Connect with us

វប្បធម៌ ជំនឿ

ទំនាយការកាន់សាស្ត្រាវុធ របស់ទេពធីតាឆ្នាំខាល ដែលអ្នកមិនធ្លាប់ដឹង

បានផុស

នៅ

មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ ឆ្នាំថ្មី នឹងចូលនៅថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាយសាស្ត្រាវុធទេពធីតាឆ្នាំថ្មី មិនមានចែងក្នុងសៀវភៅ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នេះទេ ប៉ុន្តែ លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកស្រាវជ្រាវចងក្រងសៀវភៅ មហាសង្ក្រាន្ត បានឱ្យ “កម្ពុជាថ្មី” ដឹងថា បើនិយាយពីអាវុធរបស់ទេពធីតា ឃើញថា ទេវតាទ្រង់គង់លើខ្នងដំរី ដែលដំរីគឺប្រៀបដូចប្រជាពលរដ្ឋ ជាកម្លាំងរបស់ប្រទេស ឯកង្វេរ (ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី) ដើម្បីតម្រង់ទិសដំរី។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បញ្ជាក់ថា៖ “ដូចយើងឃើញហើយ ហ្មដំរីត្រូវមានកង្វេរដើម្បីបញ្ជាដំរី។ កង្វេរហ្នឹងប្រៀបដូចជាច្បាប់ទម្លាប់ដើម្បីតម្រង់ទិសប្រទេសជាតិ ដែលត្រូវការពង្រឹងច្បាប់ ឱ្យប្រជាពលរដ្ឋដើរផ្លូវល្អ ហើយកាំភ្លើងក៏ជាអាវុធមួយដើម្បីការពារជាតិ ការពារព្រំដែន ការពារទឹកដី អាចថា​នឹងមានការប្រើប្រាស់អាវុធដើម្បីគ្រប់គ្រងប្រទេសជាតិផងដែរ​​។ តែទំនាយនេះ មិនមែនសំដៅលើប្រទេសខ្មែរទេ គឺ ជម្ពូទ្វីប សំដៅពិភពលោក ដូចនេះពិភពលោកអាចប្រើប្រាស់អាវុធច្រើនជាងធម្មតា”។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះលើកឧទាហរណ៍ថា ទេវតាឆ្នាំ ឆ្នាំ២០២១ ព្រហស្តស្ដាំទ្រង់ម្ជុល ហើយក្នុងន័យនេះមិនមែនសំដៅលើ ម្ជុលដេរ ម្ជុលអីទេ ឱ្យតែទាក់ទងនឹងរបស់ស្រួច។ ក្នុងឆ្នាំមុននេះ ការប្រើម្ជុលចាក់ថ្នាំច្រើនអនេក សូម្បីគិតតែនៅប្រទេសកម្ពុជា គឺប្រជាជនចាក់វ៉ាក់សាំងកូវីដ-១៩ បានជាង ១៤ លាននាក់ ដែលមានចាក់រហូតម្នាក់ទៅដល់ ៤ ដង។

លោក អ៊ឹម បុរិន្ទ លើកឧទាហរណ៍បញ្ជាក់បន្តថា៖ “ហើយមានទេវតាសោយលោកហិត កាលជំនាន់នោះ ពេលលោក អាភីស៊ីត កាន់ជានាយករដ្ឋមន្ត្រីថៃ ហើយបក្សប្រឆាំងថៃ បានបូមឈាមបាតុករម្នាក់ ៥ មីលីលីត្រ បានរាប់កាន យកទៅជះលើរបងរដ្ឋសភា របងទីស្ដីការគណរដ្ឋមន្ត្រី របងផ្ទះលោក អាភីស៊ីត ហើយស្រុកខ្មែរយើងកាលហ្នឹងក៏មានជំងឺគ្រុនឈាមច្រើនដែរ។ អ៊ីចឹងបានខ្ញុំចង់និយាយថា ទេវតា ទ្រង់តែងព្រះកាយ និងកាន់អាវុធផ្សេងៗហ្នឹង គឺតំណាងឱ្យការទស្សទាយ នៅឆ្នាំដែលលោកយាងមកហ្នឹង ប៉ុន្តែគ្រាន់ថា អ្នកហោរាសាស្ត្រខ្មែរយើងសព្វថ្ងៃមិនអាចវែកញែកទំនាយហ្នឹងអស់ទេ”។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះបញ្ជាក់ថា អ្វីដែលលោកសរសេរក្នុងសៀវភៅមហាសង្ក្រាន្ត គឺលោកមិនបានបញ្ចេញយោបល់របស់ខ្ញុំថា ស្រុកទេស ឬពិភពលោកនឹងទៅជាណា ដោយយោងតាមបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍ពិភពលោកនោះទេ ​​​គឺសរសេរតាមក្បួនហោរាបុរាណទាំងអស់ ដែលខ្ញុំបានសរសេរចប់តាំងពីមុនមានការផ្ទុះបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនទៅទៀត។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិ​រ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

សូមរង់ចាំអានបន្តអត្ថបទ “តើទេពធីតាទាំង៧អង្គ កាន់សាស្ត្រាវុធ មែន ឬទេ?” ជាបន្តទៀត

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ការចុះបញ្ជីអត្រានុកូលដ្ឋាន ប្ដូរពីចុះបញ្ជីដោយដៃទៅជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ២ ម៉ោង មុន

ព្រះកាយច័ន្ទ ៖ ដល់ពេលហើយដែលត្រូវរួមគ្នាផ្សព្វផ្សាយពីសិល្ប:វប្បធម៌ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម