សុខភាព
តើអ្វីជាភាពខុសគ្នារវាង «បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត» ដែលតែងតែមានការយល់ច្រឡំ?
អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តលើកឡើងថា បញ្ហាផ្លូវចិត្ត មិនមែនជាជំងឺផ្លូវចិត្តនោះទេ។ ក៏ប៉ុន្តែបុគ្គលគ្រប់រូប មិនមែនសុទ្ធតែអាចកើតមានជំងឺផ្លូវចិត្តនោះទេ ពោលគឺវាខុសគ្នាពីបញ្ហាផ្លូវចិត្ត ដែលមនុស្សយើងភាគច្រើនតែងតែជួបប្រទះ ត្បិតវាជាផ្នែកមួយនៃជីវិត។
លោក ពេជ្រ ពុធ អ្នកជំនាញចិត្តសាស្ត្រផ្នែកគ្លីនិក និងប្រឹក្សាយោបល់ប្រចាំអង្គការក្រៅរដ្ឋាភិបាលមួយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បញ្ហាផ្លូវចិត្ត គឺសំដៅទៅលើកម្រិតស្រាលនៃបញ្ហា។ ឧទាហរណ៍៖ ភាពតានតឹងចិត្ត (ស្ត្រេស) ការព្រួយបារម្ភ ការភ័យខ្លាច ការខកចិត្ត ការអន់ចិត្ត ការខឹង មិនសប្បាយចិត្ត និងការធ្លាក់ទឹកចិត្ត។ លោកបន្ថែមថា បុគ្គលគ្រប់រូប ទោះបីជាស្ថិតនៅក្នុងកម្រិតជីវភាពបែបណាក៏ដោយ គឺតែងតែធ្លាប់ ឬកើតមានបញ្ហាផ្លូវចិត្តនេះជៀសមិនផុត។
លោកពន្យល់បញ្ជាក់យ៉ាងដូច្នេះថា «គេអាចសម្គាល់មនុស្ស ដែលមានបញ្ហាផ្លូវចិត្តតាមរយៈការមានបញ្ហា ក្នុងការសម្របខ្លួនជាមួយស្ថានភាពពិបាកលៃលក ដោះស្រាយជាមួយភាពតានតឹងប្រចាំថ្ងៃ ក៏ដូចជាបញ្ហាក្នុងការស់នៅ ពោលគឺពិបាកក្នុងការគ្រប់គ្រងចិត្ត និងអារម្មណ៍របស់ខ្លួន។ មានបញ្ហាក្នុងការបំពេញមុខងារប្រចាំថ្ងៃ ពោលគឺការបំពេញមុខងារប្រចាំថ្ងៃរបស់ខ្លួនអាចមានការថយចុះ ឬកើនឡើងខុសពីធម្មតា។ មានបញ្ហាក្នុងក្នុងការទំនាក់ទំនង ជាមួយ ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង ការទំនាក់ទំនងក្នុងសង្គម ព្រមទាំងសហគមន៍ ដែលគេរស់នៅជាដើម»។
ងាកមកជំងឺផ្លូវចិត្តវិញ ត្រូវបានអ្នកជំនាញរូបនេះពន្យល់ថា សំដៅទៅលើកម្រិតមួយជាក់លាក់ចាប់ពីមធ្យមទៅធ្ងន់នៃស្ថានភាពផ្លូវចិត្ត។ ឧទាហរណ៍៖ ជំងឺចិត្តវិកល ជំងឺបៃប៉ូឡា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភជាដើម។ លោកបន្ថែមទៀតថា បុគ្គលគ្រប់រូប មិនមែនសុទ្ធតែអាចកើតមានជំងឺផ្លូវចិត្តនោះទេ។
លោកបកស្រាយយ៉ាងដូច្នេះថា «តាមសមាគមអ្នកចិត្តវិទូអាមេរិកាំង ជំងឺផ្លូវចិត្ត គឺជាស្ថានភាពសុខភាព ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអារម្មណ៍ ការគិត ឬអាកប្បកិរិយា ឬការរួមផ្សំគ្នាទាំងអស់។ ជំងឺផ្លូវចិត្ត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធុញថប់ ឬបញ្ហាក្នុងការបំពេញមុខងារ នៅក្នុងសង្គម ការងារ ឬសកម្មភាពគ្រួសារ»។
ក្រៅពីការលើកឡើងខាងលើ យើងក៏អាចសម្គាល់បុគ្គល ដែលមានជំងឺផ្លូវចិត្តបាន ដោយពិនិត្យមើល ៣ចំណុចធំៗ គឺទីមួយ. ផ្លាស់ប្ដូរការគិត អារម្មណ៍ ការចងចាំ ប្រត្យក្សារម្មណ៍ ការវិន្និច្ឆ័យ ការនិយាយ និងអាកប្បកិរិយា ដែលសម្ដែងចេញមក ខុសប្លែកពីបទដ្ឋានសហគមន៍។ ទីពីរ. ផ្លាស់ប្ដូរអាកប្បកកិរិយា ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ និងឈឺចាប់ចំពោះខ្លួនឯង និងអ្នកដ៏ទៃ។ និងទីបី. មានការរំខានសកម្មភាពប្រចាំថ្ងៃ ការងារ និងទំនាក់ទំនងរបស់គេជាមួយអ្នកដ៏ទៃ។
អង្គការសុខភាពពិភពលោក កំណត់និយមន័យសុខភាពផ្លូវចិត្តថា ជាស្ថានភាពសុខុមាលភាព ដែលបុគ្គលម្នាក់ដឹងពីសមត្ថភាពរបស់ខ្លួន អាចដោះស្រាយជាមួយនឹងភាពតានតឹងចិត្តធម្មតានៅក្នុងជីវិតបាន អាចធ្វើការងារទទួលបានលទ្ធផលល្អ និងអាចចូលរួមចំណែកដល់សហគមន៍របស់ពួកគេ។
គួរបញ្ជាក់ សេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន បានកើនឡើងពី ៦៧កន្លែងនៅឆ្នាំ ២០១០ ដល់ ៤៥៤កន្លែងនៅក្នុងឆ្នាំ ២០២០។ ក្នុងនោះ មាននៅមន្ទីរពេទ្យជាតិ ២ន្លែង មន្ទីរពេទ្យរាជធានីខេត្ត ២៥កន្លែង មន្ទីរពេទ្យបង្អែកក្រុងស្រុកខណ្ឌចំនួន ៧២កន្លែង និងមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។ ក្នុងឆ្នាំ ២០២០កន្លងទៅ មានអ្នកជំងឺផ្លូវចិត្តមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈចំនួន១១០០១៥នាក់ ស្រីចំនួន ៦៤៩២៩នាក់៕
អត្ថបទ៖ លន់ សេនី
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤