិនៃកម្ពុជាបានគិតគូពីប្រសិទ្ធភាពនិងភាពធន់នៃប្រព័ន្ធទូទាត់របស់កម្ពុជា
ស្របតាមនិន្នាការតំបន់តាមរយៈការបង្កើតទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ដោយប្រើប្រាស់រូបិយវត្ថុជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ។
ជាក់ស្តែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក ប្រជាជនកម្ពុជាអាចទូទាត់ដោយផ្ទាល់តាមរយៈឃ្យូអរកូត (QR Code) នៅប្រទេសថៃ ហើយចាប់ពីខែសីហា ឆ្នាំ២០២១មក អាចទូទាត់និងផ្ទេរប្រាក់នៅប្រទេសម៉ាឡេស៊ី តាមរយៈ ប្រព័ន្ធបាគង
ដែលបានសម្រួលដល់ទេសចរនិងពលករខ្មែរក្នុងការទូទាត់និងផ្ទេរប្រាក់នៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ
ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្រួលរាល់ការទូទាត់តាមកាតធនាគារនៅក្នុងប្រព័ន្ធទូទាត់ក្នុងស្រុកទន្ទឹមគ្នានឹងការប្រើប្រាស់ វីសា ឬម៉ាស្ទើកាត។

ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងការទូទាត់ជារូបិយវត្ថុជាតិ និងការទូទាត់ទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់ភាពម្ចាស់ឯករាជ្យភាពនិងភាពធន់នៃប្រព័ន្ធទូទាត់ កម្ពុជាក៏ដូចជាកាត់បន្ថយការពឹងផ្អែកជ្រុលលើប្រព័ន្ធទូទាត់អន្តរជាតិ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីប្រើប្រាស់ប្រព័ន្ធបាគងសម្រាប់
សម្រួលដល់ការផ្ទេរប្រាក់ឧបត្ថម្ភនានារបស់រាជរដ្ឋាភិបាលជួយដល់ប្រជាជនងាយរងគ្រោះផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ