ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២០ នៅកម្ពុជាមានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ
គិតត្រឹមឆ្នាំ ២០២០ នៅក្នុងប្រទេសកម្ពុជា មានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ ដែលស្មើនឹង២០ពួក។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ជាទូទៅ មូសញីរស់នៅដោយបឺត ជញ្ជក់ឈាមមនុស្ស និងសត្វដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត ចំណែកមូសឈ្មោលបឺតជញ្ជក់ទឹកដមផ្កាជាអាហារ។ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បនត្រូវបានកត់ត្រាថា មានសរុបប្រមាណជាជាង ៣៦០០ប្រភេទ នៅលើ សកលលោក។
ក្រសួងបរិស្ថាន បានឲ្យដឹងបន្តថា ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ ស្មើនឹង ២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។
ប្រភពដដែល បានឲ្យដឹងទៀតថា តាមការវាយតម្លៃ ជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង ១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឲ្យមនុស្សស្លាប់ ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែងពាសពេញពិភពលោក តាមរយៈទង្វើរបស់មនុស្សដូចជាការដឹកជញ្ជូន សកម្មភាពរទេសចរណ៍ ។ល។
ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសកម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ងារបង្ករជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពូកនេះសុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើងដំរី (Elephantiasis)។ ជាក់ស្តែងនៅប្រទេសកម្ពុជាជំងឺគ្រុនឈាមដែលមានមូសខ្លា (Aedes aegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថាជាជំងឺគួរឲ្យកត់សម្គាល់ បំផុតបន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ ១៩៩៥ ដោយធ្វើឲ្យមានអ្នកជំងឺស្លាប់ជាង ៤០០នាក់។
ចំណែកជំងឺគ្រុនចាញ់ ដែលមានភ្នាក់ងារចម្លងជាមូសដែកគោល (ចំនួន៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២០១៧។
បើតាមក្រសួងបរិស្ថានដដែលបានឲ្យដឹងថា នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះ នៃសាកវិទ្យាល័យភូមិន្ធភ្នំពេញ សហការជាមួយវិទ្យាសា្ថនប៉ាស្ទ័របានរកឃើញមូសចំនួន១០ប្រភេទ។ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេពោលគឺប្រមាណ ៨៧% នៃចំនួនសំណាកមូសសរុប ហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxorhynchites splendens (Khin in prep)។ សូបញ្ជាក់ផងដែរថា ប្រភេទមូស Toxorhynchites splendens ត្រូវបានចាត់ទុកថាជាប្រភេទសូចនាករ ក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗ ព្រោះថា ដង្កូវទឹករបស់មូសប្រភេទនេះ ស៊ីដង្កូវទឹករបស់ប្រភេទមូសផ្សេងៗទៀត ហើយមូសប្រភេទនេះ ក៏មិនមានបង្កជំងឺដែរ (Nyamah, 2011)៕
អត្ថបទ និងរូបភាពដោយ៖ លោក ឃិន ច័ន្ទដារ៉ា និងលោក បណ្ឌិត ឈិនសុភា
កែសម្រួលអត្ថបទ ៖ នាយកដ្ឋាន ជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត/ក្រសួងបរិស្ថាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ