Connect with us

អត្ថាធិប្បាយ

សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ៖ តើលោក ពូទីន អាចចាត់ទុកថា ជាឧក្រិដ្ឋជនសង្រ្គាម បានដែរឬទេ?

បានផុស

នៅ

លោក ចូ បាយដិន ប្រធានាធិបតីអាមេរិកកាលពីប៉ុន្មានសប្តាហ៍មុន បានហៅលោក ពូទីន ប្រធានា​ធិបតីរុស្ស៊ីថា ជាឧក្រិដ្ឋជនសង្រ្គាម បន្ទាប់ពីលោកបានចេញបញ្ជាបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ រដ្ឋាភិបាលរុស្ស៊ី មិនអាចទទួលយកបានទេចំពោះការចោទប្រកាន់នេះ ហើយបានទាមទារឲ្យលោក ចូ បាយដិន ដកពាក្យនេះវិញ។ តើការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន លោក ពូទីន អាចចាត់ទុកថា ជាឧក្រិដ្ឋជនសង្រ្គាម បានដែរឫទេ? តើអ្វីទៅជាឧក្រិដ្ឋកម្មសង្រ្គាម?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧក្រិដ្ឋកម្ម​សង្គ្រាម បាន​បញ្ញត្តិ​ដោយ​សន្ធិសញ្ញា​ក្រុង​រ៉ូម គឺ​សំដៅ​ដល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប្រឆាំង​នឹង​បុគ្គល ឬ​ទ្រព្យសម្បត្តិ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ឬ​សង្គ្រាម​ ​ដូចជា អំពើ​ឃាតកម្ម ការ​ធ្វើ​ទា​រុណកម្ម អំពើ​អ​មនុស្ស​ធម៌ ការ​ជម្លៀស​ឲ្យ​ធ្វើការ​ដោយ​បង្ខំ ឬ​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត ទៅ​លើ​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង។​ បន្ថែមលើនេះ វា គឺជាអំពើ​ឃាតកម្ម ឬ​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ឈ្លើយ​សឹក​សង្គ្រាម ការ​ចាប់​ជា​ចំណាប់ខ្មាំង ការ​ដកហូត​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​ឯកជន ការ​បំផ្លិចបំផ្លាញ​ទីក្រុង ភូមិ​ប្រជាពលរដ្ឋ​ដែល​មិនមែន​ជា​មូលដ្ឋាន​យោធា​ជាដើម។

តើ​នរណា​ខ្លះ​ដែល​ជា​តួអង្គ​នៃ​ភាគី​បណ្ដឹងក្នុង​សំណុំ​រឿង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម?

យោង​តាម​អនុសញ្ញា​ក្រុង​ហ្សឺណែវ ចុះ​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ១៩៤៩ និងលក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នាថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ១៩៩៨ ​ចំពោះឧក្រិដ្ឋកម្ម​សង្គ្រាមនេះ គឺគ្រប់​ប្រទេស​ទាំងអស់ ទោះ​ជា​សមាជិក​អង្គការសហប្រជាជាតិ ឬ​មិន​មែន​ជា​សមាជិក​អង្គការសហប្រជាជាតិ និងតុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់ពាក្យ​បណ្ដឹង​ក្រោយ​ពេល​ដែល​ប្រទេស​នោះ​ទទួល​រង​នូវអំពើ​មាន​លក្ខណៈ​សាហាវ​ព្រៃផ្សៃ និង​អ​មនុស្ស​ធម៌​ដែល​តែង​កើត​ឡើង​ពិសេស​នៅ​ក្នុង​ពេល​សង្គ្រាមពី​សំណាក់​ប្រទេស​ដទៃ។

តើស្ថាប័នណាខ្លះដែលមានដែនសមត្ថកិច្ចអារកាត់លើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនេះ?

តុលាការយុត្តិធម៌អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជាស្ថាប័នដែល​មាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាមនេះ។

១. តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) គឺ​ជា​អង្គការ​ច្បាប់​ដ៏​សំខាន់​មួយ​របស់​អង្គការ​សហប្រជាជាតិ។ តុលាការ​នេះ ​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ឡាអេ នៃ​ប្រទេស​ហូឡង់ ហើយបាន​ចាប់ផ្ដើម​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួននៅ​ក្នុង​ឆ្នាំ១៩៤៦។ យោង​តាម​ច្បាប់​អន្តរជាតិ គឺតុលាការនេះ អាចដោះស្រាយ​វិវាទ​ខាង​ផ្លូវច្បាប់ដែល​បណ្ដា​ប្រទេស​នានា​បាន​ស្នើ​ឡើង និងដោះស្រាយ​វិវាទ​រវាង​ប្រទេស និង​ប្រទេស។

ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​សមាជិក​នៃ​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌អន្តរជាតិ។ ចំណែក​ឯ​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ក៏​អាច​ចូលរួម​ក្នុង​លក្ខន្តិកៈ​តុលាការយុត្តិធម៌​អន្តរជាតិ​បាន​ដែរ ប្រសិនបើ​មានការ​ស្នើ​ឡើង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ហើយ​នឹង​ត្រូវ​បាន​មហាសន្និបាត​ទទួល​យល់ព្រម។ ចំពោះ​បណ្ដា​ប្រទេសដែល​មិន​ចូលរួម​នៅ​ក្នុង​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌អន្តរជាតិ ​ក៏​អាច​សំណូ​ម​ពរ​ឲ្យ​តុលាការនេះ ជំនុំជម្រះ​វិនិច្ឆ័យ​រឿង​វិវាទ​របស់​ខ្លួន​បាន​ដែរ ប្រសិន​បើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​យល់ព្រម។

នីតិ​វិធី​នៃ​ការ​ប្ដឹង៖ ប្រទេស​ទាំងឡាយ អាច​លើក​យក​បញ្ហា​វិវាទ​ទៅ​ដោះស្រាយ​នៅ​ចំពោះ​មុខ​តុលាការយុត្តិធម៌អន្តរជាតិ​តាម​ការ​សម្របសម្រួល។ នៅក្នុង​ករណី​ភាគី​ម្ខាង​ក្នុង​ជម្លោះ​ដាក់ពាក្យ​បណ្ដឹង តុលាការ​យុត្តិធម៌អន្តរជាតិ​មាន​សមត្ថកិច្ច​ទទួល​ពាក្យបណ្ដឹង​បាន ប្រសិនបើ​ខាង​ភាគី​ចុងចោទ​ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ទទួល​យល់ព្រម​លើ​រឿង​វិវាទ​ទៅ​តុលាការ ឬ​ភាគី​ចុងចោទ​បាន​ទទួលស្គាល់​សិទ្ធិ​យុត្តាធិការ​ចាប់​បង្ខំ​របស់​តុលាការ។ សាលក្រម​របស់​តុលាការយុត្តិធម៌អន្តរជាតិ​មាន​តម្លៃ​ចាប់​បង្ខំ​ចំពោះ​គូរ​វិវាទ ហើយ​គូរ​វិវាទ​មិន​អាច​ប្តឹងឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​បាន​ឡើយ។ ក្រុមប្រឹក្សា​សន្តិសុខ​ នឹង​ចាត់វិធានការ​ជា​ចាំបាច់ ដើម្បី​ចាប់​បង្ខំ​ឲ្យ​អនុវត្ត​តាម​សាលក្រម។

២. ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court – ICC)៖ លក្ខន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ១៩៩៨។ តុលាការ​នេះ ​មាន​យុត្តាធិការ​ពិនិត្យ​មើល​រឿងក្ដី​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ មហា​សន្និបាត​របស់​អង្គការសហប្រជាជាតិ​លេខ ៣០៧៤ (សម័យ​ប្រជុំ​លើក​ទី២) បាន​ប្រកាស​ពីគោលការណ៍​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ ក្នុង​ការស៊ើបអង្កេត ចាប់ខ្លួន ការ​បញ្ជូន​ត្រឡប់​មកវិញ(បត្យាប័ន) និង​ការ​ដាក់​ទោស​ដល់​ជន​ទាំងឡាយ​ណា​ដែល​មាន​កំហុស​ពី​បទ​ឧក្រិដ្ឋ​កម្មសង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ។ នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ ១៩៧៣ មហា​សន្និបាត​អង្គការសហប្រជាជាតិ​បាន ប្រកាស​ជាគោលការណ៍ដូចតទៅ ៖

១/ ឧក្រិដ្ឋកម្ម​​សង្គ្រាម ទោះ​ជា​កើតឡើង​នៅ​ពេលណា ឬ​ទីកន្លែង​ណា​ក៏​ដោយ ត្រូវ​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត តាមដាន ហើយ​ជន​ណា​ដែល​បាន​ប្រព្រឹត្តអំពើ​នេះ ត្រូវ​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត តាមដាន ចាប់ខ្លួន និង​កាត់ទោស។

២/ បណ្ដា​រដ្ឋ​នីមួយៗ​មាន​សិទ្ធិ​កាត់ទោស​ប្រជាពលរដ្ឋ​ខ្លួន ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៃ​សង្គ្រាម

៣/ រដ្ឋ​ទាំងអស់​ត្រូវ​សហការ​ជា​មួយ​គ្នា​ទៅវិញទៅមកលើ​មូលដ្ឋាន​ឯកតោភាគី និង​ពហុភាគី ដើម្បី បញ្ឈប់ និង​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​នៃ​សង្គ្រាម ហើយ​ត្រូវ​ចាត់វិធានការ​ក្នុង​ស្រុក និង​ជា​អន្តរជាតិ​ជា​ចាំបាច់​សម្រាប់​គោលដៅ​នេះ ។

៤/ រដ្ឋ​ទាំងអស់ ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមកនៅ​ក្នុង​ការ​ស៊ើបអង្កេត ចាប់ខ្លួន និង​នាំ​ទៅ​កាត់​ទោស​នូវ

ជន​ទាំងឡាយ​ណា​ដែល​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រភេទ​នេះ និង​ត្រូវ​ដាក់​ទោស​ដល់​ជន ទាំងនេះ ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុស។

៥/ ជន​ប្រឆាំង​ទាំងឡាយ​ដែល​មាន​ភស្តុតាង​ថា ពួកគេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៃ​សង្គ្រាមត្រូវ​បាន​កាត់​ទោស និង​ត្រូវ​ដាក់​ទោស ប្រសិនបើ​ឃើញ​ថា​មាន​កំហុស។

៦/ រដ្ឋ​ទាំងអស់ ​ត្រូវ​សហការ​លើ​បញ្ហា​ការ​ចាប់​បញ្ជូន​មក​វិញនូវ​ជន​ប្រភេទ​នេះ ។

៧/ រដ្ឋ​ទាំងអស់​ត្រូវ​សហការ​ជា​មួយ​គ្នា​ទៅវិញ​ទៅមកក្នុង​ការ​ប្រមែប្រមូល​ព័ត៌មាន និង​ភស្តុតាង​ដែល​ទាក់ទង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ទាំងអស់​ខាងលើ​នេះ។

៨/ យោង​តាម​មាត្រា​ទី ១ នៃ​សេចក្ដីប្រកាស​អំពី​សិទ្ធិ​ជ្រកកោន​លើ​ទឹកដី ចុះ​ថ្ងៃ ទី១៤ ខែ​ធ្នូ ឆ្នាំ ១៩៦៧ រដ្ឋ​ទាំងអស់​មិន​ត្រូវ​ផ្ដល់​ជម្រកដល់​ជនណាមួយដែល​ទាក់ទង​នឹង​ជន​ដែល​មាន​ហេតុ​ផល​ធ្ងន់ធ្ងរ ដើម្បី​ពិចារណា​ថា ជន​នោះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម។

៩/ រដ្ឋ​ទាំងអស់​ មិន​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់​ណាមួយ ឬ​វិធានការ​ផ្សេងៗដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​កាតព្វកិច្ច​ជា​អន្តរជាតិចំពោះ​សកម្មភាព​ស៊ើបអង្កេត ការ​ចាប់ខ្លួន ការ​ធ្វើ​បត្យាប័ន។ ដាក់ទោស​ដល់​ជន​ណា​ដែល​មាន​កំហុស​ពី​បទ​ឧក្រិដ្ឋកម្ម​នៃ​សង្គ្រាម ។

១០/ រដ្ឋទាំងអស់ ត្រូវមានកិច្ច​សហប្រតិបត្តិការ ដើម្បី​ស៊ើបអង្កេត ចាប់ខ្លួន និង​ការ​ធ្វើ​បត្យាប័ននូវ​ជន​ប្រឆាំងដែលមាន​ភស្តុតាង​ថា ជន​នោះ​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្មសង្គ្រាម ប្រសិនបើ​រក​ឃើញ​មាន​កំហុស​ នោះ​នឹង​ទទួល​នូវ​ការ​ដាក់ទោស។ រដ្ឋ​ទាំងអស់ ​ត្រូវ​មានវិធានការ​ស្រប​តាម​ ខ​ នៃ​សន្ធិសញ្ញា​របស់​អង្គការសហប្រជាជាតិ និង​សេចក្ដី​ប្រកាស​ស្ដីពី​គោលការណ៍នៃ​ច្បាប់​អន្តរជាតិ។

តើ​ រដ្ឋ និង ឧក្រិដ្ឋ​ជន​សង្គ្រាម ​នឹង​ត្រូវ​ទទួលទោសយ៉ាង​ដូចម្ដេច​ខ្លះ ?

១- ការ​ផ្ចាញ់​តប ៖ ជា​ធម្មតា​គេ​ឃើញ​មាន​វិធានការ​នេះ កើត​ឡើង​មុន​ពេល​ការ​កាត់ក្ដី​នៅ​ក្នុង​តុលាការ​អន្តរជាតិ ជា​វិធានការ​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ចំណោម​វិធានការ​នានា​នៃ​ច្បាប់​អន្តរជាតិ ។ ការ​ផ្ចាញ់​តប​ គឺ​ជា​មធ្យោបាយ​មួយ ដើម្បី​បង្ខំ​ឲ្យរដ្ឋ ជា​សត្រូវ​ទាំងអស់​ឲ្យ​ប្រតិបត្តិ​តាម​វិធាន​នៃ​ច្បាប់​ស្ដីពី​សង្គ្រាម(The rueso sar) ដែលជារឿយៗ​ជួយ​ធ្វើ​ឲ្យ​រដ្ឋ​មាន​ជម្លោះ ​ប្រតិបត្តិ​តាម​វិធាន​នៃ​ច្បាប់ស្តីពី​សង្គ្រាម។

២- ការ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋ​ជន​សង្គ្រាម ៖ ជន​ណា​ដែល​មាន​កំហុស​ពី​បទ​ឧក្រិដ្ឋកម្ម​​សង្គ្រាម​អាច​ត្រូវ​បាន​ចាប់ខ្លួន និង​ត្រូវ​បាន​កាត់​ទោស។ ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ មាន​ឧក្រិដ្ឋ​ជន​សង្គ្រាម​មួយ​ចំនួន​ត្រូវ​បាន​គេ​ឃុំ​ខ្លួន និង​ជនដែល​គេ​រក​ឃើញ​មាន​កំហុស​ពី​បទ​ឧក្រិដ្ឋ​នៃ​សង្គ្រាម​ត្រូវ​បាន​គេ​កាត់​ទោស។

៣- សំណង ៖ មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​ច្បាប់​ស្ដីពី​សង្គ្រាម​មួយ​ទៀត គឺ​ថា​រដ្ឋ​មាន​ជម្លោះ​មួយ ដែល​រំលោភ​បំពាន​លើ​ច្បាប់​នានា​ដែល​ទាក់ទង​ទៅ​នឹង​សង្គ្រាម អាច​ត្រូវ​បានបង្ខំ​ឲ្យ​បង់សង​សំណង​សម្រាប់​ការ​រំលោភ​បំពាន​នោះ។ មាត្រា៣ នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ នា​ឆ្នាំ១៩០៧ ចែងថា រដ្ឋ​មួយ​ដែល​រំលោភបំពាន​ច្បាប់​នៃ​សង្គ្រាម អាច​ត្រូវ​បាន​គេ​បង្ខំ​ឲ្យបង់សំណង​ចំពោះ​ការ​រំលោភ​បំពាន​នេះ៕

ដោយ ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៤ នាទីutes មុន

ថ្ងៃនេះ ក្រុម​នារីកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី លើក​ទី២ ក្នុង​ប្រវត្តិ​សាស្ត្រ AFF Women’s Cup

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ១២ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម