នយោបាយ
លោក ញឹក ប៊ុនឆៃថា ការមិនចូលរួមបោះឆ្នោត ឃុំ សង្កាត់ របស់គណបក្សមួយចំនួននោះ មិនមានអ្វីប្លែក
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ មានគណបក្សជាង១០ប៉ុណ្ណោះ បានដាក់បេក្ខភាពចូលរួមប្រកួតប្រជែង លោកហៅការមិនចូលរួមបោះឆ្នោតរបស់បក្សនយោបាយទាំងនោះថា ជារឿងធម្មតា មិនមានអ្វីប្លែក ពីព្រោះអាចមកពីការដាក់បេក្ខភាព ឬលទ្ធភាពនៃការចូលរួម។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់យ៉ាងដូច្នេះថា “នេះមិនមែនជាលើកទី១ទេ ដែលមានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយគណបក្សនយោបាយ ដែលមានឈ្មោះនៅក្នុងបញ្ជីក្រសួងមហាផ្ទៃ ក៏មិនបានចូលរួមទាំងអស់នោះដែរ។ កាលបោះឆ្នោតលើកមុន ក្នុងចំណោមគណបក្សជាង៥០ ចូលរួមបានតែជាង១០គណបក្សប៉ុណ្ណោះ ហើយលើកនេះ ក្នុងចំណោមគណបក្សជាង៤០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចូលរួមបានតែជាង១០ប៉ុណ្ណោះ។ ករណីនេះមិនមានជាបញ្ហាអ្វីប្លែកនោះទេ”។
លោក ញឹក ប៊ុនឆៃ អះអាងថា នេះអាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ ឬមកពីការរៀបចំបេក្ខភាពមិនបាន ពីព្រោះឃើញមានគណបក្សខ្លះ ដាក់បេក្ខភាពបានតិចតួចដែរ ដូច្នេះអាចបណ្ដាលមកពីលទ្ធភាពក៏អាចថាបាន។
បើតាមលោក ញឹក ប៊ុនឆៃ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខភាពដើម្បីចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នេះ បានចំនួន៥៩៩ ឃុំ សង្កាត់។ លោកថា ដំបូងលោកដាក់បាន៦៥០ ឃុំ សង្កាត់ តែដោយសាមានបញ្ហាមួយចំនួនទាក់ទងបេក្ខភាព ក៏ដូចជាបច្ចេកទេស ទើបនៅសល់ប៉ុណ្ណេះ។
ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នេះបានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តធម៌ ត្រឹមត្រូវ ទទួលយកបានទាំងអស់គ្នា លោក ញឹក ប៊ុនឆៃ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តតាមច្បាប់ ស្ដីពីការបោះឆ្នោតឲ្យបានប្រសើរ និងធ្វើយ៉ាងណា ឱ្យបរិយាយកាសនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន កុំឱ្យមានបញ្ហាអ្វីកើតឡើង ឬឧបសគ្គអ្វីមួយកើតឡើង ដើម្បីជៀសវាងការវាយតម្លៃថា បរិយាកាសនៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយមិនល្អ។
ជាមួយគ្នានោះ លោកបានសុំឲ្យអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលចូលរួមបោះឆ្នោត ធ្វើយ៉ាងណាឲ្យពួកគាត់មានសិទ្ធិសេរីភាព ក្នុងការចូលរួមបោះឆ្នោតដោយសេរី ជៀសវាងមានការគំរាមកំហែង និងបំភិតបំភ័យផ្សេងៗ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ ហើយការឃោសនាបោះឆ្នោតនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ